បាត់ដំបង ៖ ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ខណៈដែលជនរងគ្រោះបានបើកបរត្រាក់ទ័រទាំងភាពស្រវឹងជោកជាំ ហើយបានរេធ្លាក់ផ្លូវត្រូវត្រាក់ទ័រក្រឡាប់សង្កត់ខ្លួនឯងនៅចំណុចផ្លូវចូលផ្សារតេសាម ស្ថិតក្នុងភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
តាមការអះអាងពីសាក្សីមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុ គឺអ្នកបើកបរត្រាក់ទ័រដែលមានឈ្មោះ វ៉ាត ប្រ៉ា ហៅវាន់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅនៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន បានផឹកស៊ីឡើងជោកជាំ បន្ទាប់ពីរូបគេទើបនឹងវិលមកពីភ្ជួរចម្ការវិញ។ បន្ទាប់មកជនរងគ្រោះក៏បានបើកបរទាំងក្នុងស្ថានភាពស្រវឹងជោក លុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែត្រាក់ទ័របានរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយតែម្ដង បណ្តាលឲ្យសង្កត់ខ្លួនឯងស្លាប់ភ្លាមៗមួយរំពេច។
នៅពេលនោះដែរ សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋ បាននាំគ្នាជួយគាស់ទាញយកសពជនរងគ្រោះចេញពីក្រោមត្រាក់ទ័រ ហើយក៏ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិពោធិជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលនេះគឺជាបញ្ហាមួយក្នុងការបើកបរទាំងភាពស្រវឹង៕
ស្រវឹងបើកបរធ្លាក់ផ្លូវ ត្រូវត្រាក់ទ័រខ្លួនឯងក្រឡាប់សង្កត់ស្លាប់
0 Comments