Ad Code

ម្ចាស់​ដេក​នៅ​ខាងក្រៅ ត្រូវ​ភ្លើង​ឆេះ​ពី​ក្នុង​ផ្ទះ​គ្មាន​សល់​

បាត់ដំបង ៖ លំនៅដ្ឋាន​១​ខ្នង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ត្រង់​ចំណុច​ក្រុម​ទី​២៤ ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ខណៈ​ដែល​ម្ចាស់ផ្ទះ​បាន​ចេញ​មក​សម្រាក​លេង​នៅ​ក្រោម​ម្លប់​ឈើ​ខាង​មុខ​ផ្ទះ។


យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​នេះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៩,៥០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី និង​ជា​កម្មសិទ្ធិ​របស់​លោក កើត សារិន​ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ រស់នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ។


តាម​ការ​រៀបរាប់​ពី​ម្ចាស់ផ្ទះ​បាន​និយាយ​ថា រាល់ថ្ងៃ​ កូនៗ​គេ​ចេញទៅ​ធ្វើការ​អស់ហើយ​ ដោយ​មានតែ​លោក​ និង​ភរិយា​ប៉ុណ្ណោះ​ដែល​នៅចាំ​ផ្ទះ ហើយ​ម្យ៉ាងទៀត​ផ្ទះ​របស់​លោក​បាន​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ប្រហែល​២០០​ម៉ែត្រ គឺ​នៅ​ក្នុង​ចម្ការ​ខាងក្រោយ​ភូមិ។​


លោក​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ​គឺ​រូបលោក​ និង​ប្រពន្ធ​ បាន​នាំ​គ្នា​ទៅ​សម្រាក​នៅ​លើ​គ្រែ​ក្រោម​ម្លប់ឈើ​ខាងមុខផ្ទះ ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំងពេក គឺ​នៅ​ពេល​នោះ​ហើយ​ដែល​អគ្គិភ័យ​បាន​ឆាបឆេះ​ពី​ខាងក្នុង​ផ្ទះ ដែល​ធ្វើ​ឲ្យ​រូបលោក​ផ្ទាល់​មិនបាន​ឃើញ​ទាល់តែសោះ រហូតដល់​អណ្ដាតភ្លើង​ឆាបឆេះ​ខ្លាំង​ទើបបាន​លោក​ដឹង តែ​អ្វីៗ​គឺ​ហួសពេល​អស់​ទៅ​ហើយ បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នាំគ្នា​មក​ជួយ​ពន្លត់​ក៏​ជ្រុលពេល​ដែរ ព្រោះ​ភ្លើង​បាន​ឆក់​យក​ផ្ទះ​របស់​លោក​ខ្ទេចខ្ទី​គ្មាន​សល់​ទៅ​ហើយ។​


តាម​ការ​អះអាង​ពី​ម្ចាស់ផ្ទះ​ គឺ​សម្ភារៈ​ដែល​បាត់បង់​នៅ​ក្នុង​ភ្លើង​រួមមាន ម៉ូតូ​១​គ្រឿង​ ទូរ​ទឹកកក​១ ម៉ាស៊ីន​បោក​គក់​ខោអាវ​១​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ធំ ប៉ុន្តែ​លុយកាក់ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ពុំ​មាន​បាត់បង់​ឡើយ។​


ដោយឡែក​លោក គឹម ប៊ុនធឿន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់​ថា រឿង​នេះ​គឺ​លោក​ពុំ​បាន​ដឹង​ទាល់តែសោះ ដោយសារ​តែ​គ្មាន​អ្នកណា​មួយ​រាយការណ៍​មក​សោះ ប៉ុន្តែ​បើ​រាយការណ៍​ក៏​ប្រហែលជា​ទៅ​មិនទាន់​ដែរ​ ព្រោះ​ភ្លើង​នេះ​ឆេះ​លឿន​ខ្លាំងពេក៕


Pisey-2015-10-22-full-C20Pisey-2015-10-22-full-C21



ម្ចាស់​ដេក​នៅ​ខាងក្រៅ ត្រូវ​ភ្លើង​ឆេះ​ពី​ក្នុង​ផ្ទះ​គ្មាន​សល់​

Post a Comment

0 Comments

Close Menu