Ad Code

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ម្នាក់​គ្រឿងញៀន​ព្រមទាំង​យ៉ាម៉ា​៦៨​គ្រាប់​

​បាត់ដំបង ៖ នារី​វ័យក្មេង​ម្នាក់​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៥នៅវេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ត្រង់​ចំណុច​ខាងក្នុង​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខណៈ​ដែល​នារី​រូប​នេះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង។​


​លោក​អនុសេនីយ៍ឯក សូ ឌី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ករណី​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​រួចមក លោក​បាន​ចាត់​កម្លាំង​ចុះទៅ​ចំនុច​ខាងលើ​ព្រមទាំង​បាន​ឃាត់ខ្លួន​នារី​វ័យក្មេង​ម្នាក់​នៅ​នឹង​ផ្ទះ​ជួល​របស់​នាង។​


​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ សមត្ថកិច្ច​បាន​ដកហូត​នូវ​សារធាតុ​ញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៦​៨​គ្រាប់ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​មួយ ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​ពីរ​ដើម ទូរស័ព្ទ​ចំនួន​ពីរ​គ្រឿង​ ម៉ូតូ​ម៉ាក​ឌ្រី​ម​ចំនួន​ពីរ​គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ធំ​ផង​ដែរ។​


​លោក​ប្រធាន​មន្ទីរ​បាន​សង្កត់ធ្ងន់​ថា នារី​រូប​នេះ​កន្លងមក​គឺជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​ជាទីបំផុត​ដែល​សមត្ថកិច្ច​បាន​តា​ម​ដាន​ជា​យូរ​មក​ហើយ ដោយ​គ្រាន់តែ​មិនទាន់​មានឱកាស​ក្នុង​ការ​បង្ក្រាប​តែប៉ុណ្ណោះ បច្ចុប្បន្ន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ខ្លួន​រួម​ទាំង​វត្ថុ​តាង​ទៅ​កាន់​តុលាការ​ហើយ​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕



ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ម្នាក់​គ្រឿងញៀន​ព្រមទាំង​យ៉ាម៉ា​៦៨​គ្រាប់​

Post a Comment

0 Comments

Close Menu