Ad Code

កុមារី​ដែល​គេ​ចាប់​រំលោភ​រួច​បំភ្លៃ​ថា​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ទទួល​បាន​អំណោយ​

កំពង់ឆ្នាំង ៖ លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​ជា​ប្រធាន​ក្រុម​ការងារ​ចម្រុះ​ខេត្ត អនុវត្ត​តាម​បញ្ជា​របស់​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​ដឹកនាំ​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ចុះទៅ​សាកសួរ​សុខ​ទុក្ខ និង​ពាំនាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​គ្រួសារ​កុមារី​រងគ្រោះ​ត្រូវ​គេ​ចាប់​រំលោភ និង​វាយ​សម្លាប់​បំបិទមាត់ ហើយ​បាន​កាឡៃ​ជា​រឿង​ទៅជា​គ្រោះថ្នាក់​ចរាចរណ៍​វិញ តែ​នាង​មិន​ស្លាប់ ​គ្រាន់តែ​រង​របួស​ធ្ងន់។


លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្រោយពី​មានការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន និង​ទូរទស្សន៍​ពី​រឿង​កុមារី​រងគ្រោះ អាយុ​១៤​ឆ្នាំ ត្រូវ​យុវជន​២​នាក់​ចាប់​រំលោភ និង​បាន​វាយ​ក្បាល​ប៉ង​សម្លាប់ តែ​មិន​ស្លាប់ គឺ​គ្រាន់តែ​រង​របួស​ធ្ងន់ ក្រោយមក​កាឡៃ​ថា​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​វិញ​នោះ ត្រូវ​បាន​លោក​អភិបាលខេត្ត​ចាត់​ឲ្យ​លោក​នាំ​មន្ត្រីរាជការ​មក​សាកសួរ​សុខទុក្ខ​គ្រួសារ​ខាងលើនេះ។


ក្នុង​ឱកាស​នោះ​ដែរ លោក​ស្រី​វរសេនីយ៍ត្រី មាស សុ​ម៉ាលី តំណាង​ឲ្យ​លោកស្នងការ​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង​បាន​មាន​ប្រសាសន៍​ថា សូម​កុំ​ឲ្យ​គ្រួសារ​រងគ្រោះ​ព្រួយបារម្ភ​អី ព្រោះ​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពុង​ចំណាត់​ការ​ក្នុង​រឿង​នេះ​យ៉ាងសកម្ម​ហើយ គឺ​រឿង​នេះ​វា​ស្ថិត​ក្នុង​ការស្រាវជ្រាវ និង​ស៊ើបអង្កេត វា​មិន​ស្ថិតក្នុង​បទល្មើស​ជាក់ស្ដែង​ឡើយ ព្រោះតែ​កើតហេតុ​ជិត​២​ខែ​មក​ហើយ។​ ចំណែក​លោក​ស្រី មាស សា​ម៉េ​ត អភិបាលរងក្រុង​កំពង់ឆ្នាំង​បាន​មាន​ប្រសាសន៍​ថា ចំពោះ​កូន​តូចៗ​២​នាក់​ដែល​ជា​កូន​គ្រួសារ​រងគ្រោះ​ខាងលើ លោកស្រី​នឹង​ជួយ​សម្រួល​ធ្វើ​សំបុត្រកំណើត និង​ចុះ​ឈ្មោះ​ចូលរៀន។


ក្នុង​នោះ​ដែរ លោកស្រី ឈឹម ចាន់​សុក ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​បាន​ជួយ​ឧបត្ថម្ភ​ខោអាវ​សម្រាស់​សិស្ស​ដល់​ក្មេង​ទាំង​២​ខាងលើ​ ម្នាក់​២​កំប្លេ សៀវភៅ​២០​ក្បាល និង​ប៊ិច​៥​ដើម ខោអាវ​នៅ​ផ្ទះ​៦​កំប្លេ និង​ថវិកា​៥​ម៉ឺន​រៀល។


លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​ឧបត្ថម្ភ​១០​ម៉ឺន​រៀល លោក​ ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច ឧបត្ថម្ភ​អង្ករ​៥០​គីឡូក្រាម​ ថវិកា​៥​ម៉ឺន​រៀល និង​លោក​ ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន ថវិកា​១០​ម៉ឺន​រៀល។​


សូម​បញ្ជាក់​ថា កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​យុវជន​២​នាក់ ក្នុងចំណោម​៤​នាក់​ ចាប់​រំលោភ​បាន​សម្រេច​រួច​បាន​វាយ​បំបែក​ក្បាល​ប៉ង​សម្លាប់ តែ​មិន​ស្លាប់ គ្រាន់តែ​រង​របួសរ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​បំភ្លៃ​ព័ត៌មាន​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទៅវិញ ប៉ុន្តែ​ក្រោយមក​៩​ថ្ងៃ បន្ទាប់ពី​នាង​ដឹងខ្លួន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រុងភ្នំពេញ បាន​ប្រាប់​ឪពុកម្ដាយ គឺជា​ករណី​ចាប់​រំលោភ ទើប​ប្តឹង​មក​សមត្ថកិច្ច​ឲ្យ​ចាត់ការ​ក្នុង​រឿង​នេះ។


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ជិត​សាលារៀន​ក្រុង​កំពង់ឆ្នាំង ខណៈ​រូប​នាង​ និង​មិត្តភ័ក្ដិ​ម្នាក់ទៀត​ត្រឡប់​មកពី​មើល​ការ​ប្រគំ​តន្ត្រី​វិញ។​


ចំពោះ​កុមារី​រងគ្រោះ​ត្រូវ​បាន​គ្រូពេទ្យ​បាន​វះកាត់​ឆ្អឹងលលាដ៍ក្បាល​មួយ​ដុំ​ធំ​យក​មក​ចិញ្ចឹម​ផ្សាំ​ក្នុង​ពោះ​ដើម្បី​ព្យាបាល​របួស​ក្នុង​ខួរ​ក្បាល ហើយ​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ខាង​មុខ​នេះ គ្រូពេទ្យ​តម្រូវ​ឲ្យ​នាង​ទៅ​វះកាត់​យក​លលាដ៍​ក្បាល​ប៉ះ​ និង​ដេរ​ភ្ជាប់​ក្បាល​វិញ។ ដោយសារ​ក្រុម​គ្រួសារ​ក្រីក្រ រូប​នាង​ និង​ក្រុម​គ្រួសារ​សុំ​អំពាវនាវ​ដល់​សម្ដេច លោកជំទាវ ឯកឧត្ដម និង​សប្បុរស​ជន មេត្តា​ជួយ​ឧបត្ថម្ភ​ថវិកា​ក្នុង​ការ​វះកាត់​ខាងលើនេះ​ជូន​រូបនាង​ដោយ​សេចក្ដី​អនុគ្រោះ​ផង៕


Pisey-2015-11-05-full-a90


 


4-11-2015a7 4-11-2015a6 4-11-2015a5 4-11-2015a1 4-11-2015a4 4-11-2015a3 4-11-2015a2




កុមារី​ដែល​គេ​ចាប់​រំលោភ​រួច​បំភ្លៃ​ថា​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ទទួល​បាន​អំណោយ​

Post a Comment

0 Comments

Close Menu