Ad Code

វង្ស ណ​យ, ឡៅ ​ស៊ី​ណាត, ម៉ឺន សុភា និង​ឡុង សុ​វណ្ឌ​ឌឿ​ន ជួប​គ្នា​ដណ្ដើម​ខ្សែក្រវាត់ "​ជើងឯក​ប្រដាល់​លេខ​១​គូ​បូ​តា​”វគ្គ​៤

ប្រដាល់ ៖ ក្រុមហ៊ុន​គូ​បូ​តា​(​ខេ​ម​បូ​ឌា​)​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គូ​បូ​តា​រដូវ​កាល​ថ្មី ដែល​ប្រសិទ្ធិ​នាម​ថា​“​ជើងឯក​ប្រដាល់​លេខ​១​គូ​បូ​តាវ​គ្គ​៤” ទម្ងន់​៦៩​គីឡូក្រាម ដែល​មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចំនួន​៤​រូប​ចូលរួម​ប្រកួត។​


នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៥ ខែតុលា ឆ្នាំ​២០១៥ នៅ​សង្វៀន​បឹង​ស្នោ លោក ឆា​ លឺ​ម​ឆៃ គី​ទី​ប៊ុនតន អគ្គនាយក​ក្រុមហ៊ុន​គូ​បូ​តា​(​ខេ​ម​បូ​ឌា​) មានប្រសាសន៍ថា តាមរយៈ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​បងប្អូន​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំង​ជាតិ​និង​អន្តរជាតិ ចំពោះ​កម្មវិធី​ប្រដាល់​ដែល​រៀបចំឡើង​ដោយ គូ​បូ​តា បី​វគ្គ​ជាប់ៗ​គ្នា ជា​ពិសេស​គឺ “​ជើងឯក​ប្រដាល់​លេខ​១ គូ​បូ​តា វគ្គ​ខ្លាំង​ប៉ះ​ខ្លាំង​”​ដែល​ទើប​បញ្ចប់​ទៅ​នោះ បាន​ជំរុញ​ឲ្យ​យើងខ្ញុំ​សម្រេច​ធ្វើការ​ឧបត្ថម្ភ​ទាំងស្រុង​បន្តទៀត ដើម្បី​នាំមក​នូវ​ការប្រកួត​កាន់តែ​ស្វិតស្វាញ និង​កាន់តែ​អស្ចារ្យ​មក​បំពេញ​ការ​ទទូច​ចង់បាន​របស់​អ្នកគាំទ្រ​។


លើសពីនេះទៅទៀត ការឧបត្ថម្ភ​កម្មវិធី​ប្រដាល់​នេះ​ធ្វើឡើង ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ ឲ្យ​កាន់តែ​ល្បី​ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​បង្ហាញ​ស្នៀត​ប្រដាល់​បុរាណ​ខ្មែរ​ទៅ​ឲ្យ​អ្នក​ស្នេហា​វិស័យ​កីឡា​ទាំងអស់​បានឃើញ និង​ចង់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បន្ដ​ថែរក្សា​ក្បាច់បុរាណ​ដ៏​មានតម្លៃ​មួយ​នេះ។​


លោក ពេជ្រ អំបូ​ពង្ស អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​គូ​បូ​តា​(​កម្ពុជា​)​បានឲ្យដឹង​ដែរ​ថា ការ​បន្ដ​កម្មវិធី​ប្រដាល់​នេះ គឺ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ក្បាច់បុរាណ​ខ្មែរ​ឲ្យ​មានការ​រីកចម្រើន​កាន់តែខ្លាំង​ឡើងៗ និង​ល្បី​សុសសាយ​ពេញ​សកលលោក​ផងដែរ​។ យើង​ជឿជាក់ថា​កម្មវិធី​ប្រដាល់​នេះ នឹង​អាច​បម្រើ​អារម្មណ៍​ក៏ដូចជា​ទទួលបាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ជាក់​ជាមិនខាន​។​ លោក​បន្តថា អ្នក​ស្នេហា​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំងអស់ អាច​អញ្ជើញ​ទៅ​ទស្សនា​ការប្រកួត​នេះ ដោយផ្ទាល់​នៅ​សង្វៀន​បឹង​ស្នោ ឬ​តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ប៊ី​ធី​វី រៀងរាល់ថ្ងៃ​អាទិត្យ ពី​ម៉ោង​១ ដល់​ម៉ោង​៣​រសៀល ចាប់ពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ តទៅ​។​


លោក ​នាង ស៊ី​វុត្ថា អ្នក​គ្រប់​គ្រប់​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​ស្ថានីយ​បាយ័ន​បានបញ្ជាក់​ឲ្យ​ដឹងថា វគ្គ​នេះ​ខុសពី​វគ្គ​មុនៗ និង​ខុសពី​កម្មវិធី​ប្រដាល់​ផ្សេងៗ វគ្គ​នេះ​ត្រូវបាន​បង្កើតឡើង ដើម្បី​នាំមក​នូវ​ការប្រកួត​ដ៏​កក្រើក​លើស​ពេលណាៗ​ទាំងអស់​។ កំពូល​កីឡាករ​ជើង​ខ្លាំង​ទម្ងន់​៦៩​គីឡូក្រាម​ចំនួន​៤ រូប គឺ​កីឡាករ វង្ស ណ​យ កីឡាករ ឡៅ​ស៊ី​ណាត កីឡាករ ម៉ឺន សុភា និង​កីឡាករ ឡុង សុវណ្ណ​ឌឿ​ន ត្រូវបាន​ជ្រើសរើស​មក​ប្រកួត​គ្នា​នៅលើ​សង្វៀន​តែមួយ។​


លោក​ឧត្ដមសេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​ប្រកាស​ថា លោក​នឹង​អនុវត្តតាម​បទបញ្ជា​ប្រកួត ដែល​ប្រការ​សំខាន់ កីឡាករ​ដែល​បោះបង់​ការ​ប្រកួត​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​នោះ នឹង​ឲ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ។ ជាមួយគ្នានេះ លោក​បាន​ជំ​រុញ​ឲ្យ​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែ​ប្រកាន់​ជំហរ​អព្យាក្រឹត យុត្តិធម៌ ត្រឹមត្រូវ​ក្នុង​ការ​កាត់​សេចក្តី​ឈ្នះ​ចាញ់ ដើម្បីឲ្យ​មហាជន​មាន​ជំនឿ​ទុកចិត្តបាន។ ចំពោះ​កីឡាករ​វិញ ត្រូវតែ​ធ្វើខ្លួន​ឲ្យបាន​ល្អ គោរព​ឲ្យ​បាន​ដាច់ខាត​នូវ​វិន័យ សីលធម៌ ពិសេស​ត្រូវ​រក្សា​ទម្ងន់​របស់ខ្លួន​៦៥​គ​.​ក្រ ឲ្យបាន​ល្អ។​

គួរ​បញ្ជាក់​ថា អ្នក​ប្រដាល់​ទាំង​៤​រូបនេះ នឹង​ត្រូវ​ប្រកួត​គ្នា​តាម​រូបមន្ត​ជម្រុះ​វិល​ជុំ​សន្សំ​ពិន្ទុ ដោយ​ក្នុង​ម្នាក់ៗ ត្រូវ​ប្រកួត​ជាមួយគ្នា​ចំនួន​៣​ប្រកួត​ម្នាក់ ដោយ​ជម្រុះ​ចោល​២​នាក់ ​និង​ទុក​២​នាក់​ដែល​មាន​ពិន្ទុ​ច្រើន​ខ្ពស់​ជាងគេ នឹង​បាន​ឡើង​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​តែម្ដង ដែល​តំណែង​ជើងឯក​ម្ចាស់​ខ្សែក្រវាត់ នឹង​ទទួល​បាន​រង្វាន់​អម​៤.០០០​ដុល្លារ ឯ​លេខ​២​បាន​២.០០០​ដុល្លារ។​


ការប្រកួត​ជម្រុះ​ជុំ​ដំបូង នឹងត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ក្នុង​មួយ​សប្ដាហ៍​ៗ មាន​មួយគូ ដែល​គូ​ដំបូង​នោះ គឺ​ម៉ឺន សុភា ត្រូវ​ជួប​ជាមួយ​ឡុង សុវណ្ណ​ឌឿ​ន​៕
Pisey-2015-10-26-full-B21 Pisey-2015-10-26-full-B23



វង្ស ណ​យ, ឡៅ ​ស៊ី​ណាត, ម៉ឺន សុភា និង​ឡុង សុ​វណ្ឌ​ឌឿ​ន ជួប​គ្នា​ដណ្ដើម​ខ្សែក្រវាត់ "​ជើងឯក​ប្រដាល់​លេខ​១​គូ​បូ​តា​”វគ្គ​៤

Post a Comment

0 Comments

Close Menu