Ad Code

លោកជំទាវ​ ម៉ែន​ សំអន​ គាំទ្រ​គ្រប់​សកម្មភាព​មនុស្សធម៌​ដែល​ជួយ​ដល់​ក្មេង​កំព្រា​នៅ​កម្ពុជា

ភ្នំពេញ ៖ លោកជំទាវ​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធ​សភាព ​និង​អធិការកិច្ច​ និង​ជា​អ្នកតំណាងរាស្ត្រ​ខេត្ត​ស្វាយរៀង​បាន​សម្ដែង​នូវ​ការ​គាំទ្រ​ និង​អរគុណ​ចំពោះ​សកម្មភាព​មនុស្សធម៌​ទាំងឡាយ​ណា​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​កំព្រា​នៅ​កម្ពុជា។​ ការ​ផ្ដល់​នូវ​ការ​គាំទ្រ​នេះ​ធ្វើឡើង​ខណៈ​ពេល​ដែល​លោកជំទាវ​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​អ្នកតំណាង​រាស្ត្រ​ និង​ក្រសួង​ទំនាក់ទំនង​ ព្រមទាំង​ខាង​យុវជន​មកពី​សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ​អញ្ជើញ​ចុះ​សួរសុខ​ទុក្ខ ​និង​សំណេះសំណាល​ជាមួយ​ក្មេង​កំព្រា​នៅ​មជ្ឈមណ្ឌល​ខេត្ត​ស្វាយរៀង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៤​ ខែ​តុលា ​ឆ្នាំ​២០១៥​។​


លោកស្រី​ ដួង​ ឡា​នី​ ប្រធាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​បាន​បញ្ជាក់​ថា ដោយ​មើល​ឃើញ​អំពី​បញ្ហា ​និង​ការ​ប្រឈម​គ្រោះថ្នាក់​ផ្សេងៗ​របស់​កុមារ​តាម​ថ្នល់ ​ទើប​បង្កើត​ឡើង​នូវ​មជ្ឈមណ្ឌល​កំព្រា​នេះ​ឡើង ​និង​មាន​ការ​ជួយ​បន្ថែម​ពី​អង្គការ​ សប្បុរសជន ​ពិសេស​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ផ្ទាល់​ក៏​ដូច​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ​និង​ក្រុមការងារ​ចុះជួយ​ខេត្ត​ស្វាយរៀង​ទាំងអស់​ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​ដែល​ចាប់ផ្ដើម​ដំបូង​គេ​បង្អស់ ​គឺ​ផ្ដល់​ចំណីអាហារ​ និង​ផ្ដល់​សុវត្ថិភាព​ដល់​កុមារ​កំព្រា​ជា​រៀង​ខែ​រាល់ថ្ងៃ​។ ​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ពី​កា​រំលោភបំពាន​ ការ​កេងប្រវ័ញ្ច​ និង​គ្រោះថ្នាក់​ផ្សេងៗ ​ពិសេស​កំព្រា​ឪពុកម្ដាយ​។ ដោយ​ឃើញ​ទុក្ខ​លំ​បាករបស់​ប្អូនៗ​កុមារ​ទាំងអស់​នេះ​ហើយ​ ទើប​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ សប្បុរសជន​ និង​អង្គការ​អាស​ស្បេ​កា​បាន​ផ្ដល់​ឲ្យ​កុមារ​នៅ​តាម​ថ្នល់​កុមារ​ងាយ​រងគ្រោះ​ និង​កុមារ​រងគ្រោះ​នៅក្នុង​ខេត្ត​ស្វាយ​រឿង​ទាំងអស់​ទទួល​បាន​នូវ​សុវត្ថិភាព ការថែទាំ គាំទ្រ​ផ្លូវកាយ​និង​ផ្លូវចិត្ត​ដោយ​ផ្ដល់​ឲ្យ​ពួកគេ​មាន​ឱកាស​ទទួល​បាន​នូវ​កា​អប់រំ ជំនាញ​វិជ្ជាជីវៈ បំណិន​ជីវិត សកម្មភាព​ច្នៃប្រឌិត​នានា ​និង​ការពារ​ពួកគេ​ពី​ការ​រំលោភ​បំពាន​គ្រប់​រូបភាព ​ហើយ​អង្គការ​នឹង​ផ្ដល់​នូវ​សេវា​វិជ្ជមាន​មួយ​ឲ្យ​ពួកគេ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​មួយ​ក្នុង​សង្គម។​


លោកស្រី​បាន​បន្ត​ទៀត​ថា ​មកទល់​បច្ចុប្បន្ន​ អង្គការ​មាន​មណ្ឌល​សម្រាប់​បម្រើ​សេវាកម្ម​ជូន​កុមារ​តាម​ថ្នល់ ​និង​កុមារ​ក្រីក្រ​មកទល់ពេលនេះ ​កុមារ​សរុប​មាន​ចំនួន​៥៨​នាក់​ និង​បុគ្គលិក​ថែ​ទាំ​៩​នាក់ អង្គការ​ជួយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ សាសនា​ និង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ។​

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​ដែល​បាន​ជួយ​កុមារ​កំព្រា​ក្មេង​អនាថា​រស់នៅ​តាម​ចិញ្ចើម​ថ្នល់ មក​ចិញ្ចឹម​បីបាច់​ថែរក្សា​បណ្ដុះបណ្ដាល​បាន​សិក្សា​រៀនសូត្រ ​និង​មានមុខ​ជំនាញ​ផ្សេងៗ​សម្រាប់​ជា​ទន់​ប្រកប​របរ​ទៅ​ថ្ងៃ​អនាគត។​


ឆ្លើយតប​ទៅ​នឹង​សកម្មភាព​មនុស្សធម៌ ​នា​ឱកាស​នោះ ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក ​ឡុង ​សុផាត ​ប្រធាន​សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ​ និង​លោក​ឧត្ដមសេនីយ៍ត្រី ​កែប​ សុ​វណ្ណដា​រា​ អនុ​ប្រធាន​នាយកដ្ឋាន​ចារកិច្ច​ក្រសួងមហាផ្ទៃ ព្រមទាំង​លោក​វរសេនីយ៍ទោ ​មុំាង​ សុខ​លុច​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជ​អាវុធហត្ថ​រាជធានី​ ក៏​ដូចជា​សម្បុរ​សជន​ជិត​ឆ្ងាយ​ក្នុង​ក្រៅ​ប្រទេស​ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា ​និង​កម្លាំងកាយ​ចិត្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ប្អូនៗ​កុមារ​ក្នុង​មណ្ឌល​ទាំងអស់ ​មិន​ថា​តែ​ខេត្ត​ស្វាយរៀង​ ឬ​ខេត្ត​រាជធានី​ដទៃ​ទេ​ សូម​ជួយ​មេត្តា​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​កំព្រា​ស្របតាម​ទិសដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល។

លោកជំទាវ ​ម៉ែន​ សំអន ​ក៏បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​កុមារ​កំព្រា​ទាំងអស់​ ត្រូវ​ខិតខំ​រៀន​សូត្រ ដើម្បី​ឲ្យ​ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ​ ពលរដ្ឋ​ល្អ​ នៅ​ក្នុង​សង្គម ​និង​ជា​ទំ​ពាំ​ស្នង​ឫស្សី។​


នៅ​ក្នុង​ឱកាស​នោះ លោក​ជំទាវ រួម​ជា​មួយ​គណៈប្រតិភូ​អម​ដំណើរ​បាន​នាំ​យក​នូវ​ថវិកា​ជូន​ដល់​ក្មេង​កំព្រា​៥៨​នាក់ ​ម្នាក់ៗ​៤០.០០០​រៀល​ និង​គ្រូៗ​ជា​បុគ្គលិក​ថែ​ទាំ​បង្ហាត់បង្រៀន​៩​នាក់ ​ម្នាក់ៗ​៥០.០០០​រៀល ​រួមជាមួយ​គ្រឿង​ឧបភោគបរិភោគ​មាន​ អង្ករ​ ទឹក​សុទ្ធ ​ជូន​មជ្ឈមណ្ឌល ​រួម​នឹង​ការ​ជួបជុំ​ញាំ​នំ​បញ្ចុក​ជា​អាហារ​ថ្ងៃត្រង់​ជូន​ដល់​ប្អូនៗ​ក្មួយៗ​កុមារ​ក្នុង​មណ្ឌល​បរិភោគ​មួយ​ពេល​ទៀត​ផង​ដែរ​៕



លោកជំទាវ​ ម៉ែន​ សំអន​ គាំទ្រ​គ្រប់​សកម្មភាព​មនុស្សធម៌​ដែល​ជួយ​ដល់​ក្មេង​កំព្រា​នៅ​កម្ពុជា

Post a Comment

0 Comments

Close Menu