Ad Code

៩​ខែ សមត្ថកិច្ច​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​១.៦៦៨​ករណី

ភ្នំពេញ ៖ រយៈពេល​៩​ខែ ​ឆ្នាំ​២០១៥​នេះ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​១.៦៦៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣.៤០២​នាក់​ និង​ដកហូត​គ្រឿងញៀន​ជាង​៨៧​គីឡូក្រាម​។​ ចំនួន​នេះ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ កើន​ឡើង​៣​ដង​។​


នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​លោក​ឧត្ដមសេនីយ៍​ឯក ខៀវ សាម៉ន នៅ​ក្នុង​កិច្ចប្រជុំ​វាយតម្លៃ​សកម្មភាព​ការងារ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០១៥ ក្រោយ​អធិបតីភាព​លោក​ឧត្ដមសេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែនការ​បង្ក្រាប​គ្រឿងញៀន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៥​នេះ។


លោក ខៀវ សាម៉ន ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​នូវ​សកម្មភាព​ការងារ​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន​នៅ​រយៈពេល​៩​ខែ​ ឆ្នាំ​២០១៥ (​គិត​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥) ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​១.៦៦៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣.៤០២​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដែល​នេះ​ជា​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ច្រើន​សម្បើម។


លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា នៅ​រយៈពេល​៩​ខែ​ ដើម​ឆ្នាំនេះ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង គ្រឿងញៀន​ទូទាំង​ប្រទេស​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​តុលាការ និង​អាជ្ញាធរ​ដែនដី​គ្រប់​រាជធានី​ខេត្ត​បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​១.៦៨៨​ករណី ឃាត់ខ្លួន​មនុស្ស​៣.៤០២​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៩៩​នាក់ ដកហូត​គ្រឿងញៀន​ជាង​៨៧​គីឡូក្រាម ហើយ​បើ​ប្រៀបធៀប​នឹង​៩​ខែ​ នៅ​ឆ្នាំ​មុខ បង្ក្រាប​បានតែ​ជាង​៥០០​ករណី ដកហូត​គ្រឿងញៀន​តែ​៣៧​គីឡូក្រាម​ប៉ុណ្ណោះ។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​៣.៣០៣​នាក់ វៀតណាម​៧០​នាក់ ឡាវ​៧​នាក់ ថៃ​ម្នាក់ ចិន​២​នាក់ អង់គ្លេស​៧​នាក់ អ៊ុយរ៉ាហ្គាយ​ម្នាក់ និង​នីហ្សេរីយ៉ា​៩​នាក់។


ជាមួយគ្នា​នោះ​ដែរ ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​តុលាការ​មាន​ចំនួន​១១៥​នាក់​។ ដោយឡែក​សម្រាប់​ការ​បង្ក្រាប​ករណី​គ្រឿងញៀន​ធំៗ បាន​ចំនួន​៤៣​ករណី ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ធំៗ​ចំនួន​៨៨​នាក់ រីឯ​ការ​បង្ក្រាប​ករណី​ជួញដូរ​កញ្ឆា​ស្ងួត​សរុប​ចំនួន​១.៤៨៧​គីឡូ​ក្រាម និង​ប្រេង​កញ្ឆា​ចំនួន​១,៥​គីឡូក្រាម​ផង​ដែរ។​


អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ការ​បង្ក្រាប​គ្រឿងញៀន លោក ម៉ក់ ជី​តូ បាន​ថ្លែង​នូវ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ​ដែល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក៏ដូចជា​បណ្ដា​ស្នងការ​ខេត្ត​នានា ដែល​សម្រេច​បាន​នា​រយៈពេល​៩​ខែ​កន្លង​មកនេះ។


ជា​មួយ​គ្នា​នេះ​ដែរ លោក​អគ្គ​ស្នងការ​រង​ក៏បាន​បើក​កិច្ចពិភាក្សា​ដើម្បី​រក​ចំណុចខ្លាំង និង​ចំណុច​ខ្សោយ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​រៀបចំ​របាយការណ៍​ដាក់​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ជាតិ​ស្ដីពី​ការ​បង្ការ និង​បង្ក្រាប​គ្រឿងញៀន​នៅ​ពេល​ខាងមុខនេះ។


ជាមួយគ្នា​នោះ​លោក​ឧត្ដមសេនីយ៍​ឯក​ថ្លែងអំណរគុណ​ដល់​លោក​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដល់​ជា​ថវិកា​គាំទ្រ​ជាប្រចាំ​ខែ​ចំនួន​១០​លាន​រៀល ជូន​ដល់​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿង​ញៀន ដើម្បី​ធ្វើ​ជំរុញ​លើកទឹកចិត្ត​នគរបាល​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន ខណៈ​ដែល​អភិបាល​ខេត្ត​២៤​ផ្សេងទៀត​មិនទាន់​ឃើញ​ចូលរួម​នៅឡើយ​នោះ​។ ក្នុង​ឱកាស​នោះ លោក ម៉ក់ ជី​តូ បាន​នាំ​យក​នូវ​អំណោយ​ជា​ម៉ូតូ​ប្រដេញ​៥​គ្រឿង​របស់​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរ​បាល​ជាតិ​ប្រគល់​ជូន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ផង​ដែរ៕
Pisey-2015-10-19-full-C90
Pisey-2015-10-19-full-C94
Pisey-2015-10-19-full-C95 Pisey-2015-10-19-full-C96 Pisey-2015-10-19-full-C98




៩​ខែ សមត្ថកិច្ច​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​១.៦៦៨​ករណី

Post a Comment

0 Comments

Close Menu