Ad Code

ក្រុមការងារ​ចម្រុះ​ខេត្តកំពង់ឆ្នាំង​ចុះ​ពិនិត្យមើល​ស្ថានភាព​កុមារ​កំព្រា ​និង​ដោះស្រាយ​ទំនាស់​ដី​​​​​

កំពង់ឆ្នាំង​ ៖​ អនុវត្ត​តាម​អនុសាសន៍​របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៥ ក្រុមការងារ​ចម្រុះ​ខេត្ត​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​រួម​ដំណើរ​ដោយ​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​,​ លោក សោម សុជាតា​ប្រធាន​មន្ទីរ​អធិការកិច្ច​ខេត្ត​,​លោក លី សុភា អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា និង​ចុះ​ពិនិត្យ​ដល់​ផ្ទះ​កុមារ​កំព្រា​ទាំង​៥​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំ​រៃ​នៅ​ភូមិ​ពោធិ​អណ្ដែត ឃុំ​កំពង់​ហៅ ស្រុក​កំពង់​លែង ខេត្តកំពង់ឆ្នាំង​។​

​ ​

លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចំរុះ​ខេត្ត​បាន​លើក​ឡើង​ពី​គោល​បំណង​សំខាន់​គឺ​អនុវត្ត​អនុសាសន៍​របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ដើម្បីឲ្យ​ក្រុម​ចម្រុះ​ចុះ​មក​ពិនិត្យមើល​ជាក់ស្តែង​ចំណុច​សំខាន់​មាន​២​គឺ​ ពិនិត្យមើល​ជាក់ស្តែង​អំពី​ស្ថានភាព​រស់នៅ​របស់​កុមារ​កំព្រា​ទាំង​៥​នាក់​ដែល​ត្រូវ​ម្តាយ​ជាប់គុក និង​ឪពុក​រត់ចោល និង​ពិនិត្យមើល​ស្ថាន​ភាព​ទំនាស់​ដី​ភូមិ​រវាង​គ្រួសារ​កុមារ​កំព្រា ជាមួយ​លោកស្រី ធឹ​ម វុ​ធ ដែល​មាន​ទំនាស់​តាំងពី​ឆ្នាំ​២០​០​៣​មក​។​



​លោក មាន់ អ៊ា​ន​លី អភិបាលស្រុក​កំពង់​លែង​បាន​រាយការណ៍​ជូន​អង្គប្រជុំ​ថា​ ​ម្តាយ​កុមារ​កំព្រា​ទាំង​៥​នាក់​នេះ​ឈ្មោះ នៅ ច្រឹប ត្រូវ​បាន​ជាប់ពន្ធ​ធនាគារ​ពី​បទ​ជួញដូរ រយៈពេល​ជិត​៦​ខែ​ហើយ​ក្រោយពី​ប្រពន្ធ​ជាប់ពន្ធ​ធនាគារ​បាន​៣​ខែ​ប្ដី​ក៏បាន​រត់ចោល​កូន​បាត់​ដំណឹង​សូន្យឈឹង កូនៗ​​មាន​ចំនួន​៤​នាក់​ដោយ​បងស្រី​មាន​ប្ដី​។​ កន្លងមក​អាជ្ញាធរ​ស្រុក​អនុ​សាខា​កាកបាទក្រហម​ស្រុក​,​ សស​យក​ស្រុក ​និង​អង្គការ​នានា​បាន​ឧបត្ថម្ភ​អង្ករ និង​ថវិកា​ជាប់​ជាប្រចាំ​ទើបតែ​ពេលនេះ​បងស្រី​កុមារ​ទាំង​៤​នេះ បាន​មក​រស់នៅ​គ្រប់គ្រង​ប្អូន​វិញ​ដោយមាន​ចំណូល​អាច​ចិញ្ចឹម​ប្អូនៗ​បាន​តែ​អាជ្ញាធរ និង​អង្គការ​នៅតែ​យកចិត្តទុកដាក់​ជួយ​ពី​គ្រួសារ​នេះ​គ្រប់ពេលវេលា​។​



ចំពោះ​បញ្ហា​ទំនាស់​ដី​ភូមិ​បាន​កើត​តាំងពី​ឆ្នាំ​២០០៣ លោក​អភិបាលស្រុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ដោះស្រាយ ​និង​សម្របសម្រួល​បាន​២​លើក​ហើយ ឃើញថា ​ភាគី​ទាំង​២​មាន​ទំនោរ​ឈាន​ទៅ​រក​ភាព​ស្រុះស្រួល​គ្នា​អាច​ទទួល​យក​បាន​នៅ​លើក​ទី​៣​ក្នុង​សប្ដាហ៍​ក្រោយនេះ​។​



​អ្នកនាង អ៊ុច ស៊ីណា អាយុ​២១​ឆ្នាំ​មាន​ប្ដី​ឈ្មោះ ហេង រាជ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ក្រោយពី​ម្តាយ​នាង​បាន​ជាប់ពន្ធ​ធនាគារ និង​ឪពុក​រត់ចោល​ប្អូនៗ​នាង​ និង​ប្ដី​បាន​បោះបង់​ការងារ​នៅ​ក្រុងភ្នំពេញ​មក​គ្រប់គ្រង​ប្អូន​ទាំង​៣​នាក់​វិញ​ដោយ​ប្រកប​មុខរបរ​នេសាទ​ត្រី ​ហើយ​ចំណូល​ក្នុង​មួយ​ថ្ងៃ​ជា​មធ្យម​គឺ​ទទួល​បាន​១២.០០០​រៀល​។​ ចំណែក​ប្អូនប្រុស​បន្ទាប់ពី​នាង​ម្នាក់ទៀត​បាន​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​ភ្នំពេញ​ក៏​បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​មួយចំនួន​សម្រាប់​ចិញ្ចឹម​ប្អូនៗ​ឲ្យ​រៀនសូត្រ​ផង​ដែរ​។ អ្នកនាង អ៊ុច ស៊ីណា ក៏បាន​សំណូមពរ​សុំ​ឲ្យ​គណៈកម្មការ​ចម្រុះ​របស់​ខេត្ត​មេត្តា​ជួយ​ដោះស្រាយ​ទំនាស់​ដី​រ៉ាំ​រៃ​ជូន​នាង​ដោយ​យុត្តិធម៌​ផង​។​

​ ​

លោក ម៉ម ឈឿ​ម បាន​សំណូមពរ​ដល់​មន្ទីរ​សង្គម​កិច្ច​ខេត្ត​ត្រូវ​តាមដាន​ជាប្រចាំ​ពី​ជីវភាព​រស់នៅ​របស់​កុមារ​កំព្រា​ទាំងនេះ បើ​ជួប​បញ្ហា​ត្រូវ​រាយការណ៍​ជូន​ឯកឧត្តម​អភិបាលខេត្ត​ឲ្យបាន​ទាន់​ពេល​វេលា​។ ចំពោះ​បញ្ហា​ទំនាស់​ដី​ភូមិ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​លោក ប្រធាន​មន្ទីរ​អធិការកិច្ច​ខេត្ត និង​លោក​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​រក​វិធី​ដោះស្រាយ​សម្របសម្រួល​ឲ្យ​បាន​ជោគជ័យ និង​រាយការណ៍​ជូន​ឯកឧត្តម​អភិបាលខេត្ត​៕


26-10-2015f1



ក្រុមការងារ​ចម្រុះ​ខេត្តកំពង់ឆ្នាំង​ចុះ​ពិនិត្យមើល​ស្ថានភាព​កុមារ​កំព្រា ​និង​ដោះស្រាយ​ទំនាស់​ដី​​​​​

Post a Comment

0 Comments

Close Menu