Ad Code

សង្កាត់​ព្រែក​ឫស្សី​លេចធ្លោ​លើ​ការ​អភិវឌ្ឍ​លើ​ផ្លូវ​ថ្នល់​ក្នុង​មូលដ្ឋាន​

កណ្តាល ៖ មូលដ្ឋាន​សង្កាត់​ព្រែក​ឫស្សី​មាន​ទីតាំង​ឋិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ជា​សង្កាត់​លេចធ្លោ​ជាងគេ​ក្នុងចំណោម​សង្កាត់​ទាំង​៦​នៃ​ខេត្តកណ្តាល​។ មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​មាន​ផ្លូវ​ចាក់​បេតុង​ខ្វាត់ខ្វែង និង​ប្រព័ន្ធ​លូ​បាន​ទុកជា​ស្នាដៃ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​

លោក អេង ថន ចៅសង្កាត់​ព្រែក​ឫស្សី​បាន​អនុញ្ញាត​ឲ្យ​កម្ពុ​ជាថ្មី​ផ្តល់​បទសម្ភាសន៍​ដោយ​ផ្តោត​ពី​សកម្មភាព​ការអភិវឌ្ឍ​តាំងពី​មាន​ផ្លូវដី​លំបាក​ធ្វើដំណើរ​រហូតដល់​បាន​ផ្លូវ​ចាក់​បេតុង​ក្នុងភូមិ​ទាំង​៥​នា​ចុង​អាណត្តិ​នេះ។​


កម្ពុ​ជាថ្មី​ ៖ ជម្រាបសួរ​លោក​ចៅសង្កាត់ តើ​អាច​បញ្ជាក់​បានទេ​នៅ​ក្នុង​ការដឹកនាំ​របស់​លោក មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ ? ហើយ​ប្រជាពលរដ្ឋ​យើង​ប្រកបមុខរបរ​អ្វីខ្លះ?


លោក អេង ថន​ ៖ តួនាទី​ក្នុង​តំណែង​ចៅសង្កាត់​ព្រែក​ឫស្សី​នេះ​មាន​រយៈពេល​៣០​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​យើង​។ ក្នុងនោះ​សង្កាត់​ព្រែក​ឫស្សី​មាន​មន្ត្រីរាជការ​១៥​ភាគរយ ,​កម្មករ​១៥​ភាគរយ​, អ្នក​អាជីវករ​២០​ភាគរយ និង​កសិករ​ធ្វើស្រែ​ចម្ការ​៥០​ភាគរយ ដោយមាន​ចំនួន​សរុប​១.៩៤៦​គ្រួសារ ​ស្មើនឹង​ចំនួន​មនុស្ស​៩៣១៨​នាក់​។ សង្កាត់​ព្រែក​ឫស្សី​យើងខ្ញុំ​មាន​៥​ភូមិ​ គឺ​ភូមិ​ក្រពើ​ហា​កើត ,ភូមិ​ក្រពើ​ហា ,ភូមិ​ព្រែក​ឫស្សី​, ភូមិ​ព្រែក​អញ្ចាញ​, ភូមិ​ព្រែក​ឫស្សី​លិច។​


កម្ពុ​ជាថ្មី​ ៖ ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ស្របតាម​គោលនយោបាយ​ចតុកោណ​ទី​២ តើ​មានការ​អភិវឌ្ឍ​អ្វីខ្លះ ដែល​បាន​ជំរុញ​ឲ្យ​សង្កាត់​ព្រែក​ឫស្សី​លេចធ្លោ​ជាង​សង្កាត់​ដទៃ​ក្នុង​ក្រុង​តាខ្មៅ​នេះ?


លោក អេង ថន​ ៖ នៅ​ក្នុង​ភូមិ​ទាំង​៥ បាន​ដំណើរការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ដោយ​ចាក់​បេតុង​ទាំងអស់​ក្នុង​ឆ្នាំ​២០១៥ សម្រេចបាន​ផ្លូវ​ចំនួន​៥​ខ្សែ​ចំពោះ​ភូមិ​ព្រែក​អញ្ចាញ​។ ផ្លូវ​បេតុង​ចំនួន​១​ខ្សែ​ចំពោះ​ភូមិ​ព្រែក​ឫស្សី។ ភូមិ​ក្រពើ​ហា​ទទួល​បាន​ចំនួន​២​ខ្សែ និង​ភូមិ​ក្រពើ​ហា​កើត​ចំនួន​២​ខ្សែ ដោយ​សរុប​ផ្លូវ​ទាំង​១០​ខ្សែ ​ស្មើនឹង​ប្រវែង​៦.៤៤២​ម៉ែត្រការ៉េ ដោយ​សរុប​ចំណាយ​ទាំងអស់​១០.៩៥១៤​ដុល្លារ។ ក្នុង​នោះ​ការ​កសាង​ផ្លូវ​បេតុង​ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍន៍​មូលដ្ឋាន​សង្កាត់​ឆ្នាំ​២០១៥​មាន​មួយ​គម្រោង​ប្រវែង​៣០៣​ម៉ែត្រ​ អស់​ទឹកប្រាក់​៧៦.៣៣៨២៧១​រៀល។ អាច​និយាយ​បាន​ថា ក្នុង​មូលដ្ឋាន​នៅ​សេសសល់​ផ្លូវដី​តិចតួច​ប៉ុណ្ណោះ។ ក្រៅពី​ការអភិវឌ្ឍ​ផ្លូវថ្នល់ និង​ដាក់លូ​ក្នុង​មូលដ្ឋាន ចៅសង្កាត់​បាន​ជួយ​ដល់​ការចំណាយ​បូជាសព​ជនអនាថា និង​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​ជាច្រើន​ទៀត​។ លោក អេង ថន ចៅសង្កាត់​ព្រែក​ឫស្សី​បន្តថា រដ្ឋបាល​សង្កាត់​បាន​យកចិត្តទុកដាក់​រក្សាបាន​នូវ​សន្តិសុខ , សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន ​ដោយ​រួមសហការ​ល្អជា​មួយ​កង​កម្លាំង​ទាំង​៣ ជាពិសេស​សហការ​ជាមួយ​ក្រុម​ប្រជា​ការពារ​តាម​បណ្តា​ភូមិ​ទាំង​៥​ទូទាំង​សង្កាត់​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ធ្វើ​ឲ្យ​បទល្មើស​ពុំ​មាន​កើតឡើង​ឡើយ។​


នៅ​ក្នុង​ការអនុវត្ត​គោល​នយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​ឆ្នាំ​២០១៥​នេះ ​សង្កាត់​ព្រែក​ឫស្សី​ទទួល​បាន​ប័ណ្ណសរសើរ​ជ័យ​លាភី​លេខ​១ នៅ​ទូទាំង​ក្រុង​តាខ្មៅ។ ដោយឡែក​ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក គឹម នី មេភូមិ​ព្រែក​អញ្ចាញ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ភូមិ​ព្រែក​អញ្ចាញ​នៅសល់​ផ្លូវ​ដែល​មិនទាន់​ចាក់​ផ្លូវ​បេតុង​ចំនួន​៤​ខ្សែ​ទៀត​ដែល​នឹង​គ្រោង​កសាង​នា​ឆ្នាំ​២០១៧​ខាងមុខ​។


លោក​មេភូមិ​បាន​សំដែង​នូវ​ទឹកចិត្ត​ត្រេកអរ​ច្រើន​ដែល​សង្កាត់​ព្រែក​ឫស្សី​បាន​អភិវឌ្ឍ​ផ្លូវថ្នល់​ចាក់​បេតុង​នេះ​ឡើង​ឃើញ​ថា ​កាត់បន្ថយ​ច្រើន​ក្នុង​ការ​ធ្វើដំណើរ​ដែល​ពី​មុន​មានការ​លំបាក​តែ​មក​ដល់ពេលនេះ​មាន​ភាពងាយស្រួល​ច្រើន​ទាំង​ការ​ដឹក​ជញ្ជូន​កសិផល​ទៅកាន់​ទីផ្សារ និង​ការ​ធ្វើដំណើរ​យប់​អធាត្រ​មាន​សុវត្ថិភាព​ច្រើន​ហើយ​ឆាប់រហ័ស៕
Pisey-2015-10-24-full-E50



សង្កាត់​ព្រែក​ឫស្សី​លេចធ្លោ​លើ​ការ​អភិវឌ្ឍ​លើ​ផ្លូវ​ថ្នល់​ក្នុង​មូលដ្ឋាន​

Post a Comment

0 Comments

Close Menu