ភ្នំពេញ ៖ កន្លងទៅតារាសម្ដែងពូកែខាងតួឆ្នាសឆ្នើម នាង ឆៃលី ដាឡែន បានប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថា នៅចុងឆ្នាំ២០១៥នេះ នាង និងស្វាមី សម្រេចចិត្តបើកយុទ្ធនាការយកកូនទុកជាចំណងដៃអាពាហ៍ពិពាហ៍ហើយ ពីព្រោះនាងក៏មានអាយុកាន់តែច្រើនហើយដែរ។ តែអ្វីដែលនាងធ្លាប់អះអាងកន្លងមករហូតដល់ពេលនេះនៅមិនទាន់សម្រេចតាមចិត្តចង់បានរបស់ស្វាមីនាងនោះទេ។
ក្រឡេកមកមើលការងារសិល្បៈរបស់ ឆៃលី ដាឡែន វិញ ក្រោយបញ្ចប់ការថតខ្សែភាពយន្តភាគក្នុងនាមជាតួអង្គកាចក្នុងរឿង «ស្ទឹងស្នេហា» របស់ផលិតកម្មចក្រវាឡពេជ្រ មក នាងនៅតែមមាញឹកជាបន្តបន្ទាប់ ជាពិសេសនាងក៏គ្រោងចេញទៅកើបលុយនៅសហរដ្ឋអាមេរិកជាថ្មីម្តងទៀតផងដែរ។ នាងបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយ គឺនាងបន្តចេញទៅក្រៅប្រទេសដោយទុកពេលទទួលយកកំណើតកូនដំបូងមួយឡែកសិន ម្យ៉ាងទាំង នាង និងស្វាមី សុទ្ធតែរវល់នឹងការងាររៀងៗខ្លួន។
ឆៃលី ដាឡែន បញ្ជាក់ថា ការពន្យារពេលយកកូននេះគឺមានការឯកភាពពីស្វាមី ព្រោះនាងយល់ថា ឱកាសរកលុយក៏ជារឿងសំខាន់ ហើយសម្រាប់ការយកកូនក៏មិនហួសពេលដែរ។
នាងនិយាយថា ថ្មីៗនេះនាងបានចូលរួមហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរដើម្បីត្រៀមថតខ្សែភាពយន្តថ្មីរបស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ត គឺរឿង «វិស្សមកាលមរណៈ» ដែលរឿងនេះនឹងចាប់ផ្ដើមថតនៅខែវិច្ឆិកានេះ ហើយសម្រាប់ការចេញទៅច្រៀងរាំនៅក្រៅស្រុក អាចនឹងចុងខែធ្នូ ឬដើមខែមករា ឆ្នាំក្រោយ។ នាងរំពឹងដែរថា ចំណងស្នេហ៍ផ្អែមល្ហែមរបស់នាងនឹងមិនប្រែប្រួលទេ បើទោះបីជា នាង និងស្វាមីបែកគ្នា បើទោះបីជានាង និងស្វាមីបែកគ្នាមួយរយៈពេលខ្លី និងរវល់នឹងការងាររៀងៗខ្លួនក្តី។
នាងបញ្ជាក់ថា ការចេញទៅសម្តែងនៅអាម៉េរិកលើកនេះ នឹងមានរដ្ឋធំៗមួយចំនួនដែលនាងគ្រោងទៅជួបអ្នកគាំទ្រនៅទីនោះ។ នាងលើកឡើងដែរថា នឹងមិនមានហេតុការណ៍ដូចគ្រាកន្លងទៅទេ គឺនាងនឹងបន្តព្យាយាមរក្សាការស្លៀកពាក់ក្នុងកម្រិតមួយដែលអាចទទួលយកបាន តែទោះជាយ៉ាងណា នាងនៅតែរំពឹងខ្ពស់ជាមួយនឹងការចេញទៅសម្តែងនៅក្រៅស្រុកលើកនេះផងដែរ៕
ឆៃលី ដាឡែន មិនអាចសម្រេចបំណងរបស់ស្វាមី
0 Comments