កំពង់ឆ្នាំង ៖ យុវតីអាយុ១៤ឆ្នាំម្នាក់ត្រូវយុវជន២នាក់ក្នុងចំណោម៤នាក់ចាប់រំលោភបានសម្រេចរួចបានវាយបំបែកក្បាលប៉ុនប៉ងសម្លាប់តែរបួសធ្ងន់ធ្ងរ ហើយបំភ្លៃថា នាងមានគ្រោះថ្នាក់ចរាចរណ៍ត្រូវម៉ូតូបុក។ ក្រោយមក៩ថ្ងៃពេលនាងដឹងខ្លួននៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រទើបប្រាប់គ្រូពេទ្យ និងឪពុកម្ដាយថា នាងត្រូវគេចាប់រំលោភវាយរួចសម្លាប់បំបិទមាត់តែមិនស្លាប់។ ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥មកម្ល៉េះនៅម៉ោង១១និង៣០នាទីយប់ក្នុងសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅពេលនាង និងមិត្តភ័ក្ដិស្រីម្នាក់ទៀត នាំគ្នាដើរត្រឡប់មកផ្ទះវិញ បន្ទាប់មកពីមើលការប្រគំតន្ត្រីផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនថៃ នៅក្នុងស្តាតចាស់ជិតវត្តធម្មយុត្តិ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ មកដល់ពេលនេះសមត្ថកិច្ចស្រាវជ្រាវមិនទាន់រកឃើញមុខសញ្ញាជនល្មើសនៅឡើយ។
នៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥អ្នកយកព័ត៌មានយើងបានជួបយុវតីរងគ្រោះឈ្មោះស៊ិន ស្រីហូ អាយុ១៤ឆ្នាំ មានឪពុកឈ្មោះ ដួង ហៀប អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ ហែម ណារិន មានកូន៦នាក់ ស្រី២នាក់ជាគ្រួសារក្រីក្ររកបាន១ថ្ងៃសម្រាប់១ថ្ងៃពុំមានលទ្ធភាពឲ្យកូនៗចូលរៀនឡើយ ហើយគ្មានផ្ទះសម្បែងរស់នៅទេសព្វថ្ងៃបានស្ត្រីឈ្មោះ ប៊ុន សុផាណា អាយុ៥៨ឆ្នាំ មានក្តីមេត្តាឲ្យសំយាបផ្ទះស្នាក់នៅ និងជួយឧបត្ថម្ភម្តងម្កាលពេលដាច់បាយ ហើយមកស្នាក់នៅជាងមួយឆ្នាំហើយ នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
យុវតីរងគ្រោះ និងក្រុមគ្រួសារបាននិយាយឲ្យដឹងថា នៅពេលនាងរងរបួសក្នុងរឿងចាប់រំលោភខាងលើគ្រូពេទ្យបានវះកាត់ឆ្អឹងលលាដ៍ក្បាលមួយដុំធំយកមកចិញ្ចឹមផ្សាំក្នុងពោះ ដើម្បីព្យាបាលរបួស
ក្នុងខួរក្បាល ហើយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះគឺជាថ្ងៃគ្រូពេទ្យនៃមន្ទីរពេទ្យកាលម៉ែត្រក្រុងភ្នំពេញកំណត់ឲ្យទៅវះកាត់យកលលាដ៍ក្បាលពីក្នុងពោះមកប៉ះ និងដេរភ្ជាប់លើក្បាលវិញ។ ប៉ុន្តែក្រុមគ្រួសាររបស់នាងសូម្បីតែលុយមួយម៉ឺនរៀលក្នុងផ្ទះក៏គ្មានដែរ ហេតុនេះពួកនាងបានលើកដៃសំពះស្នើសុំក្តីមេត្តាដល់សម្ដេច លោកជំទាវ ឯកឧត្តម និងសប្បុរសជន មេត្តាជួយឧបត្ថម្ភថវិកាក្នុងការវះកាត់ខាងលើជូនដល់យុវតីរងគ្រោះ ដោយក្តីសន្តោសមេត្តាផងចុះ។
ដោយឡែកក្រុមគ្រួសារយុវតីរងគ្រោះសូមសំណូមពរផងដែរដល់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តដែលកំពុងស្រាវជ្រាវសំណុំរឿងនេះថា ករណីចាប់រំលោភខាងលើនេះពិតជាមានការទាក់ទងជាមួយមិត្តភ័ក្ដិស្រីរបស់នាង ព្រោះក្រោយពេលកើតហេតុមិត្តភ័ក្ដិនាងបានឃើញ និងដឹងឮទាំងអស់ក្នុងរឿងនេះ ប៉ុន្តែក្រោយពេលកើតហេតុបែរជានាងបំភ្លៃប្រាប់ក្រុមគ្រួសារជនរងគ្រោះថា ជនរងគ្រោះមានគ្រោះថ្នាក់ចរាចរណ៍ត្រូវម៉ូតូបុកទៅវិញ។ ក្រុមគ្រួសារជនរងគ្រោះស្នើសុំសមត្ថកិច្ចរកឲ្យឃើញមុខសញ្ញាជនល្មើស និងបក្ខពួកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានឆាប់ៗ និងមិនត្រូវលើកលែងឲ្យឡើយ៕
យុវតីម្នាក់ត្រូវជនដៃដល់២នាក់រំលោភ ហើយបំភ្លៃថា នាងជួបគ្រោះថ្នាក់ចរាចរណ៍
0 Comments