ភ្នំពេញ ៖ យុវជនម្នាក់ ក្នុងចំណោមមិត្តភ័ក្ដិចំនួន៣នាក់ ត្រូវបានស្ទាវមួយក្រុម មានគ្នារាប់សិបនាក់ជិះម៉ូតូជិត២០គ្រឿង ប្រដាប់ដោយកាំបិត និងដាវសាម៉ូរ៉ៃ ដេញកាប់បណ្តាលឲ្យរងរបួសធ្ងន់ដេក ដួលក្នុងថ្លុកឈាម ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅផ្លូវលេខ៦១៤ ផ្ទះសំណាក់ស្រែលាភ ស្ថិតក្នុងសង្កាត់បឹgកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda ICON ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1AR-5338 ឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ចូលមកដល់ចំណុចកើតហេតុ ក៏បានជួបក្រុមក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាច្រើននាក់ជិះម៉ូតូជិត២០គ្រឿង ប្រដាប់ដោយកាំបិត និងដាវសាម៉ូរ៉ៃ តែមិនដឹងមានរឿងអ្វីនោះទេ បាននាំគ្នាដេញកាប់យុវជនទាំង៣នាក់នោះ ហើយក៏ឮសំឡេងម៉ូតូជាច្រើនគ្រឿង ដេញតាមកាប់យុវជន២នាក់ កំពុងនាំគ្នារត់ដោយមិនដឹងថា កាប់ត្រូវកន្លែងណាខ្លះនោះដែរ ព្រោះពេលក្រុមក្មេងស្ទាវទាំងនោះ នាំគ្នាជិះម៉ូតូចេញទៅវិញអស់ មានអ្នកភូមិចេញមកមើលឃើញ មានឈាមដាបនៅក្បែរម៉ូតូជនរងគ្រោះ ចំណែកឯយុវជនម្នាក់ទៀត រងរបួសធ្ងន់ ត្រូវដៃទាំងសងខាង ដេកស្ដូកស្ដឹង ទើបអ្នកភូមិរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុ និងទាក់ទងរករថយន្តសង្គ្រោះបន្ទាន់ ឲ្យមកដឹកយកជនរងគ្រោះទៅសង្គ្រោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ សាកសួរ ប្រជាពលរដ្ឋ និងធ្វើកំណត់ហេតុនិងបានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលបឹងកក់ទី២ ដើម្បីរង់ចាំភាគីខាងរងគ្រោះ យកឯកសារពាក់ព័ន្ធមកបញ្ជាក់ និងដាក់ពាក្យបណ្ដឹង ដើម្បីទៅដល់ការស្រាវជ្រាវ តាមរកបក្ខពួកក្រុមជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments