Ad Code

ទីក្រុង​កោះ​ពេជ្រ​និង​តំបន់​ជុំវិញ​នឹង​ក្លាយជា​ហុងកុង​ទី​២​នៅពេល​ខាងមុខ

ភ្នំពេញ ៖ សំឡេងសាងសង់​បាន​លាន់​រងំ​ចេញពី​តំបន់​កោះ​ពេជ្រ និង​តំបន់​ជុំវិញ ហើយ​បន្តិច​ម្តងៗ​អគារ​ខ្ពស់ៗ​កប់​ពពក​នៅក្នុង​ទីក្រុង​កោះ​ពេជ្រ និង​តំបន់​ជុំវិញ​បាននិងកំពុង​រីក​ទ្បើង​ដូច​ផ្សិត ដែល​បានធ្វើ​ឲ្យ​អ្នកជំនាញ​នានា​សម្តែង​សុទិដ្ឋិនិយម​ថា តំបន់​នេះ​នឹង​ក្លាយជា​ទីក្រុង​ហុងកុង​ទី​២​នាពេល​អនាគត​។



​ ​អគ្គនាយក​ក្រុមហ៊ុន​ឆៃ​លីន​ស៊ា​គ្រុប លោក​ស៊ា ឆៃ​លីន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​៣ វិច្ឆិកា​នេះ​ថា តាម​អ្វី​ដែលជា​ចក្ខុវិស័យ​របស់លោក និង​ការ​អភិ​វ​ឌ្ឍ រួមទាំង​សក្តានុពល​នៅ​តំបន់​នេះ វា​ជា​តឹកតាង​បញ្ជាក់​រួចជាស្រេច​ថា គេ​កំពុង​កែច្នៃ​តំបន់​នេះ​ឲ្យ​ដូចជា​គ្រាប់ពេជ្រ​។​លោក​បន្តថា ដោយសារ​ទីតាំង កន្លែង​ចេញចូល និង​ជា​តំបន់​មាន​ទន្លេចតុមុខ​ដ៏​ស្រស់ស្អាត តំបន់​នេះ​ពិតជា​ទាក់ទាញ​មនុស្ស​ឲ្យ​ចាប់អារម្មណ៍ និង​ចង់​រស់នៅ​កាន់តែច្រើន​។



​ ​លោក​បន្តថា “​រយៈពេល​មួយ​ទសវត្សរ៍​ទៀត តំបន់​នេះ​នឹង​អាច​លេច​រូបរាង​ដូច​ទីក្រុង​ហុងកុង បើទោះជា​វា​មិនទាន់​ដល់​កម្រិត​ពេញលេញ​ក្តី តែ​វា​ស្ថិតនៅលើ​គោលដៅ​នោះ​”​។​លោក​បន្តថា “​បច្ចុប្បន្ននេះ ខ្ញុំ​មើលឃើញ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ការតភ្ជាប់​គ្នា​នៅ​តំបន់​នោះ​មានការ​រៀបចំ​បាន​យ៉ាង​ល្អ​”​។



​ ​អ្នកនាង ​អាន សុ​ធីតា​នាយិកា​រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ CBRE Cambodia​ បាន​ថ្លែងថា តំបន់​នោះ​ពិតជា​មានការ​អភិ​វ​ឌ្ឍខ្លាំង​មែន ប៉ុន្តែ​អ្វីដែល​យើង​មានការ​ព្រួយបារម្ភ​គឺ​ការរៀបចំ​ហេ​ដ្ឋារចនា​ស​ម្ព័​ន្ធនៅ​តំបន់​នេះ ដែល​មិនទាន់​រៀបចំ​បានល្អ​នៅ​ទ្បើ​យ ព្រោះ​តំបន់​នេះ​មានការ​អភិ​វ​ឌ្ឍ​ច្រើន និងមាន​មនុស្ស​រស់នៅ​ច្រើន តែ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ហាក់​មិនទាន់​ឆ្លើយតប​តម្រូវការ​ជាក់ស្តែង​នៅ​ទ្បើ​យ​។​ អ្នកនាង​បន្តថា ទោះជា​យ៉ាងណា​ការ​អភិ​វ​ឌ្ឍនៅ​រាជធានី​ភ្នំពេញ មានការ​បែងចែក​តំបន់​ផ្សេងៗ​គ្នា ដូចជា​អគារ​ការិយាល័យ​ដែល​ល្អ គឺជា​តំបន់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុនី​វង្ស​ច្រើនជាង​។



អ្នកនាង​បន្តថា “​តំបន់​កោះ​ពេជ្រ និង​ជុំវិញ​អាច​ក្លាយជា​ទីក្រុង​ហុងកុង​ទី​២​តែ​មិន​សម្រាប់​រយៈពេល​ខ្លី​ទេ វា​អាច​ចំណាយពេល​ពី​២០​ទៅ​៣០​ឆ្នាំ​ខាងមុខ​ទៀត​”​។



ប​ច្ចុប្ប​ន្នទី​ក្រុង​កោះ​ពេជ្រ​មាន​គំរោង​អភិ​វ​ឌ្ឈ​ន៍​ជាច្រើន ដែល​បាននិងកំពុង​សាងសង់​មានដូចជា គំរោង​The ID Riviera, Casa Meridian, Diamond One, Ca&Sa, The Tween Diamond​ ទី​១ និង​ទី​២, The Elyse និង​គំរោង​សាងសង់​អគារ​កំពស់​៥៥៥​ម៉ែត្រ​ជាដើម​។ ចំណែក​តំបន់​ស្ថិតនៅ​ជុំវិញ​ក៏មាន​ច្រើន​ផងដែរ​ដូចជា សណ្ឋាគារ​ផ្កាយ​បួន​TOYOKO INN, គំរោង​ខុន​ដូ​ប្រណីត​ The Bali Scenery, គំរោង​យក្ស​ The Bridge,​និង គំរោង​ The PeAk និង​ផ្សារ​ទំនើប​ AEON Mall​ជាដើម​។


​ ​លោក​ស៊ឹង ប៊ុណ្ណា​ អគ្គនាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​បាន​ថ្លែងថា ដោយសារ​កោះ​ពេជ្រ និង​តំបន់​ជុំវិញ​ស្ថិតនៅ​ក្បែរ​ទន្លេ គឺជា​តំបន់​ដែល​តែងតែ​ទាក់ទាញ​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​មានការ​អភិ​វ​ឌ្ឍ​អគារ​លំនៅដ្ឋាន​ខ្ពស់ៗ ដូច្នេះ​ការ​ស្រមៃ​ថា តំបន់​នេះ​នឹង​ក្លាយជា​ទីក្រុង​ហុងកុង​ទី​២​ជា​រឿង​ល្អ ព្រោះ​ប្រសិនជា​យើង​មើល​ផែនការ​អភិ​វ​ឌ្ឍ គឺ​តំបន់​នេះ​នឹង​ក្លាយទៅជា​ទីក្រុង​ហុងកុង​ទី​២ នាពេល​អនាគត ហើយ​វា​នឹងមាន​ការវិវត្តទៅជា​បែបនេះ​។



​ ​លោក​បន្តថា “​តំបន់​នេះ​នឹង​ដល់​គោលដៅ ដែល​យើង​ស្រមៃ​នៅ​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ទៀត​ឬ​អត់ វា​អាស្រ័យ​លើ​ស្ថានភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​របស់​យើង​”​។​ លោក​បន្តថា “​អ្វីដែល​អ្នក​អភិ​វ​ឌ្ឍគួរ​គិតគូរ​ឲ្យ​ហើយ គឺ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ និង​រៀបចំ​ចំណត​បែបណា​ឲ្យ​បានច្បាស់លាស់​។ ពេលអនាគត​គេ​អាច​សាងសង់​ស្ពាន​ថ្មើរជើង​លើ​អាកា​សបាន​”​។



​ ​លោក​ ស៊ឹង ប៊ុណ្ណា​ បាន​បន្តថា ប្រសិនជា​យើង​មើល​ល្បឿន​នៃ​ការ​អភិ​វ​ឌ្ឍបច្ចុប្បន្ន គឺ​យើង​ត្រូវ​ប្រើ​ពេលវេលា ហើយ​ការ​អភិ​វ​ឌ្ឍលឿន​ឬ​យឺត​អាស្រ័យ​លើ​ទំនុកចិត្ត​។



​ ​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​លោក ស្រី ច​ន្ឋី​ បាន​ថ្លែងថា លោក​គិតថា​ការ​អភិ​វឌ្ឍតំបន់​នេះ ធៀប​នឹង​ទីក្រុង​ហុងកុង វា​ហា​ក់នៅ​ឆ្ងាយ​នៅ​ទ្បើ​យ ដែល​សំរាប់​រយៈពេល​៥​ឆ្នាំ​ខាងមុខ គឺ​មិនទាន់​អាចធ្វើ​បាន​នៅ​ទ្បើ​យ​ទេ តែ​ចំណាយពេល​១០​ឆ្នាំ​ទៀត​ប្រហែលជា​អាច ព្រោះ​រយៈពេល​វែង​ទៅខាង​មុខ យើង​មិនទាន់​អាច​ព្យាករណ៍​ពី​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​របស់​យើង​បាន​នៅ​ទ្បើ​យ​ទេ​។​

​ ​លោក​បន្តថា “​យើង​អាច​ទៅដល់​គោលដៅ​នោះ តែ​ត្រូវ​ចំណាយពេល និង​កែលំអហេ​ដ្ឋា​រចនា​សម្ព័ន្ធ គោលនយោបាយ ក្របខ័ណ្ឌ​ច្បាប់​ច្រើន ព្រោះ​មាន​គោលនយោបាយ​ល្អ​មិន​សំខាន់​ទេ ប្រសិន​ជាមាន​ហើយ​មិនអាច​អនុវត្តន៍​បានទេ​នោះ​”​៕​


M04-11-15-g1


 




ទីក្រុង​កោះ​ពេជ្រ​និង​តំបន់​ជុំវិញ​នឹង​ក្លាយជា​ហុងកុង​ទី​២​នៅពេល​ខាងមុខ

Post a Comment

0 Comments

Close Menu