Ad Code

លោក​ហ៊ុន ម៉ា​នី ថា ការចូលរួម​សម្តែង​ឈី​ង​ហ្គេ នៅ​សិង្ហ​បុរី នឹងធ្វើ​ឲ្យ​អន្តរជាតិ ក៏ដូចជា​ពិភពលោក កាន់តែ​ស្គាល់​ខ្មែរ​យើង​ថា មាន​ភាព​ម៉ត់ចត់ និង​រួសរាយ​រាក់ទាក់​



ភ្នំពេញ ​៖ ការលើកឡើង​របស់លោក ហ៊ុន ម៉ា​នី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បែបនេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ខណៈ​លោក​ចូលរួម​ក្នុង​សកម្មភាព​ហាត់​សមរ​បស់​ក្រុម​សិល្បករ ដើម្បី​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​។​



លោក ហ៊ុន ម៉ា​នី បាន​មាន​ប្រសាស​ន៍ប្រាប់​អ្នកសារព័ត៌មាន​នា​ព្រឹក​នោះ​ថា អ្វីៗ​កើតចេញពី ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង ហើយ​នេះ ជា​លើក​ទី​ពីរ​ហើយ ដែល​សហភាព​សហព័ន្ធ​យុវជនកម្ពុជា បាន​ដឹកនាំ​ក្រុម​សិល្បៈ​ទៅ​សម្តែង​នៅក្នុង​ព្រឹត្តិការណ៍​ឈី​ង​ហ្គេ​នេះ ហើយ​សកម្មភាព​នេះ បើ​គ្មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោកគ្រូ អ្នកគ្រូ​ទេ គឺ​មិនអាច​ទៅរួច​ទេ​។ លោក​បញ្ជាក់ថា ប្រធានបទ​ឆ្នាំនេះ គឺ​ខាង​សិង្ហ​បុរី ជា​អ្នករៀបចំ ដែល​ពាក់ព័ន្ធ​ទៅនឹង​ក្តី​ស្រមៃ​មួយ ហើយដោយ​ផ្អែកលើ​ប្រធានបទ​នេះ ទើប​កម្ពុជា​យើង​តាក់តែង​ជា​ប្រធានបទ​មួយ តាម​ទម្រង់​វប្បធម៌ និង​ប្រពៃណី​របស់​ខ្មែរ​យើង ដូចជា​អង្គរ ព្រះថោង​នាងនាគ គោ​សមុទ្រ​ទឹកដោះ ល្បុក្កតោ ដែល​ប្រើប្រាស់​ក្រមា​ជា​អាវុធ ហើយ​ក្នុងនោះ ក៏មាន​ផ្ការំដួល ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ​ផងដែរ​។

តាម​លោក ហ៊ុន ម៉ា​នី អះអាងថា សកម្មភាព​នេះ បើ​ប្រៀបធៀប​នឹង​ពេលមុន នឹង​ទទួលបាន​ការស្វាគមន៍ លេចធ្លោ​លើសពី​បណ្តា​ប្រទេស​ដទៃ ពីព្រោះ​ជាធម្មតា​ប្រទេស​នីមួយៗ គេ​តែង​ពី​វប្បធម៌​របស់ខ្លួន ប៉ុន្តែ​កម្ពុជា នឹងមិន​ចាញ់​ប្រទេស​គេ​នោះទេ​។ លោក​បញ្ជាក់ថា ឈី​ង​ហ្គេ គ្រាន់តែ​ជា​វេទិកា​មួយ​ប៉ុណ្ណោះ ហើយ​មាន​វេទិកា​ជាច្រើន​ទៀត ដែល​យើង​បាន​ទៅ​បង្ហាញ​វប្បធម៌ សង្គម​របស់​យើង ហើយ​លើសពីនេះ​ទៀត យើង​ចង់បង្ហាញ​ពី​កម្ពុជា នាពេល​បច្ចុប្បន្ន ហេតុនេះហើយ ទើប​យើង​មាន​បញ្ចូល​ល្បុក្កតោ ដែលមាន​ប្រើប្រាស់​ក្រមា​ជា​អាវុធ ក្នុងការ​ការពារ​ខ្លួន ដែលជា​អត្តសញ្ញាណ​ជាតិ ដូច្នេះ​យើង​បង្ហាញ​ពី​កម្ពុជា នាពេល​បច្ចុប្បន្ន ដែលមាន​សុខុម​រម្យ​នា​។​

លោក ហ៊ុន ម៉ា​នី លើកឡើង​ទៀតថា អ្វីដែល​គួរ​ចាប់អារម្មណ៍​លើស​ពីបទ​បៀត​នោះ គឺ​នៅពេល​យើង​ទៅដល់ ការ​ស្នាក់នៅ​ទីនោះ នឹងមាន​ទំនាក់ទំនង​ជាមួយ​គណៈ​កម្ម​ការ ជាមួយ​គណៈប្រតិភូ​ពី​បណ្តា​ប្រទេស​ផ្សេងៗ ហើយ​ភាព​ញញឹម​រាក់ទាក់​របស់​ខ្មែរ​យើង នឹងធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ ហើយ​ការចូលរួម​នេះ នឹងធ្វើ​ឲ្យ​អន្តរជាតិ ក៏ដូចជា​ពិភពលោក​បាន​ស្គាល់​ថា ប្រជាជន​ខ្មែរ​យើង​មាន​ភាព​ម៉ត់ចត់​ក្នុង​ការធ្វើការងារ ហើយក៏​មាន​ភាព​រាក់ទាក់​ផងដែរ​។​



ចំណែក​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​មាន​ប្រសាសន៍​ដែរ​ថា នៅក្នុង​ការសម្តែង​សាកល្បង​នា​ឆ្នាំនេះ ឃើញថា​ល្អ​ជាង​ឆ្នាំមុន ដោយសារ​តែមាន​បទពិសោធន៍​នា​ឆ្នាំកន្លងមក ហើយ​ឆ្នាំនេះ យើង​បាន​ត្រៀម​ទាំង​ភ្លេង ទាំង​សិល្បករ​បានល្អ ស៊ីគ្នា ហើយ​នេះ​ជា​សារ​មួយ ដើម្បី​បង្ហាញ​ទៅ​អន្តរជាតិ​ថា យើង​ជា​ខ្មែរ ហើយ​លោកស្រី​សង្ឃឹមថា នឹង​សម្តែង​បានល្អ​នៅក្នុង​ព្រឹត្តិការ​ណ៍​នោះ​។ លោកស្រី​បញ្ជាក់ថា ការ​ទៅ​សម្តែង​នេះ យើង​មាន​រយៈពេល​៣​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ការ​បើ​មើល​ទៅលើ​ការសម្តែង​នេះ គឺ​ឃើញ​ទាំងអស់ តាំងពី​ការ​កកើត​ទឹកដី ព្រះថោង​នាងនាគ សុខដុម​រម្យ​នា​ទឹកដី របាំ​ម្ករ​…​ក្រមា ផ្ការំដួល ក្បាច់គុន​ល្បុក្កតោ ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​សម្ផស្ស​នៃ​ទេពកោសល្យ ដែល​ក្រុម​សិល្បករ​យើង​បាន​រៀបចំឡើង​។​

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា នឹងចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ ឆ្នាំ​២០១៩ ជាថ្មី ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​១៦ ខែកុម្ភៈ នៅ​ទីតាំង F1 Pit Building នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ដែល​ដឹកនាំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហើយ​ការចូលរួម​នេះ ធ្វើឡើង​តាម​ការអញ្ជើញ​របស់​ស​មា​គម​ប្រជាជន នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។​

នៅក្នុង​សន្និសីទ​មួយនា​ថ្មីៗ​នេះ លោក សុខ សប្បាយ​ណា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ធ្លាប់បាន​ថ្លែងថា ក្បួន​ដង្ហែ ឈី​ង​ហ្គេ គឺជា​ក្បួន​ព្យុហយាត្រា សិល្បៈ​សម្តែង​ដ៏​ធំ​មួយ​នៅ​អាស៊ី ដែល​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​សមាគម​ប្រជាជន នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ហើយ​កម្មវិធី​នេះ​ត្រូវបាន​ផ្តួចផ្តើម​ដោយ​អតីត នាយករដ្ឋមន្ត្រី លី ក្វាន់​យូ ក្នុង​គោលបំណង​បង្ហាញ​ពី​ភាព​អស្ចារ្យ ភាពស្រស់​បំព្រង និង​ភាព​សម្បូរបែប​នៃ​វប្បធម៌​ចម្រុះ។ ក្នុង​ក្បួនព្យុហយាត្រា​នេះ គឺមាន​ការចូលរួម​សម្តែង​ដោយ​ក្រុម​សិល្បៈ​ជាតិប្រមាណ​១៥០ ស្ថាប័ន និង​រួមបញ្ចូល​ជាមួយ បណ្តា​សិល្បករ សិល្បការិនី មកពី​ជុំវិញ​ពិភពលោក សរុប​ទាំងអស់​ប្រមាណ​ជិត​១០០០០​នាក់ រួមគ្នា​បង្ហាញ​ពី​សិល្បៈ​វប្បធម៌​នៃ​ជាតិ​សាសន៍​រៀងៗ​ខ្លួន​។​



លោក សុខ សប្បាយ​ណា ពន្យល់ថា មូល​ហេតុដែល​កម្ពុជា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ​នោះ ដោយសា​តែ​ក្បួន​ដង្ហែ ឈី​ង​ហ្គេ គឺមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ដែល​អាច​ទាក់ទាញ​វិសាលភាព​ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ​ទៅកាន់​មហាជន រាប់រយ​លាន​នាក់ តាមរយៈ​ការផ្សព្វផ្សាយ​របស់​ស្ថាប័ន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ល្បីៗ​ជាច្រើន​។ ដូច្នេះ​ការចូលរួម​របស់​កម្ពុ​ជា គឺជា​ការចាប់យក​ឱកាស​បង្ហាញ​ពី វប្បធម៌​ដ៏​ប្រពៃ និង​វិសេស​របស់​ខ្មែរ​ទៅកាន់​ពិភពលោក​តាមរយៈ​ការសម្តែង​របស់​សិល្បក​រ សិល្បការិនី កម្ពុជា​ក្នុង​ក្បួន​ដង្ហែ​ឈី​ង​ហ្គេ​។ ជាមួយគ្នា​នោះដែរ យើង​នឹង​បង្ហាញ​ពី​កម្លាំង​សាមគ្គីភាព និង​សក្តានុពល​របស់​កម្ពុជា​នាពេល​អនាគត តាមរយៈ​ការរួបរួម​គ្នា​របស់​យុវជន​ខ្មែរ​ផងដែរ​។​

តាម​លោក សុខ សប្បាយ​ណា ក្នុង​បេសកកម្ម​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដឹកនាំ​ប្រតិភូ សិល្បករ សិល្បការិនី ទៅ​ចូលរួម​សម្តែង និង​ការនាំយក​វប្បធម៌​សិល្បៈ​ដ៏​ប្រពៃ និង​វិសេស ដែលជា​មោទនភាព​ជាតិ ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​។ លោក​អះអាងថា កម្ពុជា​ក៏​ធ្លាប់បាន​ចូលរួម​កម្មវិធី​នេះ​ផងដែរ កាលពី​ថ្ងៃទី​១០-១១ ខែកុម្ភៈ ឆ្នាំ​២០១៧ ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហើយ​គណៈប្រតិភូ​កម្ពុជា រួមទាំង​ក្រុម​សិល្បករ និង​សិល្បការិនី សរុប​ចំនួន​៧៤​រូប បាន​ចូលរួម និង​សម្តែង​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី នាពេលនោះ ហើយ​កម្ពុជា​បាន​នាំនូវ​យក​ទស្សនីយភាព​សិល្បៈ​ខ្មែរក្រោម​ប្រធានបទ “​សុខដុម​ក្នុង​ភាព​ចម្រុះ​នៃ​វប្បធម៌ (Unity in Cultural Diversity)” ដែល​រួមបញ្ចូល​នូវ​សិល្បៈ​៤ ទម្រង់​រួមមាន របាំ​អប្សរា ក្បាច់គុន​ល្បុក្កតោ ល្ខោន​ស្រមោល​ស្បែក​ធំ និង​ក​ញ្ឆែ ទៅ​សម្តែង​ក្នុង​ក្បួនព្យុហយាត្រា​សិល្បៈ​ដ៏​សម្បើម​នោះ​។​

សម្រាប់​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ ឆ្នាំ​២០១៩ នេះ កម្ពុ​ជាមាន​កិត្តិយស​នឹង​នាំយក​នូវ​ទស្សនីយភាព សិល្បៈ​ប្រពៃណី និង​របាំ​សហ​សម័យ ចំនួន​៥​ទម្រង់ រួមបញ្ចូល​គ្នា​ក្រោម​ប្រធានបទ ភាព​សុខដុម (HARMONY) ដែល​នឹង​បង្ហាញ​នូវ​ភាព​សុខដុម​របស់​ជាតិ​សាសន៍ ប្រជាជាតិ​ខ្មែរ តាមរយៈ​ការរួបរួម​គ្នា ការពារ​ស្នាដៃ​ដូនតា និង​កសាង​សមិទ្ធផល​នានា​បន្ថែម ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល ហើយ​សិល្បៈ ៥​ទម្រង់ ដែល​នឹងត្រូវ​យកទៅ​សម្តែង​រួមមាន ទី​១, របាំ​ម្ករ​៖ គឺជា​របាំ​ដ៏​ពិសិដ្ឋ​អស្ចារ្យ ដែល​បង្កើតឡើង​ដើម្បី​ជា​និមិត្តរូប​នៃ​ភាពត្រជាក់ត្រជំ និង​ជ័យជំនះ​របស់​កងទ័ព​ជើង​ទឹក​ខ្មែរ​អំឡុង​សម័យអង្គរ​។ ម្ករ​ជា​ប្រភេទ​សត្វ​ត្រី​ម្យ៉ាង មាន​ដងខ្លួន​ដូចជា​នាគ ដែល​នៅក្នុង​ជំនឿ​ខ្មែរ​ចាត់ទុក​អំបូរ​នាគ​ជា​កំណើត​ដូនតា​ខ្មែរ​។​



ទី​២, ឈុត​ព្រះថោង​នាងនាគ​៖ គឺជា​និមិត្តរូប​នៃ​ការកសាង​វង្ស​ត្រកូល និង​ប្រទេស​ជាតិខ្មែរ ដោយ​ការផ្សារភ្ជាប់​គ្នា​រវាង មនុស្សជាតិ ជាតិ​សាសន៍ ការអនុវត្ត​នយោបាយ​ដឹកនាំ​ប្រទេស និង​ជំនឿ​សាសនា​ដែលនាំឱ្យ​មានការ​រស់នៅ​ជុំគ្នា ប្រកបដោយ​ភាព​សុខដុម ក្សេមក្សាន្ដ សុខសន្ដិភាព និង​ភាពសម្បូរ​សប្បាយ​។ ទី​៣, ឈុត​កូរ​សមុទ្រ​ទឹកដោះ​៖ គឺ​បង្ហាញ​ពី​ការ​រួមគ្នា សហការគ្នា ចូលរួម​យ៉ាង​សស្រាក់សស្រាំ និង​ស្មើភាព​គ្នា​រវាង ទេវតា និង​អសុរា ដើម្បី​ទទួលបាន​នូវ​សមិទ្ធផល​ដែល​បម្រើ​ដល់​ផលប្រយោជន៍​រួម​។ ទី​៤, របាំ​ក្រមា និង​ក្បាច់​ក្រមា​នៃ​គុណ​ល្បុក្កតោ ៖ បង្ហាញ​ពី​ការអត់ធ្មត់ ខិតខំ​ប្រឹងប្រែង និង​រួបរួមគ្នា​ជា​ធ្លុង​មួយ ស្រប​ជាមួយនឹង​ភាពរឹងមាំ និង​ម៉ឺងម៉ាត់​នៃ​គុណ​ល្បុក្កតោ​។​ទី​៥, ក្បាច់​ផ្ការំដួល​៖ ផ្ការំដួល គឺជា​ផ្កា​អត្តសញ្ញាណ​ជាតិខ្មែរ​។ ចាប់តាំងពី​សម័យបុរាណ​កាល​មក​ស្ត្រី​ខ្មែរ​ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង​ផ្ការំដួល ព្រោះ​ផ្ការំដួល​មាន​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់ ហើយ​សាយ​ក្លិនក្រអូប​សាយ​បាន ឆ្ងាយ​តាម​កម្លាំង​ខ្យល់​បក់​។ ដូចនេះ របាំ​ផ្ការំដួល នឹង​បង្ហាញ​ពី​ភាពស្រស់​ត្រកាល និង​ការរីកលូតលាស់​ដ៏​វិសេសវិសាល​នៃ​ជាតិ​សាសន៍​ខ្មែរ ដែល​ល្បី​រន្ទឺ​ដល់​ពិភពលោក តាមរយៈ​យុវជន​ខ្មែរ និង​ប្រជាជន​ខ្មែរ​គ្រប់ៗ​រូប​។​

ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ​២០១៩​នេះ កម្ពុជា​រំពឹងថា ទី​១, ក្រៅពី​ការសម្តែង​សិល្បៈ​វប្បធម៌​ខ្មែរ លើ​ឆាក​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ឈី​ង​ហ្គេ កម្ពុជា​ចង់បង្ហាញ​ពី​ការចូលរួម​យ៉ាងសកម្ម​របស់​យុវជន​ខ្មែរ ក្នុងការ​រួបរួមគ្នា​ថែរក្សា​វប្បធម៌ អរិយធម៌​ខ្មែរ ដែល​ដូនតា​បន្សល់ទុក ក៏ដូចជា​ការចូលរួម​ជំរុញ​ផ្សព្វផ្សាយ​តាម​លទ្ធភាព​ផ្សេងៗ​ដែល​អាច​ធ្វើបាន​។ ទី​២, យើង​ក៏​សង្ឃឹមថា គណៈប្រតិភូ សិល្បករ សិល្បការិនី ទាំងអស់ នឹង​បង្ហាញ​ពី​សក្តានុពល​របស់ខ្លួន​ក្នុងនាម​ជា​តំណាង​យុវជន​កម្ពុជា ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​ជា​អ្នក​បន្តវេន​ដឹកនាំ​នាវា​កម្ពុជា​ទៅ​ថ្ងៃ​អនាគត និង​ទី​៣, ការចូលរួម​ក្នុង​ព្រឹត្តិការណ៍ ឈី​ង​ហ្គេ ក៏​ជា​ឱកាស​ដែល​គណៈប្រតិភូ​កម្ពុជា​ទាំងអស់ អាច​កសាង​ទំនាក់ទំនង​ល្អ ជាមួយ​មិត្ត​អន្តរជាតិ ហើយ​រួមគ្នា​នាំមក​នូវ​ភាព​សុខដុម​នៃ​វប្បធម៌ មនុស្សជាតិ និង​ប្រទេសជាតិ​៕
​       

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu