ប្រទេសនីហ្សេរីយ៉ា នឹងមិនបង្អង់ដៃឡើយនៅក្នុងយុទ្ធនាការ ដើម្បីលុបបំបាត់ជំងឺប៉ូលីយ៉ូ រហូតដល់ជំងឺនេះលែងមានវត្ដមានតទៅទៀត។នេះជាការលើកឡើងដោយប្រធានាធិបតី លោក Muhammadu Buhari កាលពីថ្ងៃចន្ទ កន្លងទៅនេះ។ លោកបានមានប្រសាសន៍នៅពេលមានទស្សនកិច្ចមួយ ដែលត្រូវបានធ្វើឡើងដោយអង្គការសុខភាពពិភពលោក (WHO) នោះ គឺនាយកប្រចាំតំបន់ទ្វីបអាហ្វ្រិក លោកស្រី Matshidiso Moeti ថា រដ្ឋាភិបាលសហព័ន្ធ នឹងបង្កើនសន្ទុះ ហើយបន្ដឆ្ពោះនូវយុទ្ធនាការនេះដោយចាត់ទុកថា ជាភាពបន្ទាន់រហូតដល់ពេលដែលយើង (នីហ្សេរីយ៉ា) ត្រូវបានប្រកាសថា ឆ្លងផុតពីជំងឺប៉ូលីយ៉ូ។ លោកស្រី Moeti ស្ថិតនៅក្នុងប្រទេសនីហ្សេរីយ៉ា សម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់ប្រទេសនេះ ចាប់តាំងពីខែមុន ដែលលអង្គការ WHO បានដកប្រទេសនេះចេញពីបញ្ជីនៃបណ្ដាប្រទេសទាំងឡាយ ដែលប៉ូលីយ៉ូ បានក្លាយទៅជាជំងឺរាតត្បាតទៅហើយនោះ។
ការដកចេញពីបញ្ជី គឺជាជំហានទីមួយហើយសម្រាប់ការឆ្ពោះទៅរកការប្រកាសថា បានឆ្លងផុតពីជំងឺនេះ ដែលកើតមានឡើងដោយសារតែការខ្វះខាតអនាម័យ និងប្រើប្រាស់ប្រភេទទឹកដែលងាយចម្លង ហើយក្លាយទៅជាជំងឺជាមួយអាការៈលែងកម្រើកដៃជើងកើតជារៀងរហូត។
លោក Buhari ថ្លែងថា កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ជំងឺប៉ូលីយ៉ូនេះ បានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៩៨ នោះគឺជាប្រភពនៃធនធានមនុស្ស និងសម្ភារៈ នៅក្នុងប្រទេសដែលមានប្រជាពលរដ្ឋដ៏ច្រើនក្នុងទ្វីបអាហ្វ្រិក។
ប្រទេសនីហ្សេរីយ៉ា ដែលប្រារព្ធខួបមួយឆ្នាំចាប់តាំងពីករណីកើតប៉ូលីយ៉ូជាលើកចុងក្រោយបង្អស់ ជាប់កំណត់ត្រានៅថ្ងៃទី២៤ ខែកក្កដា នោះ បានបើកយុទ្ធនាការកម្ចាត់បញ្ហាដ៏ចម្បងនេះនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្ដល់វ៉ាក់សាំុងដល់កុមារជាទូទៅ នៅក្នុងតំបន់ទាំងឡាយដែលស្ថិតនៅឆ្ងាយដាច់ស្រយាលឯភាគឦសានប្រទេស ដែលរងការកើតមានការងើបបះបោរពីសំណាក់ក្រុមឥស្លាមនិយម Boko Haram ថែមទាំងមានការបង្ហូរឈាមអស់រយៈពេល៦ឆ្នាំ កន្លងមកហើយ។
ធ្លាប់មានការលើកយកមកនិយាយចចាមអារ៉ាមដែលថា វ៉ាក់សាំុងជាមូលហេតុបណ្ដាលមិនឲ្យបង្កកំណើតទៅបាន ដែលនាំឲ្យឪពុកម្ដាយ ឬអាណាព្យាបាលជាច្រើននាក់ ជាពិសេសគឺជនមូស្លីមភាគច្រើននៅតំបន់ខាងជើងប្រទេស បដិសេធមិនឲ្យកូនៗរបស់គេទទួលបានវ៉ាក់សាំងដែលធ្វើឲ្យសាំុនឹងជំងឺនេះ។
រឿងដូចគ្នានេះផងដែរ ដែលបានបង្កឲ្យកើតមានជាគ្រោះកាចជាបន្ដបន្ទាប់ដល់ក្រុមបុគ្គលិកសុខាភិបាលនៅក្នុងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ឲ្យស្ថិតនៅក្នុងបញ្ជីនៃបណ្ដាប្រទេសរងការរាតត្បាតដោយប៉ូលីយ៉ូ របស់អង្គការ WHO នោះ៕
AFP
នីហ្សេរីយ៉ា មិនបង្អង់ដៃទេ ក្នុងការខិតខំលុបបំបាត់ជំងឺ Polio
0 Comments