Ad Code

បឺត ខាំ និង​ឡៅ ​ស៊ី​ណាត​ ឡើង​ទៅ​ជួប​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​

*គូ​ បឺត​ ខាំ ​និង​Watcharalek មាន​បញ្ហា​រឿង​អា​ប៊ីត​ ​

*ម៉ឺន ដា​ ឈ្នះ​ឯម ម៉ូ​លី ឯ ​គួ​ន​ សុវណ្ណ​ ឈ្នះ​អ៊ុ​ល រាត្រី​

*ជុន សាវុធ ជា​ម្ចាស់​ពានរង្វាន់​ប្រាក់​លាន​បាយ័ន​

*ផង់ សុភាព​ និង​វី​ សេរី​ចាន់​ឌី​ន​ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

ប្រដាល់ ៖ ទីបំផុត​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ​បឺត ខាំ ក្លិប​សាល​វ័​ន្ត​កីឡា និង​ឡៅ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​បាន​ឡើង​ទៅ​ជួប​គ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​II ទម្ងន់​៦៩​គីឡូក្រាម ដែល​អម​ដោយ​ប្រាក់​រង្វាន់​ចំនួន​៥.០០០​ដុល្លារ​នោះ។ ចំណែក​អ្នក​ប្រដាល់​ថៃ​២​រូប​គឺ Watcharalek OR. Kwanmueng និង​Klakhunserk Chompea Tour បាន​ធ្លាក់​ទៅ​ជួប​គ្នា ដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣។​


ក្នុង​ការប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នា​យប់​ថ្ងៃអាទិត្យ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥​នេះ បឺត ខាំ បាន​វាយ​ឈ្នះ Watcharalek ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ។ ក្នុងចំណោម​ចៅក្រម​៥​រូប មាន​៣​រូប​បាន​ឲ្យ ​បឺត ខាំ​ ឈ្នះ​ក្នុង​ពិន្ទុ​៩៨​ទល់​៩៧​ដូចគ្នា គឺ​មាន​លោក ធី ណា​រិ​ទ្ធ លោក​ ហង់ ស៊ឺន ​និង​លោក​ ធន់ សុភា ហើយ​ចៅក្រម​២​រូប​ដែល​ឲ្យ Watcharalek ឈ្នះ​ក្នុង​ពិន្ទុ​៩៨​ទល់​៩៧​ដែរ​នោះ គឺ​លោក អ៊ូ សាធ និង​លោក​ ឈឿ​ម ឆៃ។​

យ៉ាងណា​នៅ​ក្នុង​ការប្រកួត​គូ​នេះ គឺ​មាន​បញ្ហា​ចម្រូងចម្រាស ​និង​ថ្នាំងថ្នាក់​កើតឡើង​ពី​សំណាក់​កីឡាករ​ថៃ Watcharalek និង​អ្នកទស្សនា ដែល​ខឹងសំបារ​ចំពោះ​អាជ្ញាកណ្ដាល​លោក ទេព ស៊ី​វុត្ថា ដែល​កាត់ក្ដី​មិន​ត្រឹមត្រូវ នាំ​ឲ្យ​អ្នក​ប្រដាល់​ថៃ Watcharalek ដោះ​ស្រោមដៃ​ដើរ​ចេញពី​សង្វៀន និង​មាន​អ្នកទស្សនា​មួយ​ចំនួន​បាន​ចោល​ដប​ទឹក​សុទ្ធ​មក​លើ​រេញ​នៅ​ក្នុង​ទឹក​ទី​៤។


Watcharalek និង​អ្នកទស្សនា បាន​ខឹង​នឹង​អាជ្ញាកណ្ដាល​លោក ​ទេព ស៊ី​វុត្ថា ដោយសារតែ​ពេល​ដែល Watcharalek ចាប់​បោក ​បឺត ខាំ ឲ្យ​ដួល​លើ​រេញ​នោះ ត្រូវ​អាជ្ញាកណ្ដាល​រូប​នេះ​ព្រមាន ហើយ​មុន​នេះ ​បឺត​ ខាំ​ ក៏​ចាប់​បោក Watcharalek ដែរ​តែ​មិន​ត្រូវ​បាន​ទទួល​ការព្រមាន ធ្វើ​ឲ្យ Watcharalek ខឹង​ដោះ​ស្រោមដៃ​ដើរចេញ​ពី​សង្វៀន​តែម្ដង ហើយ​ព្រម​ជាមួយគ្នា​នោះ​អ្នកទស្សនា​មួយ​ចំនួន ក៏​ចោល​ដប​ទឹក​សុទ្ធ​មក​លើ​រេញ ធ្វើ​ឲ្យ​កើត​ចលាចល​មួយសន្ទុះ។ ប៉ុន្តែ​យ៉ាងណា សភាពការណ៍​បាន​វិល​មក​ភាព​ប្រក្រតី​វិញ ដោយ Watcharalek​គេ​បាន​បន្ត​ការប្រកួត​វិញ​រហូតដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​ត្រឹម​ពិន្ទុ។​

គួរ​បញ្ជាក់​ថា កាលពី​ជួប​គ្នា​ក្នុង​វគ្គ​ជម្រុះ Watcharalek​នេះ ក៏​ប្រកួត​ចាញ់ ​បឺត​ ខាំ ​ដោយ​ពិន្ទុ​ដែរ។​

ចំពោះ​ការប្រកួត​រវាង ​ឡៅ ស៊ី​ណាត និង​Klakhunserk វិញ ពុំ​មាន​បញ្ហា​អ្វី​កើតឡើង​ទេ គឺ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ពេញ​ប្រាំ​ទឹក។ Klakhunserk បាន​ចាញ់​ពិន្ទុ​ឡៅ ស៊ី​ណាត​។ ​កាលពី​ជួប​គ្នា​ក្នុង​ជម្រុះ អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​វាយ​ចាញ់ ​ស៊ី​ណាត ​ដោយ​ពិន្ទុ​ដែរ។​

ដូច្នេះ បឺត ខាំ និង​ឡៅ ស៊ី​ណាត ត្រូវ​ទៅ​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ Watcharalek និង Klakhunserk ជួប​គ្នា​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣។


*សង្វៀន​បឹង​ស្នោ​

ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ថ្មី ម៉ឺន ដា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើងចាស់ ឯម ម៉ូ​លី ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ដោយ​ពិន្ទុ ក្នុង​ការ​ជួប​គ្នា​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​នា​រសៀល​ថ្ងៃ​អាទិត្យ​ទី​១៨​តុលា​នេះ​ដែរ។

ម៉ឺន ដា ទើប​ឡើង​ប្រកួត​បាន​ប៉ុន្មាន​ដង​តែប៉ុណ្ណោះ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ ​ឯម ម៉ូ​លី ​វង្វេងវង្វាន់​ម្តងៗ​ទៅ​ហើយ​ក្នុង​ការប្រកួត​នេះ។ ឯម ម៉ូ​លី ត្រូវ​ម៉ឺន ដា វាយ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​៨​ដល់​ទៅ​ពីរ​ដង ក្នុង​ទឹក​ទី​២ ​និង​ទឹក​ទី​៤។ ប៉ុន្តែ​យ៉ាងណា បញ្ចប់​ការប្រកួត​ ឯម ម៉ូ​លី ​ចាញ់​ម៉ឺន ដា ដោយ​ពិន្ទុ​ប៉ុណ្ណោះ។​

គួ​ន សុវណ្ណ អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ ក៏​ប្រកួត​ឈ្នះ ​អ៊ុ​ល រាត្រី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​រិទ្ធី​ដោយ​ពិន្ទុ​ដែរ។ ពួកគេ​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ។ រាត្រី ត្រូវ​ សុវណ្ណ​ វាយ​ឡើង​ទ្រោម​ខ្លួន តែ​យ៉ាងណា ​រាត្រី ​ទប់​បាន​រហូតដល់​ចប់​ទឹក​៥ ​និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​

ចំពោះ គឹម វាសនា អ្នក​ប្រដាល់​ជើង​ថ្មី នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​យកឈ្នះ​អ្នក​ប្រដាល់​ជើងចាស់​ទឹម សាន្ត ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ។ សាន្ត ត្រូវ​វាសនា សម្រុក​វាយ​សឹងតែ​ទប់​មិន​ជាប់ បើ​កុំ​តែ​គេ​មានមុខ​រឹង ម្ល៉េះ​មិនអាច​ទ្រាំ​ជាមួយ​កណ្តាប់ដៃ​របស់ ​វាសនា ​បាន​ឡើយ។​

ឯម សុធី អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​បាន​ផ្តួល​ ចៅ ចេក​ខ្ចី អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។​


*ខ្សែក្រវាត់​LEO​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

ប្រដាល់ ៖ ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​លេខ​១ ស្រា​បៀរ​Leo ទម្ងន់​៦៧​គីឡូក្រាម វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​នា​រសៀល​ថ្ងៃអាទិត្យ​ទី​១៨ ខែ​តុលា នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​នេះ​ដែរ ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ប្រកួត​ចាញ់ វី សេរី​ចាន់​ឌី​ន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​២ ហើយ​អ្នក​ប្រដាល់​ផង់ សុភាព ក្លិប​រាជ​សីហ៍​ខេត្ត​រតនគិរី ក៏​ផ្ដួល ​ពុទ្ធ ផន​កុសល អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ក្នុង​ទឹក​ទី​២​ដែរ។​

ដូច្នេះ វី សេរី​ចាន់​ឌី​ន និង​ផង់ សុភាព គេ​ទាំងពីរ​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​ស្រា​បៀរ​Leo ទម្ងន់​៦៧​គីឡូក្រាម ឯ​ហ៊ឹម សារ៉ាន់ និង​ពុទ្ធ ផន​កុសល​វិញ ពួកគេ​នឹង​ត្រូវ​ជួប​គ្នា​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣។


*ពាន​បាយ័ន​ទម្ងន់​៥៧​គ​.​ក្រ​លើក​ទី​៧

ប្រដាល់ ៖ ជុន សាវុធ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​បាន​ក្លាយ​ជា​ម្ចាស់​នៃ​ពាន​អនុស្សាវរីយ៍​បាយ័ន​លើក​ទី​៧ សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ឆ្នាំ​២០១៥ ក្រោយពី​គេ​បាន​យកឈ្នះ​លើ​អ្នក​ប្រដាល់​ គួ​ន ប៊ុន​ហ៊ីម ​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ កាលពី​ល្ងាច​ថ្ងៃទី​១៧​តុលា នៅលើ​សង្វៀន​ស្ទឹងមានជ័យ​នោះ។


នុងការ​ប្រកួត​ជម្រុះ​ដែល​ធ្វើ​ក្នុងពេល​តែមួយ​នោះ ជុន សាវុធ បាន​វាយ​ឈ្នះ​ឯម សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ។ ឯ គួ​ន ប៊ុន​ហ៊ីម គេ​ប្រកួត​ជម្រុះ ឈ្នះ​ភី​រម្យ ភក្តី អ្នក​ប្រដាល់​ក្លិប​ភី​រម្យ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដែរ។

ជុន សាវុធ និង គួ​ន ប៊ុន​ហ៊ីម បាន​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​ដោយសារ​ ប៊ុន​ហ៊ីម ធ្លាប់​ចាញ់​ម្តង​រួចមកហើយ​នោះ លើក​នេះ​ក៏ត្រូវ​ចាញ់​ជុន សាវុធ​ទៀត ធ្វើ​ឲ្យ ​សាវុធ​ ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​បាយ័ន​ទម្ងន់​៥៧​គីឡូក្រាម៕

Pisey-2015-10-19-full-a40Pisey-2015-10-19-full-a41 Pisey-2015-10-19-full-a44 Pisey-2015-10-19-full-a45 Pisey-2015-10-19-full-a46 Pisey-2015-10-19-full-a47 Pisey-2015-10-19-full-a48 Pisey-2015-10-19-full-a49 Pisey-2015-10-19-full-a50



បឺត ខាំ និង​ឡៅ ​ស៊ី​ណាត​ ឡើង​ទៅ​ជួប​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​

Post a Comment

0 Comments

Close Menu