ឆ្មាំព្រំដែនបង់ក្លាដែសនិងសកម្មជនម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកភូមិជនជាតិភាគតិចជាច្រើននាក់ បានឆ្លងកាត់ភាគខាងលិចប្រទេសមីយ៉ាន់ម៉ាចូលទៅក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ចំពេលមានការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ានិងពួកឧទ្ទាមជនជាតិភាគតិចរ៉ាក់ឃីន។
លោកវរសេនីយ៍ឯក Zahirul Haque Khan មេបញ្ជាការឆ្មាំព្រំដែនបង់ក្លាដែស (BGB) នៅក្នុងស្រុក Bandarban ដែលជាកន្លែងមនុស្សចំនួន១៣៦នាក់កំពុងរស់នៅក្នុងជម្រកបាននិយាយថា សមាជិកនៃគ្រួសារចំនួន៣៨គ្រួសារបាននិយាយថា ពួកគេបានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេដោយខ្លាចការវាយប្រហារពីឧទ្ធម្ភាគចក្រយោធា។
ការប៉ះទង្គិចគ្នារវាងយោធាមីយ៉ាន់ម៉ានិងកងទ័ព Arakan បានបង្ខំឲ្យមនុស្សជាង៥,០០០នាក់ភៀសខ្លួននៅក្នុងផ្នែកខ្លះនៃរដ្ឋរ៉ាក់ឃីននិងរដ្ឋឈីនចាប់តាំងពីដើមខែធ្នូមក។
លោក Win Thein ដែលជាសមាជិកគណៈកម្មការសិទិ្ធមនុស្សក្រៅរដ្ឋាភិបាលបង់ក្លាដែសបាននិយាយថា លោកបានទៅសួរសុខទុក្ខជនភៀសខ្លួនដែលជាសមាជិកក្រុមជនជាតិភាគតិច Khumi, Cho និង Rakhine នៅក្នុងជំរំព្រៃដាច់ស្រយាល។
លោកនិយាយថា ពួកគេបានឆ្លងដែនចូលក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទមុនបន្ទាប់ពីបានរត់គេចពីភូមិចំនួនពីរនៅក្នុងតំបន់ Paletwa របស់រដ្ឋឈីនក្រោយពេលពួកគេឮស្នូរគ្រាប់កាំភ្លើងនិងឃើញឧទ្ធម្ភាគចក្រហោះក្បែរនោះ។
អ្នកភូមិខ្លះនិយាយថាក្រោយមកពួកគេបានឃើញទាហានមីយ៉ាន់ម៉ាលួចរបស់របរនិងដុតផ្ទះ។
លោក Win Thein បាននិយាយទៀតថា ជនភៀសខ្លួនជាកុមារមួយចំនួនមានជំងឺធ្ងន់ធ្ងរហើយមិនមានសិទ្ធិទទួលបានការថែទាំសុខភាពទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសុក្រថា កងទ័ព Arakan ក៏បាននាំយកជនជាតិរ៉ាក់ឃីននិងជនជាតិភាគតិចដទៃទៀតចំនួន២០០នាក់រួមទាំងសិស្សសាលា៣៨នាក់ទៅដែនដីបង់ក្លាដែសផងដែរ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments