ស្ទឹងត្រែង ៖ រថយន្តយីឌុបរបស់ក្រុមហ៊ុនឧកញ៉ាអាន ម៉ាឌី ចំនួន៣គ្រឿង ដែលដឹកឈើខុសច្បាប់នោះ មួយគ្រឿងបានចូលខ្លួនបង់ពិន័យជាង៨១លានរៀល។ ចំណែក២គ្រឿងទៀតមិនបានបង់ ត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការ។
គួររំលឹកថា រថយន្តយីឌុបទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្រោមការបញ្ជាពីលោកជា ពេជ្រព្រះរាជអាជ្ញាសាលាដំបូងខេត្ត។ រថយន្តទាំង៣គ្រឿងនោះផ្ទុកឈើប្រភេទលេខ១ជាប្រភេទឈើ សុក្រំ និងឈើផ្ចឹក ដែលមានរថយន្តទី១ផ្ទុកឈើចំនួន២៨៦ដុំ ស្មើនឹង២៥ម៉ែត្រគូប៧២១ រថយន្តទី២មានចំនួន២៨២ដុំស្មើនឹង២៥ម៉ែត្រគូប៣៣៩ និងរថយន្តទី៣ចំនួន៤៧៨ដុំស្មើនឹង៣៧ម៉ែត្រគូប៤០៩ សរុបទាំង៣គ្រឿងមានចំនួន១០៤៦ដុំស្មើនឹង៨៨ម៉ែត្រគូប៤៦៦។
រថយន្តយីឌុបដឹកឈើចំនួន៣គ្រឿង ដែលសមត្ថកិច្ចជំនាញអះអាងថា ជារបស់ក្រុមហ៊ុនឧកញ៉ាអានម៉ាឌី និងថាមានច្បាប់ត្រឹមត្រូវនោះ គឺគ្រាន់តែជាពាក្យដោះសារបស់លោកឈាង តុលានាយខណ្ឌតែប៉ុណ្ណោះ។ ក្រោយការបញ្ជារបស់លោកជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ឲ្យចុះស្រាវជ្រាវ រកលិខិតអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើនោះ ទើបដឹងថារថយន្តយីឌុបទាំង៣គ្រឿងនេះ ដឹកឈើគ្មានច្បាប់ឡើយ។ ឈើទាំង៣រថយន្តយីឌុបគឺបានមកពីការកាប់ព្រៃឈើ ពីខាងក្រៅក្រុមហ៊ុន ដែលមិនបានបង់ពន្ធជូនរដ្ឋ ក្រោមការឃុបឃិតជាមួយជំនាញរដ្ឋបាលព្រៃឈើ ដែលធ្វើឲ្យថវិកាជាតិជាច្រើនត្រូវខាតបង់។
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងថា ឈើទាំង៣រថយន្ត ដែលមានចំនួនជាង៨៨ម៉ែត្រគូបនោះ ត្រូវបានម្ចាស់ក្រុមហ៊ុនចូលខ្លួនមកបង់ពិន័យតាមច្បាប់ព្រៃឈើ ក្នុងម៉ែត្រគូប១.០៥០.០០០(មួយលានប្រាំម៉ឺនរៀល)គុណនឹង៣ស្មើនឹងមួយម៉ែត្រគូប៣.១៥០.០០០(បីលានដប់ប្រាំម៉ឺនរៀល)ឈើដែលមានចំនួនសរុប៨៨ម៉ែត្រគូប៤៦៦នោះ ត្រូវបានបង់ផាកពិន័យរហូតដល់ទៅជិត៣០០លានរៀលឯនោះ។
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តបានបន្តថា ចាប់ពីថ្ងៃបង្ក្រាបរហូតមកដល់ពេលនេះ មានរយៈពេលជាងមួយខែហើយគេបានឃើញម្ចាស់រថយន្តមួយគ្រឿង ដែលបានផ្ទុកឈើ២៥ម៉ែត្រគូប៤០៩បានចូលខ្លួនមកបង់ផាកពិន័យ ដែលមានទឹកប្រាក់ជាង៨១លានរៀល (ជាងប៉ែតសិបមួយលានរៀល)។ចំណែក២គ្រឿងទៀត ដែលមិនបានចូលបង់ផាកពិន័យ ត្រូវបានជំនាញបញ្ជូនសំណុំរឿងទៅកាន់តុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
ប្រភពដោយឡែកមួយត្រូវបានគេរាយការណ៍ថា ម្ចាស់រថយន្ត២គ្រឿង ដែលមិនបានចូលបង់ពិន័យ ម្ចាស់រថយន្តបានប្តឹងទៅក្រុមហ៊ុនលោកឧកញ៉ា ដែលបានជួលរថយន្តដឹកឈើថាឈើមានច្បាប់ តែក្រោយពីមានការបង្ក្រាបរបស់ សមត្ថកិច្ច បែរជាថាឈើគ្មានច្បាប់ទៅវិញ។ ករណីនេះក្រុមហ៊ុនមិនបានទទួលខុសត្រូវឡើយ ហើយរហូតមកដល់ពេលនេះ គេមិនទាន់ដឹងថាពាក្យបណ្តឹងនេះ បានដាក់ដល់ដៃតុលាការ ហើយឬនៅនោះទេ? បើដល់ក៏គេមិនទាន់ដឹងថាតុលាការមានចំណាត់ការយ៉ាងណាដែរ?៕
រថយន្តដឹកឈើរបស់ក្រុមហ៊ុនឧកញ៉ាអានម៉ាឌី ២គ្រឿងត្រូវបញ្ជូនទៅតុលាការ
0 Comments