ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ប្រកាសទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយមួយ ដោយប្រើរូបភាពជា “សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា” ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយដែលត្រូវបានត្រូវបានចែកផ្សាយក្នុងគេហទំព័ររបស់ទណ្ឌិត សម រង្ស៊ី និងបានប្ដឹងដោយស្ថាប័នមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ ដើម្បីវែកមុខរកជនពាក់ព័ន្ធ យកមកផ្ដន្ទាទោសតាមច្បាប់។
ការប្រកាសប្តឹងទាត់ចោល និងប្តឹងសមត្ថកិច្ចឲ្យចាត់វិធានការនេះ បានធ្វើឡើង បន្ទាប់ពីទណ្ឌិត សម រង្ស៉ី កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចែកចាយបន្តនូវសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយ ដែលមានឡូហ្គោគណបក្សប្រជាជនកម្ពុជា ដែលសេចក្តីថ្លែងការណ៍នេះ មានខ្លឹមសារវាយប្រហារទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយថា នឹងរួមគ្នាជាមួយអ្នកប្រជាធិបតេយ្យ ជំរុញឲ្យមានការផ្លាស់ប្តូរ។ ជាមួយគ្នានោះ សេចក្តីថ្លែងការណ៍ក្លែងក្លាយ បានបំភ្លៃ និងញុះញង់ថា សមាជិកគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ បានស្វាគមន៍ទណ្ឌិត សម រង្ស៉ី ដែលគ្រោងចូលមកប្រទេសកម្ពុជា នៅឆ្នាំ២០១៩នេះ។
ភ្លាមៗបន្ទាប់ពី មានសេចក្តីថ្លែងការណ៍នេះ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញមកប្រកាសតាមរយៈគ្រុបតេឡេក្រាមរបស់ CPP កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ថា "សូមប្រកាសបន្ទាន់កាលពី២៨នាទីមុននេះ page សម រង្ស៊ី បានប្រើអត្ថបទក្លែងក្លាយ ជាសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជន។ សូមបដិសេធ និងទាត់ចោលទាំងស្រុង"។
ក្រោយពីការប្រកាសរបស់លោក សួស យ៉ារ៉ា គណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយប្រកាសបដិសេធ និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយនោះ ដោយបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ប្រកាសបដិសេធ និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយដោយប្រើរូបភាពជា “សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា” ចុះថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០១៩ ដែលត្រូវបានបង្កើតឡើងដោយជនទុច្ចរិត ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ “អ្នកស្នេហាជាតិគណបក្សប្រជាជនកម្ពុជា” និងគេហទំព័រហ្វេសប៊ុកឈ្មោះ “Ar Kambang Knong Ar Kambang” ហើយត្រូវបានចែកផ្សាយដោយទណ្ឌិត សម រង្ស៊ី នៅក្នុងគេហទំព័ររបស់ខ្លួននាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលបំណងញុះញង់ បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានោះ គណបក្សប្រជាជនកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឧក្រិដ្ឋដ៏ធ្ងន់ធ្ងរនេះ និងសូមប្ដឹងដោយស្ថាប័នមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ ដើម្បីវែកមុខរកជន ដែលពាក់ព័ន្ធនឹងបទល្មើសខាងលើយកមកផ្ដន្ទាទោសឲ្យបានម៉ឺងម៉ាត់បំផុត តាមច្បាប់ជាធរមាន។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅជានិច្ចជាមួយប្រជាជន ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ ហើយគណបក្សប្រជាជនកម្ពុជាទាំងមូលមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ និងគោរពនូវតួនាទីជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។
ដោយឡែកគណៈកម្មាធិការគណបក្ស ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះឯកសារក្លែងក្លាយនោះ និងបានប្រកាសប្តឹងឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់។
ទាក់ទងបញ្ហានេះដែរ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការហើយ ចំណែកការប្តឹងទុកឲ្យអ្នកច្បាប់ជាអ្នកធ្វើការ៕
Source: Kampuchea Thmey Daily
0 Comments