Ad Code

រយៈពេល​១០​ខែ ឆ្នាំ​២០១៥ ការនាំចេញ​អង្ករ​កើន​ឡើង​តែ​អ្នក​នាំចេញ​ព្រមាន​ពី​បញ្ហា​ទីផ្សារ

ភ្នំពេញ ​៖ ​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល ១០​ខែ ឆ្នាំ​២០១៥​នេះ មានការ​កើនឡើង​ជិត ៣៤​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤​កន្លងទៅ​។ ទោះជា​បែបនេះ​ក្ដី អ្នក​នាំចេញ​អង្ករ​បាន​លើកឡើងថា ទីផ្សារ​អង្ករ​របស់​កម្ពុជា​នឹងរង​នូវ​ផលប៉ះពាល់​មួយចំនួន​ជាពិសេស​ការទម្លាក់​តម្លៃ​អង្ករ​របស់​ថៃ និង​ការថយចុះ​នៃ​បរិមាណ​ផល​ស្រូវ​ក្នុង​រដូវ​ច្រូតកាត់​ខាងមុខ។


របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ចេញផ្សាយ​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​បានបង្ហាញ​ថា កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​១០​ខែ​កន្លងទៅ មាន​ចំនួន ៤០៨.១៦៩ (​សែសិប​ម៉ឺន​ប្រាំបី​ពាន់​មួយរយ​ហុកសិប​ប្រាំបួន​) តោន​។ អត្រា​នេះ​មាន​កំណើន ៣៣,៩% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤ ដែល​ការនាំចេញ​មាន​ទំហំ​ត្រឹមតែ ៣០៤.៧៨៨​តោន​តែប៉ុណ្ណោះ​។ ជាមួយគ្នា​ការនាំចេញ​អង្ករ​ក្នុង​ខែតុលា​ឆ្នាំនេះ​ក៏មាន​ការកើនឡើង​ផងដែរ ដោយមាន​បរិមាណ​សរុប​៣៩.០៦៤​តោន កើនឡើង ១២,១% ខណៈដែល​ការនាំចេញ​នៅ​ខែតុលា ឆ្នាំមុន​មាន​ត្រឹមតែ ៣៥.៤១៨​តោន​ប៉ុណ្ណោះ​។ ចំពោះ​ប្រទេស​ដែល​ឈរ​លេខ​រៀង​ទី​១ ក្នុង​ការបញ្ជាទិញ​អង្ករ​ពី​កម្ពុជា​គឺ​នៅតែ​ជា​ប្រទេស​ចិន និង​សហគមន៍​អឺរ៉ុប​ដដែល​។



​ ​លោក សុង សារ៉ន ប្រធាន​ក្រុមហ៊ុន​អេ​ម​រុ៍​រ៉ា​យស៍ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែតុលា​ឆ្នាំ​២០១៥​នេះ ក្រុមហ៊ុន​បាន​នាំចេញ​អង្ករ​សរុប​ចំនួន ៥​ម៉ឺន ៣​ពាន់​តោន កើនឡើង​៣៥%​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ត្រឹម​៣​ម៉ឺន៨​ពាន់​តោន​ប៉ុណ្ណោះ។ លោក​កត់សម្គាល់ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ខែតុលា​កន្លងទៅ​គឺ​មិន​ដូច​ទៅនឹង​ការរំពឹងទុក​ឡើយ ព្រោះថា​ទីផ្សារ​អង្ករ​ថ្មីៗ​របស់​កម្ពុជា​កំពុងតែ​ទទួលរង​នូវ​ផលប៉ះពាល់​ដោយសារតែ​ការ​ក្រឡុក​ទីផ្សារ​ពី​ប្រទេស​ថៃ​។ លោក​ថា បច្ចុប្បន្ន​ប្រទេស​ថៃ​កំពុង​ទម្លាក់​តម្លៃ​អង្ករ​របស់ខ្លួន​ទាប​ជាង​អង្ករ​របស់​កម្ពុជា​នៅក្នុង​ទីផ្សារ​ថ្មីៗ​ដូចជា​ប្រទេស​ចិន និង​ម៉ាឡេស៊ី​ជាដើម ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការបញ្ជាទិញ​ពី​ប្រទេស​ទាំងនេះ​មានការ​ថយចុះ​។ ការថយចុះ​នេះ​ក៏​ព្រោះតែ​លំបាក​ក្នុងការ​ប្រកួតប្រជែង​តម្លៃ​អង្ករ​ជាមួយ​ប្រទេស​ថៃ​នេះឯង​។ យ៉ាងណាក៏ដោយ​ការទម្លាក់​ថ្លៃ​អង្ករ​របស់​ថៃ​មិនបាន​ប៉ះពាល់​ដល់ទី​ផ្សារ​អង្ករ​កម្ពុជា​នៅ​សហគមន៍​អឺរ៉ុប​ឡើយ​។


​ ​អ្នក​នាំចេញ​អង្ករ​រូបនេះ កត់សម្គាល់​បន្ថែមថា ការប្រមូល​ផល​ស្រូវ​ដែល​ធ្វើឡើង​ក្នុងឆ្នាំនេះ​ក៏​នឹងមាន​ការថយចុះ​ផងដែរ ព្រោះ​កម្ពុជា​បាន​ជួបប្រទះ​នូវ​បាតុភូត Elnino ដែល​បង្ក​ជា​ភាពរាំងស្ងួត​។ កត្តា​នេះ​នឹងធ្វើ​ឲ្យ​មានការ​ធ្លាក់ចុះ​បរិមាណ​ស្រូវ​ថ្មី​ចន្លោះ​ពី ២០ ទៅ​២៥%​។ ដូច្នេះ​ការផ្គត់ផ្គង់​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​បរទេស​នឹង​មាន​កម្រិត​ទាប​ជាង​មុន​ផងដែរ​៕


M04-11-15-j1




រយៈពេល​១០​ខែ ឆ្នាំ​២០១៥ ការនាំចេញ​អង្ករ​កើន​ឡើង​តែ​អ្នក​នាំចេញ​ព្រមាន​ពី​បញ្ហា​ទីផ្សារ

Post a Comment

0 Comments

Close Menu