Ad Code

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថា កំពុង​តាមដាន​ចលនា​វិទ្ធង្សនា​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ភេរវកម្ម​នយោបាយ



ភ្នំពេញ ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ី​ផាន បាន​អះអាងថា រាជរដ្ឋាភិបាល កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ចំពោះ​សកម្មភាព និង​ចលនា​វិទ្ធង្សនា​របស់​បុគ្គល ឬ​ក្រុម ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ភេរវកម្ម​នយោបាយ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច បាននិងកំពុង​ត្រៀម​ជាស្រេច ក្នុងការ​កំណត់​អត្តសញ្ញាណ​លើ​បុគ្គល​ពាក់ព័ន្ធ​។​

លោក ផៃ ស៊ី​ផាន លើកឡើង​បែបនេះ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់ខ្លួន ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩។ នៅក្នុង​សេចក្តីថ្លែងការណ៍​អ្នកនាំពាក្យ​បាន​ប្រាប់​សាធារណជន ទាំង​ក្នុង និង​ក្រៅប្រទេស​ថា ការលើកឡើង​ក្នុង​រូបភាព​ញុះញង់ ដោយ​ក្រុម​នៅ​ឯនាយសមុទ្រ បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ក៏ដូចជា​ប្រជាពលរដ្ឋ ក្នុង​បំណង​បង្កើត​កម្លាំង​ចលនា​មហាជន​ប្រឆាំងនឹង​ច្បាប់ ប្រឆាំងនឹង​រាជរដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត​ស្របច្បាប់ និង​កំពុងដំណើរការ​ប្រកប​ដោយ​ប្រក្រតីភាព ស្ថិតនៅក្នុង​នីត្យានុកូលភាព​ពេញលេញ​នេះ គឺជា​សកម្មភាព​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ជា​សកម្មភាព​ឧក្រិដ្ឋកម្ម ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ការិយាល័យ​អ្នកនាំពាក្យ​បញ្ជាក់ថា ការ​ញុះញង់​ខាងលើ គឺជា​អំពើ​ភេរវកម្ម​នយោបាយ​ប្រឆាំង​ទៅនឹង​ផលប្រយោជន៍​កម្ពុជា ក៏​ដូច​ប្រជាពលរដ្ឋ​របស់ខ្លួន ទោះជា​សកម្មភាព​ញុះញង់​នោះ​ស្ថិត​នៅឯ​ក្រៅប្រទេស ក៏​អាច​ជះឥទ្ធិពល ដល់​ប្រទេស​កម្ពុជា​ដែរ ហើយ​រាជរដ្ឋាភិបាល​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់ តាមផ្លូវ​ច្បាប់​គ្រប់យ៉ាង រួមទាំង​កិច្ចសហការ​ជា​អន្តរជាតិ ក្នុងការ​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម​នយោបាយ​ទាំងនេះ​។​

ការិយាល័យ​អ្នកនាំពាក្យ​បញ្ជាក់​ជាថ្មី​ថា សកម្មភាព​ភេរវកម្ម​នយោបាយ​នេះ បង្កើតជា​សង្គ្រាម ចិត្តសាស្ត្រ​នយោបាយ ប្រឆាំង​ពិតប្រាកដ នឹង​ភាពសុខសាន្ត និង​ប្រក្រតីភាព ដែលជា​ជម្រើស​អាទិភាព​របស់​ម​ហា​ជន​ខ្មែរ​។ សកម្មភាព​ភេរវកម្ម​នយោបាយ​នេះ ប្រឆាំងនឹង​ដំណើរការ​ច្បាប់​កម្ពុជា ប្រឆាំងនឹង​របប​ប្រជាធិបតេយ្យ ដែល​កំពុង​អភិវឌ្ឍ​ជា​ទៀងទាត់ ដើម្បី​ថែរក្សា​និង​លើកស្ទួយ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែលជា​ទិសដៅ ដ៏​មាន​សារៈសំខាន់​បំផុត​របស់​កម្ពុជា​។​

តាម​លោក ផៃ ស៊ី​ផាន “​រាជរដ្ឋាភិបាល កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ស្និទ្ធ​បំផុត ចំពោះ​រាល់​សកម្មភាព និង​ចលនា វិទ្ធង្សនា​របស់​បុគ្គល ឬ​ក្រុម​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ភេរវកម្ម​នយោបាយ​ទាំងនេះ​។ អាជ្ញាធរ​មាន​សមត្ថកិច្ច បាននិងកំពុង​ត្រៀម​ជាស្រេច ក្នុងការ​ឆ្លើយតប​ជាមួយនឹង​ការប្រមូល​ភស្ដុតាង ជាក់ស្ដែង និង​កំណត់​អត្តសញ្ញាណ​លើ​បុគ្គល​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ច្បាប់ ដែល​សមាមាត្រ​ឆ្លើយតប​នឹង​សកម្មភាព ភេរវកម្ម​នយោបាយ នៅពេល​ចាំបាច់​ណាមួយ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu