ភ្នំពេញ ៖ តារាចម្រៀងកូនភ្លោះ លោក ស៊ិន សុភ័គ្រ ដែលបច្ចុប្បន្នមានតួនាទីជាមន្ត្រីនគរបាលផងនោះ ថ្មីៗនេះ បានធ្វើដំណើរទៅធ្វើការវះកាត់ជំងឺនៅឯមន្ទីរពេទ្យមួយកន្លែង នាទឹកដីប្រទេសថៃព្រោះថាជំងឺរបស់លោក គឺមិនអាចបង្អែបង្អង់ ឬពន្យារពេលទុកយូរបានទៀតឡើយ។
តារាចម្រៀងប្រុសកូនភ្លោះ លោក ស៊ិន សុភ័គ្រ បានសរសេរបង្ហោះភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក ដែលកំពុងតែ ស្ថិតនៅក្នុងមន្ទីរពេទ្យ នៃប្រទេសថៃមកថា ខ្ញុំព្យាបាលវះកាត់ជំងឺរួចហើយ។ ប៉ុន្តែលោកពុំបានបញ្ជាក់ច្បាស់ទេថា ខ្លួនមានជំងឺអ្វីរហូតចេញទៅធ្វើការវះកាត់នៅប្រទេសថៃបែបនេះឡើយ ខណៈភ្លាមៗ ក៏មានទស្សនិកជនជាច្រើនបានផ្ញើសារសួរនាំ និងជូនពរតារាប្រុសរូបនេះឲ្យឆាប់ជាសះស្បើយពីជំងឺផងនោះ។
បើតាមការបញ្ជាក់តាមរយៈសារឆ្លើយឆ្លងហ្វេសប៊ុកមកពីប្រទេសថៃ លោក ស៊ិន សុភ័គ្រ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា គិតរហូតមកទល់ពេលនេះ មានរយៈពេលប្រហែល៤ថ្ងៃហើយ ដែលលោកបានមកដល់ប្រទេសថៃ ដើម្បីព្យាបាលជំងឺ ដោយហេតុថា ជំងឺនេះតម្រូវឲ្យធ្វើការវះកាត់សង្គ្រោះបន្ទាន់បើមិនដូច្នេះទេ នឹងមានបញ្ហារហូតដល់ជីវិតមិនខាន។
តារាចម្រៀង លោក ស៊ិន សុភ័គ្រ បាននិយាយទៀតថា បាទបង ពេលនេះខ្ញុំកំពុងតែនៅគេងសម្រាកព្យាបាលជំងឺក្នុងក្រុងបាងកក ប្រទេសថៃ ហើយការវះកាត់នោះក៏បានជោគជ័យផងដែរ។ចំពោះជំងឺរបស់ខ្ញុំ ដែលត្រូវមកវះកាត់នៅថៃនេះ គឺដំបូងឡើង បណ្តាលមកពីបញ្ហាកើតបូសអន្ទង់រហូតទុកយូរពេក ក៏ដំបៅរីករាលដាលស៊ីចូលទៅក្នុងពោះវៀនធំ ហេតុនេះបើមិនប្រញាប់វះកាត់ទេនឹងមានគ្រោះថ្នាក់ដល់ជីវិត។
លោក ស៊ិន សុភ័គ្រ បានបន្តថា លោកបានចេញដំណើរពីខ្មែរ ទៅប្រទេសថៃ កាលពីថ្ងៃទី០៥កុម្ភៈ និងត្រូវបានចូលវះកាត់នៅមន្ទីរពេទ្យនាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយរហូតមកទល់ពេលនេះជំងឺរបស់លោកត្រូវបានក្រុមគ្រូពេទ្យជំនាញធ្វើការវះកាត់ដោយជោគជ័យ តែមិនដឹងថា នឹងអាចត្រូវអនុញ្ញាតឲ្យវិលត្រឡប់មកខ្មែរវិញពេលណានៅឡើយទេ ទើបធ្វើឲ្យតារារូបនេះ ព្រួយបារម្ភលើការងារសិល្បៈ ព្រោះថាថ្ងៃទី១៤កម្ភៈ ខាងមុខ លោកនឹងត្រូវចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីផងនោះ។ ដូច្នេះហើយ ទើបលោក ក៏សូមការអនុគ្រោះ និងយោគយល់ពីបណ្ដាម្ចាស់កម្មវិធីមួយចំនួនលើករណីនេះ៕
Source: Kampuchea Thmey Daily
0 Comments