Ad Code

កីឡាករ​ចាន់ វឌ្ឍនាកា​ របួស​ចង្កេះ​ ពេល​បឹងកេត​ជួប​ណា​ហ្គា​វគ្គ Play Off ជើង​ទី​១

កីឡាករ ចាន់ វឌ្ឍនាកា របស់​ក្លិប​បឹងកេត​អង្គរ បាន​រង​របួស​ចង្កេះ​ក្នុង​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​(Play Off) នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៥ (Metfone Cambodian League 2015) ពេល​ប៉ះ​ក្រុម​ណាហ្គា​វើ​ល កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នៅ​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ (​ស្ដា​ត​ចាស់)។


ចាន់ វឌ្ឍនាកា ដែល​មហាជន​ជាច្រើន​ស្គាល់​ថា​ជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​ប្រចាំ​រដូវ​កាល ២០១៥ នេះ​បាន​រងរបួស​ក្នុង​តង់​ទី​១ ខណៈ​ដែល​រូបគេ​ព្យាយាម​ដណ្ដើម​បាល់​ពី​ខ្សែ​ការពារ​របស់​ណាហ្គា​វើ​ល នៅក្នុង​តង់​ទី​១​។ ចូលដល់​តង់​ទី​២ លោក បែ មករា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​បានសម្រេច​ប្ដូរ រូបគេ​ចេញ​ហើយ​ជំនួស​វិញ ដោយ​ខ្សែការពារ ធុល សុធា​រិ​ទ្ធិ នៅ​នាទី ៤៦។


ភ្លាមៗ​នោះ​ក្រោយ​ចប់​ការប្រកួត​ប្រភព​មកពី​ក្លិប​នៅ​មិនទាន់​ហ៊ាន​អះអាងថា​របួស​របស់គេ​អាចជា​ទាន់​ក្នុងជំនួប​ជើង​ទី​២ ជាមួយ​ណាហ្គា​វើ​ល ឬ​យ៉ាងណា​នោះទេ ព្រោះ​ត្រូវ​រង់ចាំ​គ្រូពេទ្យ​ស្កែ​ន​មើល​សិន​។


លោក បែ មករា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ក្រុម​លោក មាន​បញ្ហា​ជាច្រើន​ក្នុង​ការ​ប្រកួត​នេះ ពោលគឺ​កីឡាករ​ទាំងអស់​មាន​ពេល​សម្រាក​តិចតួច ព្រោះ​កម្មវិធី​ប្រកួត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កៀកៗ​គ្នា​ពេល ខណៈ​កីឡាករ​ល្អៗ មួយ​ចំនួន​មាន​បញ្ហា​សុខភាព​។​


បឹងកេត​អង្គរ បាន​ប្រកួត​ចាញ់​ណាហ្គា​វើ​ល​៣​ទល់​១ កាលពី​ថ្ងៃអាទិត្យ​ទី​២៥ ខែ​តុលា ឆ្នាំ ២០១៥​។ ការប្រកួត​បាន​១៣​នាទី​កីឡាករ Barry របស់​ណាហ្គា​វើ​ល បា​ន​រក​គ្រាប់​បាល់​នាំមុខ​១​ទល់ ០ ហើយ​កីឡាករ ប្រាក់ ចាន់ រតនា បាន​គ្រាប់​បាល់​ទី​២ នៅ​នាទី ៣៦ និង​កីឡាករ ឃឹម បុរី ទី​៣​នៅ​នាទី ៤១ មុន​ចប់​តង់​ទី​១​។ ចូលដល់​តង់​ទី​២ កីឡាករ Omogba របស់​បឹងកេត បា​នរក​គ្រាប់​បាល់​បាន​១ គ្រាប់​វិញ។


តាម​គម្រោង​ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុម​ណាហ្គា​វើ​ល និង​បឹងកេត​អង្គរ ត្រូវ​ប្រកួត​ជើង​ទី​២ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​កាត់សេចក្ដី​ថា​តើ​ក្រុម​ណា​រកបាន​កៅអី​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ពានរង្វាន់ MCL 2015៕


M26-10-15-x1


 



កីឡាករ​ចាន់ វឌ្ឍនាកា​ របួស​ចង្កេះ​ ពេល​បឹងកេត​ជួប​ណា​ហ្គា​វគ្គ Play Off ជើង​ទី​១

Post a Comment

0 Comments

Close Menu