Ad Code

ចាប់ខ្លួន​ថៅកែ​ឡាន​រឿង​ឆបោក​លុយ​១០​ម៉ឺន​ដុល្លារ​ តាមរយៈ​កុម្ម៉ង់​ទិញ​ឡាន​ស៊េរី​ទំនើប

ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជា​ថៅកែ​ឡាន​នាំ​ឡាន​ស៊េរី​ទំនើបៗ​ ពី​អាមេរិក​មក​កម្ពុជា​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៦​ ខែតុលា ឆ្នាំ​២០១៥​ផ្ទះ​ជួល​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បន្ទាប់ពី​រង​ការ​ចោទប្រកាន់​ថា បាន​ឆបោក​យក​លុយ​ចំនួន​១០​ម៉ឺន​ដុល្លារ​ថ្លៃ​កក់​ទិញ​រថយន្ត​ស៊េរី​ទំនើប​ ដែល​កុម្ម៉ង់​ទិញ​ពី​បរទេស ហើយ​គេចវេះ​មិន​ព្រម​សង​ដោយ​លើស​កិច្ចសន្យា​ជាង​៣​ខែ​មក​ហើយ “​និង​មួយទៀត​ករណី​ក្លែង​ឯកសារ។


លោក​វរសេនីយ៍​ទោ ម៊ាំ​ង សុខ​លុច នាយការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​ នៃ​កងរាជ​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​៩​ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៨​ ខែតុលា ឆ្នាំ​២០១៥​ថា​ជន​សង្ស័យ​ដែល​កម្លាំង​អាវុធហត្ថ​ឈ្មោះ​ឈាង សុផល​ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​លក់​រថយន្ត មាន​ស្រុកកំណើត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ស្នាក់នៅ​ផ្ទះ​ជួល​លេខ​២០៧ ផ្លូវ​៥៩៨​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ថៃ ឈុន​គ្រី ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៦​អឺ​០​ផ្លូវ​លេខ​៨៨​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។


លោក​ម៊ាំ​ង សុខ​លុច​បន្ត​ថា បន្ទាប់ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ឈ្មោះ​ថៃ ឈុន​គ្រី​ពី​បទ​ឆបោក​លុយ​១០​ម៉ឺន​ដុល្លារ​ និង​ចាំ​អនុញ្ញាត​ពី​លោក​ស៊ុំ វណ្ណី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​របស់​លោក​ចាប​ចាប់ខ្លួន​ឈ្មោះ​ឈាង សុផល​នៅផ្ទះ​ជួល​ខាងលើ មក​សាកសួរ​តាម​នីតិវិធី។


យោង​តាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ​ថៃ ឈុន​គ្រី​បាន​ឲ្យ​ដឹង​ថា​ នៅ​អំឡុង​ខែមេសា​ឆ្នាំ​២០១៥​ឈ្មោះ​ឈាង សុផល​បាន​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​Asia Business Solution(Cambodia)Co,ltd ថា​ជា​ក្រុមហ៊ុន​របស់​គាត់​ហើយ​ប្រាប់​គាត់​និង​ប្រពន្ធ​ដែល​ធ្លាប់​ស្គាល់គ្នា​យូរ​មក​ហើយ​ថា មាន​លក់​រថយន្ត​ស៊េរី​ទំនើបៗ​ច្រើន​ប្រភេទ​អាច​បញ្ជា​ទិញ​តាមចិត្ត​ចង់​រយ​:​ពេល​តែ​៤​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​ចុះ​កិច្ចសន្យា ​និង​ទទួល​ប្រាក់​កក់។


ឮ​ដូច្នេះ​គាត់​និង​ប្រពន្ធ​គាត់​បាន​បញ្ជា​ទិញ​រថយន្ត​ម៉ាក​Land Rover Vouge​ស៊េរី​២០១៤​ដោយ​បាន​ធ្វើ​កិច្ចសន្យា​ទិញ​លក់​នៅ​ថ្ងៃទី​២៤​មេសា​ឆ្នាំ​២០១៥​ក្នុង​តម្លៃ​១២៨.០០០​ដុល្លារ​(​ដប់​ពីរ​ម៉ឺន​ប្រាំបី​ពាន់​) ហើយ​ឈ្មោះ​ឈាង សុផល​តម្រូវ​ឲ្យ​កក់​លុយ​៥០​ភាគរយ​ស្មើនឹង​៦៤.០០០​ដុល្លារ​(​ប្រាំមួយ​ម៉ឺន​បួន​ពាន់​)​ហើយ​ប្រាប់​ថា រថយន្ត​នោះ​កំពុង​នៅ​លើ​កប៉ាល់ ហើយ​នៅ​ខែមិថុនា​នឹង​មកដល់​កំពង់ផែ​ព្រះសីហនុ​ដូចនេះ​ត្រូវ​បង់​ថែម​៣០​ភាគរយ​ទៀត។ គាត់​ក៏បាន​បង់​៣០​ភាគរយ​ទៀត​ស្មើនឹង​៣៨.០០០​ដុល្លារ​(​បី​ម៉ឺន​ប្រាំបី​ពាន់​)


ពាក្យ​បណ្តឹង​បន្ត​ថា ក្រោយពេល​ទទួល​លុយ​បាន​ហើយ​ជនសង្ស័យ ឈាង សុផល​បាន​ប្រគល់​លិខិត​B/L​លេខ​៦០៣៩២៩០៧០​ចុះ​ថ្ងៃទី​១៨​ ខែមិថុនា ​ឆ្នាំ​២០១៥​ជា​ភាសា​អង់គ្លេស​តាមរយៈ​សារ​អេ​ឡិច​ត្រូនិក​(Email)​នា​ថ្ងៃទី​២០​ ខែមិថុនា ​ឆ្នាំ​២០១៥​ថា ​កុងតឺន័រ​លេខ​MRKU០០៣៤៥៦០​មាន​រថយន្ត​ម៉ាក​Land Rover Vouge​ស៊េរី​២០១៤​ និង​ភ្ជាប់​នូវ​រូបថត​រថយន្ត​ច្រើន​សន្លឹក ហើយ​នៅពេល​ប្រគល់​រថយន្ត​ខ្លួន​នឹង​យក​លុយ​២០​ភាគរយ​ទៀត​។ លុះដល់​ថ្ងៃ​ប្រគល់​រថយន្ត​ស្រាប់តែ​ឈាង សុផល​ប្រាប់​ថា “​រថយន្ត​ដែល​ខ្លួន​បញ្ជា​ទិញ​ ត្រូវ​បាន​គយ​ចាប់​និង​កម្ទេច​អស់ហើយ​។ បន្ទាប់មក​គាត់​បាន​ពឹង​មេធាវី​ឲ្យ​ទៅ​ស្រាវជ្រាវ​គឺ​ពុំ​មាន​ករណី​កម្ទេច​រថយន្ត​នោះ​ទេ។ ក្រោយមក​លោក​ក៏បាន​ទារ​លុយ​១០ម៉ឺ​ន​ដុល្លារ​វិញ តែ​ត្រូវ​បាន​ឈាង ​សុផល​ពុំ​ព្រម​ប្រគល់​ប្រាក់​និង​គេចវេស​រហូត ទើប​លោក​សម្រេចចិត្ត​ប្តឹង​តែម្តង។


បន្ទាប់ពី​ចាប់ខ្លួន​រួចមក​ជនសង្ស័យ ឈ្មោះ​ឈាង ​សុផល​បាន​សារភាព​ប្រាប់​អាវុធហត្ថ​ថា​ ខ្លួន​ពិតជា​បាន​ទទួល​លុយ​កក់​ទិញ​រថយន្ត​១០​ម៉ឺន​ដុល្លារ​មែន ហើយក៏​ពុំ​ទាន់​សង​ទៅ​លោក​ថៃ ឈុន​ គ្រី​វិញ​ដែរ​។​ក្នុង​ករណីនេះ​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​បន្ត​ទៀត​តាមផ្លូវ​តុលាការ​នៅ​ព្រឹក​នេះ៕


 


 



ចាប់ខ្លួន​ថៅកែ​ឡាន​រឿង​ឆបោក​លុយ​១០​ម៉ឺន​ដុល្លារ​ តាមរយៈ​កុម្ម៉ង់​ទិញ​ឡាន​ស៊េរី​ទំនើប

Post a Comment

0 Comments

Close Menu