ស្ទឹងត្រែង ៖ បងប្អូនជនជាតិដើមភាគតិចមកពីខេត្តមានមណ្ឌលគីរី រតនគីរី និងនៅខេត្តស្ទឹងត្រែងទទួលវគ្គបណ្តុះបណ្តាលស្តីពីការ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅសណ្ឋាគារសេកុងស្តាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ដែលជាផ្នែកមួយដ៏សំខាន់នៃមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនិងបង្កលទ្ធភាពឲ្យពួកគាត់ប្រើប្រាស់ដីកាន់តែមានប្រសិទ្ធភាព។
លោកយឹមឌីម អាយុ ៤៦ ឆ្នាំ ជនជាតិ ព្រឺ នៅភូមិការចាញ ឃុំរបាំងពីស្រុកលំផាត់ខេត្តរតនគីរីបានសម្តែងការសាទរដល់ការគាំទ្រនិងចងក្រងជាសហគមន៍ដីធ្លីពីព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះបងប្អូនជនជាតិដើមភាគតិចបានបាត់បង់ដីធ្លីដែលធ្លាប់ធ្វើស្រែចំការពនេចររួចទៅហើយ ចំណែកនៅសេសសល់ខ្លះៗបែរជាប៉ះពៀរជាដីក្រុមហ៊ុនទៅវិញហើយអាជ្ញាធរជួយដោះស្រាយមិនចេះចប់។
លោក ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធដែលបានផ្តួចផ្តើមនេះជួយរៀបចំឲ្យបានឆាប់ដើម្បីឲ្យបងប្អូនជនជាតិរស់នៅមានភាពកក់ក្តៅ និងជៀសវាងបានពីជម្លោះដីធ្លី ចង់សំណូមពរថាឲ្យអង្គការ ជួយតាមយុទ្ធវិធីតាមដែលក្រសួងមហាផ្ទៃដែលធ្វើឲ្យយើង ចែកឲ្យយើងខ្ញុំធ្វើដូចថាចង់បានដីធ្លីចង់បានកសាងក្នុងជីវភាពក្នុងគ្រួសាររៀងៗខ្លួនកុំឲ្យលួចលក់ផ្តេសផ្តាស់ងាយស្រូលកសាងក្នុងគ្រួសារធ្វើផ្ទះសម្បែងស្អាតសុខស្រួលតកូនតចៅអនាគតយើងទៅ។
លោកលី ឧសភាប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង បានទទួលស្គាល់ថា ទំនាស់ដីធ្លីពិតជាកើតមានច្រើនហើយខេត្តស្ទឹងត្រែងរឿងរ៉ាវមួយចំនួនកំពុងបន្តដោះស្រាយនិងទំនាស់ខ្លះទៀតមិនទាន់បានដោះក៏មានដែរ ទាំងនេះមានរឿងមួយចំនួនដោយសារតែបងប្អូនជនជាតិដើមភាគតិចរស់នៅបែបពនេចរ ការផ្លាស់ប្តូរទម្លាប់ពុំទាន់អស់។
លោក ប្រធានមន្ទីរអះអាងថា ខេត្តស្ទឹងត្រែងកំពុងរៀបចំចុះបញ្ជីដីសហគមន៍ជនជាតិដើមចំនួនពីរទៀតនៅស្រុកសេសាននិងស្រុកថាឡាបរិវ៉ាត់ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លីឲ្យមានប្រសិទ្ធភាពនិងអភិរក្សធនធានធម្មជាតិផងផ្លូវច្បាប់គឺយើងការពារជូនគាត់ ការពារលក្ខណៈទាំងច្បាប់ទាំងការរស់នៅសន្តិសុខក៏ដូចជារយៈពេលយូរអង្វែងសំរាប់បង្កបង្កើនផលជីវភាពទៅដល់កូនចៅគាត់ ជំនាន់ក្រោយៗទៅ ក៏នៅគ្រប់គ្រងប្រើប្រាស់ដីហ្នឹងបានដែរ។
លោកសរសុវណ្ណរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មានប្រសាសន៍ថា នេះជាក្របខណ្ឌគោលនយោបាយផ្អែកលើគោលការណ៍ស្វ័យសម្រេចនិង គោរពសិទ្ធ តួនាទីរបស់ជនជាតិដើមភាគតិចនៅក្នុងសង្គម។
លោកបន្ថែមថា បញ្ហានេះគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តត្រូវបង្កលក្ខណៈងាយស្រួលទៅលើផ្នែកច្បាប់និងចុះពិនិត្យកំណត់ទីតាំងទៅតាមតំបន់នីមួយៗដែលមានបងប្អូនជនជាតិដើមភាគតិចរស់នៅ វាស់វែងដីសហគមន៍ជូនពួកគាត់ទៅតាមស្ថានភាពជាក់ស្តែងស្របតាមគោលនយោបាយស្តីពីការចុះបញ្ជីដីធ្លី។
លោកឈាង ឡាក់អភិបាលរងខេត្តបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានសហគមន៍ព្រៃឈើនិងដីធ្លី ចុះបញ្ជីស្របច្បាប់រួចមកហើយចំនួន៨និងបានចងក្រងជាង១០សហគមន៍ទៀតកំពុងស្មើសុំការឯកភាពពីក្រសូងដែនដីនិងក្រសួង កសិកម្ម។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានជនជាតិដើមព្នង គួយ ការវែត ព្រឺ កាចក់គ្រឹង លន់ ខិ ចារាយនិងទំពួនសរុប២៩៨៩គ្រួសារស្នើនិង១៣០៥៦នាក់កំពុងរស់នៅតាមបណ្តាឃុំក្នុងស្រុកថាឡាបរិវ៉ាត់ សេសាននិងស្រុកសៀមប៉ាង៕
ជនជាតិដើមភាគតិចរៀបចំចុះបញ្ជីដីសហគមន៍ស្របច្បាប់
0 Comments