Ad Code

ប្រជាពលរដ្ឋ​៣​ភូមិ​ទទួល​អំណោយ​ពី​អង្គការ​ជួយ​កុមារ​ក្រីក្រ​អាស៊ី​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​១៤០​គ្រួសារ​រស់នៅ​ក្នុងភូមិ​៣​ក្នុង​សង្កាត់​សំរោង​បាន​ទទួល​អំណោយ​ធុង​ចម្រោះ​ទឹក​ស្អាត និង​ម៉ុង​ពី​អង្គការ​ជួយ​កុមារ​ក្រីក្រ​នៅ​អាស៊ី ដែល​មាន​ការចូលរួម​ពី​លោកស្រី​សួន ចាន់ណា​រី និង​មន្ត្រី​សាលាសង្កាត់​ព្រមទាំង​មន្ត្រី​អង្គការ​ជាច្រើន​នាក់​ទៀត​ផង​ដែរ នៅក្នុង​វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥​នេះ​។​


ដោយ​មើលឃើញ​ពី​ការ​កង្វះខាត​ទឹក​ស្អាត និង​អនាម័យ​ក្នុង​ការ​ប្រើប្រាស់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ក្រ​១​ ក្រ​២​ និង​ក្រ​៣​ក្នុង​សង្កាត់​សំរោង​ដែល​មាន​ភូមិ​សំរោង​ត្បូង ភូមិ​សំរោង​កណ្ដាល និង​ភូមិ​គ្រោះ​នោះ អង្គការ​ជួយ​កុមារ​ក្រីក្រ​អាស៊ី សហការ​ជាមួយ​សាលាសង្កាត់​សំរោង​បាន​ចែក​អំណោយ​ជា​ធុង​ចម្រោះ​ទឹក​ស្អាត និង​ម៉ុង​ចំនួន​១៤០ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជៀស​ឆ្ងាយ​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​។



ក្នុង​ឱកាស​ចែក​ធុង​ចម្រោះ​ទឹក​ស្អាត និង​ម៉ុង​ព្រមទាំង​សាប៊ូ​ដុស​ខ្លួន​ នា​ខណៈនោះ​លោក​ សាត សា​ម៉េ​ត​ នាយក​អង្គការ​សង្គ្រោះ​កុមារ​ក្រីក្រ​នៅ​អាស៊ី​បាន​លើក​ឡើង​ថា​ លោក​សប្បាយចិត្ត​ដែល​បាន​នាំ​យក​អំណោយ​អង្គការ មក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រ​១ ​ក្រ​២ ​និង​ក្រ​៣​ក្នុង​សង្កាត់​សំរោង​នា​ពេល​នេះ​។


លោក​បន្ត​ថា ថ្វីត្បិតតែ​អំណោយ​ទាំងនេះ​វា​តិចតួច​មែន​ ប៉ុន្តែ​វា​ចំ​បាច់​ណាស់​សម្រាប់​បងប្អូន​ប្រើ​ប្រា​ស់​ជា​រៀងរាល់ថ្ងៃ ព្រោះ​បើ​យើង​មិន​មាន​ទឹក​ស្អាត​បរិភោគ​នោះ​ទេ វា​នឹង​បង្ក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​កើត​នូវជំងឺ​ផ្សេងៗ​ដែល​អាច​ខាត​ពេលវេលា និង​ប្រាក់កាស​ជាច្រើន​ទៀត​ផង​ក្នុង​ការ​ព្យាបាល​ជំងឺ​នោះ​។​



នា​ខណៈនោះ​ដែរ​លោក​យិន អ៊ី​ម ចៅសង្កាត់​សំរោង​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃនេះ​ពេ​លនេះ​ទៅ យើង​ត្រូវ​ចូលរួម​លុប​បំបាត់ ភាព​ក្រីក្រ និង​ភាព​ល្ងង់ខ្លៅ​ជាមួយគ្នា ដោយ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រើប្រាស់​ទឹក​ស្អាត ​និង​បញ្ជូន​កូន​ទៅ​សាលារៀន​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​អភិវឌ្ឍ​ប្រទេស​ជា​តិ​យើង ឲ្យ​បាន​រុងរឿង​ជា​លំដាប់​។​



ជាមួយគ្នា​នោះ​ផង​ដែរ​លោក​ក៏​បាន​ផ្តាំផ្ញើ និង​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ ចាប់​ពី​ថ្នាក់ដំបូង​រហូតដល់​វិទ្យាល័យ និង​បន្ត​ទៅ​សាកលវិទ្យាល័យ​ទៀត​ឲ្យ​បាន​គ្រប់គ្នា ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណែទម្រង់​វិស័យ​អប់រំ​តាមរយៈ​ការ​រឹត​បន្តឹង​ពេល​ប្រឡង​នោះ​។ លោក​បន្ត​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ណែនាំ​កូន​របស់​ខ្លួន​កុំ​ឲ្យ​គេច​សាលា និង​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​ផ្សេងៗ​ដូចជា ការ​សេព​គ្រឿងញៀន បង​តូច​បងធំ ល្បែងស៊ីសង និង​ចូល​ក្លិប​រាំ​លេង​កម្សាន្ត ភ្លេច​ការរៀនសូត្រ​ឲ្យ​សោះ ជាមួយគ្នា​នោះ​ផង​ដែរ​អាណាព្យាបាល​ត្រូវ​ដាស់តឿន​ឲ្យ​កុលបុត្រ​គ្រប់រូប​ប្រតិបត្តិ​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដោយ​ត្រូវ​យោគយល់ និង​មាន​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ផ្ទាល់​ខ្លួនឯង និង​អ្នកដទៃ​ក៏ដូចជា​រក្សា​បាន​នូវ​សេចក្ដីថ្លៃថ្នូរ​ដល់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ​។​



ជា​ចុងក្រោយ​លោក យិ​ម អ៊ី​ម បាន​អំពាវនាវ​សូម​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​លទ្ធ​ភាព គួរ​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌​ពោល​គឺ​ខ្មែរ​ត្រូវតែ​ជួយ​ខ្មែរ ដើម្បី​អនាគត​សម្រាប់​កូន​ខ្មែរ​ទាំង​អស់​គ្នា​។ ជាង​នេះ​ទៅទៀត​គួរ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ដល់​អ្នក​ដែល​គ្មាន​ទីពឹង​ ដើម្បី​ឲ្យ​ជី​វិត​ខ្មែរ​គ្រប់រូប​រស់នៅ​ដោយ​សេចក្ដីសុខ​ក្នុង​ដំបូល​សុខ​សន្តិភាព​តែមួយ​ជាមួយគ្នា​៕


26-10-2015s1


26-10-2015s



ប្រជាពលរដ្ឋ​៣​ភូមិ​ទទួល​អំណោយ​ពី​អង្គការ​ជួយ​កុមារ​ក្រីក្រ​អាស៊ី​

Post a Comment

0 Comments

Close Menu