Ad Code

កវី​ជើងចាស់​ចាប៉ី​ដង​វែង​លោកតា​ ប្រាជ្ញ ឈួន​ ត្រូវ​គេ​ល្បី​ថា ​ស្លាប់​ជា​លើក​ទី​២

តាកែវ ៖ កាលពី​ព្រឹក​មិញ​នេះ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេស​ប៊ុក ​ត្រូវ​បាន​គេ​ចែកចាយ​រូបភាព​ស្តីអំពី​ដំណឹង​ទទួលមរណភាព​របស់​កវី​ជើងចាស់​ចាប៉ីដងវែង​លោកតា ​ប្រាជ្ញ ឈួន​ជា​លើក​ទី​២ ហើយ​ចំពោះ​ព័ត៌មាន​ដ៏​អកុសល​នេះ​ដែរ​ ក៏បាន​ធ្វើ​ឲ្យ​មហាជន​ទូទាំង​ប្រទេស​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​នៅ​ការ​បាត់បង់​វីរ​សិល្បករ​ផ្នែក​ចម្រៀង​ចាប៉ី​ដ៏​ល្បីល្បាញ ​របស់​ប្រទេស​កម្ពុជា​នោះ។


ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​នេះ​ កាលពី​ព្រឹក​ថ្ងៃទី​២០​ ខែតុលា ​ឆ្នាំ​២០១៥​ភ្នាក់ងារ​សារព័ត៌មាន​កាសែត​«​កម្ពុ​ជាថ្មី​»​បាន​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ទៅកាន់​ក្រុម​គ្រួសារ​របស់​លោកតា​ប្រាជ្ញ ឈួន ហើយ​បើ​តាម​លោក​ប្រាជ្ញ ឆាត​ដែល​ជា​កូនបង្កើត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំណឹង​នេះ​មិន​ពិត​នោះ​ឡើយ ពោល ឪ​ពុក​របស់​គាត់​(​ប្រាជ្ញ ឈួន​)​មាន​សុខ​ភាពល្អ​ធម្មតា​ទេ​នៅ​ថ្ងៃ​នេះ ​គឺ​ពុំ​មាន​រឿង​អ្វី​កើតឡើង​ដូចដែល​គេ​ល្បី​តៗ​គ្នា​នៅក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​កថា​ គាត់​ទទួលមរណភាព​នោះ​ឡើយ​។


លោក​ប្រាជ្ញ ឆាត​បាន​និយាយប្រាប់​បន្ថែម​ថា ស្រប​ពេល​ដែល​គេ​ល្បី​ថា​ គាត់​ស្លាប់​នេះ​ដែរ​គឺ​ឪ​ពុក​របស់​លោក​កំពុងតែ​ទៅ​សុំ​សីល​ជា​រូបលោក​នៅ​វត្ត​ស្រម៉រ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រម៉រ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​ជា​វត្ត​ស្ថិត​នៅ​ក្បែរ​ផ្ទះ​។ លោក​ប្រាជ្ញ ឆាត​និយាយ​បញ្ជាក់​ថា ចំពោះ​ដំណឹង​ដែល​ល្បី​ថា​ឪពុក​របស់​លោក​ទទួលមរណភាព​នេះ ​កាលពី​កន្លងទៅ​ក៏​ធ្លាប់​ត្រូវ​បាន​ក្រុម​អ្នក​លេង​ហ្វេស​ប៊ុក​នាំគ្នា​ផ្សព្វផ្សាយ ​និង​ចែករំលែក​បន្ត​គ្នា​រួម​ម្តង​ទៅ​ហើយ តែ​ទោះ​យ៉ាងណា​លោក​មិន​មាន​ការ​ខឹង​សម្បា​នោះ​ឡើយ។


សូម​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា លោកតា​ប្រាជ្ញ ឈួន​ចាប់កំណើត​នៅ​ខែតុលា​ឆ្នាំ​១៩៣៦​ក្នុង​ត្រកូល​គ្រួសារ​កសិករ​ដែល​មាន​បងប្អូន​៦​នាក់​(​លោក​ជា​កូនពៅ​)​។ លោកតា​ប្រាជ្ញ ឈួន​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។ លោកតា​ប្រាជ្ញ ឈួន​ បាន​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ទាំង​សង​ខាង​តាំងពី​អាយុ​ប្រាំ​ឆ្នាំ​ ដោយសារ​រោគ​កញ្ជ្រិល ​និង​បាន​ចាប់ផ្តើម​រៀន​ច្រៀង​ចម្រៀង​ចាប៉ី​តាំងពី​អាយុ​៩​ឆ្នាំ​ពី​ឪ​ពុក​មា​ខាង​ឪ​ពុក​ម្នាក់​ឈ្មោះ​ប៉ែត ឌុប​ហៅ​ចង្កូម​ប្រាំបី៕


 


 




កវី​ជើងចាស់​ចាប៉ី​ដង​វែង​លោកតា​ ប្រាជ្ញ ឈួន​ ត្រូវ​គេ​ល្បី​ថា ​ស្លាប់​ជា​លើក​ទី​២

Post a Comment

0 Comments

Close Menu