សហរដ្ឋអាមេរិកបានច្រានចោលកំហឹងរបស់ប្រទេសចិនលើការល្បាតនាវាចម្បាំងរបស់ខ្លួននៅសមុទ្រចិនភាគខាងត្បូងដោយបាននិយាយថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងដែនកំណត់នៃច្បាប់អន្តរជាតិ និងមិនចាំបាច់តម្រូវឲ្យមានការអនុញ្ញាតពិសេសណាមួយឡើយ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការកងទ័ពជើងទឹកនៅក្នុងសមុទ្រចិនខាងត្បូងក្នុងរយៈពេល ប៉ុន្មានថ្ងៃថ្មីៗនេះហើយនឹងបន្តធ្វើប្រតិបត្តិការស្រដៀងគ្នានេះដែរនាប៉ុន្មានថ្ងៃខាងមុខនេះ។
អ្នកនាំពាក្យសេតវិមានលោក Eric Schultz បានអះអាងថា សហរដ្ឋអាមេរិកមានសេរីភាពក្នុងការធ្វើនាវាចរណ៍ សូម្បីតែនៅក្នុងប្រជុំកោះសិប្បនិម្មិតរបស់ប្រទេសចិនក៏ដោយ។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងហោះហើរហើយបើកនាវានៅគ្រប់ទីកន្លែងក្នុងរយៈពេលយូរតាមដែលច្បាប់នៃការធ្វើនាវាចរណ៍អន្តរជាតិបានអនុញ្ញាតឲ្យពួកគេធ្វើដូច្នេះ។
ប្រទេសចិនបានរិះគន់ប្រតិបត្តិការល្បាតរបស់សហរដ្ឋអាមេរិកដែលនាវាចម្បាំងមួយគ្រឿងបានធ្វើដំណើរឆ្លងកាត់កោះសិប្បនិម្មិតដែលបានបង្កើតឡើងដោយប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូងដោយបាននិយាយថា វាជាការរំលោភបំពានសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍។ ជាមួយគ្នានោះ រដ្ឋាភិបាលក្រុងប៉េកាំងបានសន្យាថា នឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍របស់ប្រទេស។
សកម្មភាពរបស់អាមេរិកត្រូវបានហៅថា ជា “ការមិនទទួលខុសត្រូវទាំងស្រុង” ដោយក្រសួងការបរទេសរបស់ចិន។ ជាការឆ្លើយតបទៅនឹងសកម្មភាពនេះចិនបានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិនគឺលោក Max Baucus ។
ទោះបីជាយ៉ាងណាក៏ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃអង្គារថា ថ្វីបើមានជម្លោះក៏ដោយវត្តមាននៃនាវាកងទ័ពជើងទឹកអាមេរិកនៅសមុទ្រចិនខាងត្បូងមិនគួរប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំងនោះទេ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺ “សំខាន់ណាស់” ហើយគួរបន្តធ្វើឲ្យប្រសើរឡើង។
ដោយឡែកក្រសួងការបរទេសចិនបាននិយាយថា នាវាពិឃាតកងទ័ពជើងទឹករបស់អាមេរិកបានចូលទៅក្នុងសមុទ្រចិនខាងត្បូង “ដោយខុសច្បាប់” ចាប់តាំងពីវាមិនមានការអនុញ្ញាតពីរដ្ឋាភិបាលចិន។
ទោះបីជាយ៉ាងណាក៏ដោយក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកបានឆ្លើយតបថា ប្រភេទនៃប្រតិបត្តិការទាំងនេះអាចក្លាយទៅជារឿងទៀងទាត់ហើយមិនគួរចាត់ទុកថា ជាការបង្កហេតុនោះទេ។ អាមេរិកបានបន្ថែមថា “យើងជាប្រទេសសកលមួយ ហើយយើងចាំបាច់ត្រូវអាចធ្វើប្រតិបត្តិការ នៅកន្លែងណាដែលច្បាប់អនុញ្ញាតឲ្យធ្វើប្រតិបត្តិការ”។ “នោះហើយជាមូលហេតុដែលអ្នកធ្វើបេសកកម្មទាំងនេះ”។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងត្រឹមតែរយៈពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុនពេលកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ី ហ្វិកត្រូវបានប្រារព្ធធ្វើឡើង។ កិច្ចប្រជុំនេះត្រូវបានកំណត់ពេលវេលានៅពាក់កណ្ដាលខែវិច្ឆិកា ហើយទាំងលោកប្រធានា ធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងលោក ស៊ី ជីនពីងប្រធានាធិបតីចិនត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាន៕
RT
ភាពតានតឹងនៅសមុទ្រចិនខាងត្បូង ៖ អាមេរិកអះអាងពីសិទ្ធិក្នុងការហោះហើរ និងបើកនាវា
0 Comments