កុមារ ដែលគ្មានសញ្ជាតិច្បាស់លាស់បានចាប់កំណើតជារៀងរាល់ ១០នាទី។ នេះបើតាមអង្គការសហប្រជាជាតិបានឱ្យដឹង ដោយបានព្រមានថា បញ្ហានេះនឹងកើតមានកាន់តែខ្លាំងឡើង ខណៈដែលជម្លោះនៅក្នុងប្រទេសស៊ីរី បានបង្កឱ្យមានវិបត្តិចំណាកស្រុក និងជនភៀសខ្លួន នៅទូទាំងពិភពលោក។
របាយការណ៍ថ្មីមួយ ដោយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បានបង្ហាញអំពីផលវិបាករយៈពេលវែង នៃភាពគ្មានសញ្ជាតិសម្រាប់កុមារ ដូចជាការដកហូតនៃការថែទាំសុខភាព ការអប់រំ និងការទទួលបានផ្សេងៗ សម្រាប់ឱកាសការងារ នាពេលអនាគត។
បញ្ហានេះគឺមានសភាពដ៏ធ្ងន់ ជាពិសេសក្នុងចំណោមជនចំណាកស្រុក និងជនភៀសខ្លួនដែលរងផលប៉ះពាល់ដូចដែលការប៉ះទង្គិចបានថ្លែង។ របាយការណ៍នេះនឹងត្រូវបានបើកដំណើរការ ដោយប្រធានអង្គការ UNHCR លោក Antonio Guterres នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅឯទីក្រុងញូវយ៉ក នៅថ្ងៃពុធ។
នៅក្នុងប្រទេសស៊ីរី កុមារអាចទទួលសញ្ជាតិបានតាមរយៈឪពុករបស់ពួកគេតែប៉ុណ្ណោះ ប៉ុន្តែសង្គ្រាមស៊ីវិលរយៈពេល ៤ឆ្នាំ បានបង្ខំឱ្យមនុស្សជាង ៤ លាននាក់ បានចាកចេញពីប្រទេស ហើយបានបន្សល់ទុកនូវ ២៥ ភាគរយនៃគ្រួសារជនភៀសខ្លួនកំព្រាឪពុក។
ស្ត្រី ដែលបានភៀសខ្លួនពីស៊ីរី អំឡុងពេលមានផ្ទៃពោះបានប្រាប់ ក្នុងបទសំភាសន៍របស់អង្គការសហប្រជាជាតិថា ក្តីសង្ឃឹមសម្រាប់ថ្ងៃមួយវិលត្រឡប់ទៅផ្ទះវិញ ជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ អាចនឹងត្រូវបានកម្ទេចដោយសារគ្មានសំបុត្រកំណើត ដើម្បីបញ្ជាក់ថាកូនរបស់ខ្លួនជាជនជាតិស៊ីរី។
សង្គ្រាមរបស់ប្រទេសស៊ីរី បានបង្ខំឱ្យមនុស្សរាប់រយពាន់នាក់ ស្វែងរកការជ្រកកោននៅអឺរ៉ុប រួមទាំងស្ត្រី ដែលបានផ្ដល់កំណើត ខណៈពេលព្យាយាមផ្លាស់ទីឆ្លងកាត់ព្រំដែន។
ទីភ្នាក់ងារនេះបានឱ្យដឹងថា នៅក្នុងប្រទេសចំនួន ២០ ដែលធ្វើជាម្ចាស់ផ្ទះនៃប្រជាជនគ្មានសញ្ជាតិដ៏ធំបំផុតនេះ “មានកុមារគ្មានសញ្ជាតិយ៉ាងហោចណាស់ ៧០,០០០នាក់ ត្រូវបានចាប់កំណើតជារៀងរាល់ឆ្នាំ” ឬម្នាក់ជារៀងរាល់ ១០នាទី។
Guterres បានថ្លែងថា៖ “ក្នុងរយៈពេលខ្លីសម្រាប់កុមារ ដែលចាប់កំណើតនោះ ភាពគ្មានសញ្ជាតិអាចផ្តល់ជាបញ្ហាមួយដល់ពួកគេ នៅក្នុងពេលកុមារភាព នឹងធ្វើការដាក់ទុក្ខទោសដល់ពួកគេអស់មួយជីវិត ដោយសារការរើសអើង ការខកចិត្ត និងភាពអស់សង្ឃឹម”។
របាយការណ៍នេះបាននិយាយថា៖ “កុមារជាច្រើនលាននាក់ បានមើលឃើញកុមារភាពរបស់ពួកគេ រសាត់បាត់ទៅ ដោយគ្មានអារម្មណ៍ជាកម្មសិទ្ធិ និងការការពារដែលភ្ជាប់មកជាមួយសញ្ជាតិ”។
របាយការណ៍នេះ បានកត់សម្គាល់ក្នុង ៣០ ប្រទេសថា មានឯកសារថ្នាក់ជាតិត្រូវបានទាមទារ ដើម្បីចូលដំណើរការព្យាបាលវេជ្ជសាស្ត្រ ជាមូលដ្ឋាន ខណៈពេលដែលនៅក្នុង ២០ ប្រទេសនោះ កុមារដែលគ្មានសញ្ជាតិមិនអាច សូម្បីតែទទួលបានថ្នាំបង្ការ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានស្នើវិធានការជាច្រើន ដើម្បីលុបបំបាត់បញ្ហានៃភាពគ្មានប្រទេសនេះ រួមទាំងធ្វើកំណែទម្រង់ចំពោះច្បាប់រើសអើង ដែលមិនឱ្យម្តាយផ្តល់សញ្ជាតិទៅដល់កូនរបស់ពួកគេ។
អង្គការ UNHCR បាននិយាយបន្ថែមទៀតថា កុមារគួរតែក្លាយជាជនជាតិនៃប្រទេសមួយ ដែលពួកគេបានកើតមកនេះបានដោយស្វ័យប្រវត្តិ ។
របាយការណ៍នេះ បានកំណត់ការរើសអើងថា ជាមូលហេតុចម្បងនៃភាពគ្មានប្រទេស ដែលនេះបានចង្អុលទៅកាន់ ២០ ប្រទេស ដែលការផ្តល់សញ្ជាតិត្រូវបានបដិសេធក្នុងមូលដ្ឋាននៃជាតិសាសន៍ ពូជសាសន៍ ឬសាសនា។
នៅក្នុងប្រទេសខ្លះ ច្បាប់ហាមឃាត់ការរើសអើងបែបនេះមិនត្រូវបានអើពើ នៅក្នុងការអនុវត្ត ដូចជាសាធារណរដ្ឋដូមីនិក ជាកន្លែងដែលជនជាតិហៃទីជាញឹកញាប់ ត្រូវបានបដិសេធដោយពលរដ្ឋដូមីនិក។ នេះបើតាម UNHCR បាននិយាយ។
ទីភ្នាក់ងារជនភៀសខ្លួន បានកំណត់គោលដៅក្នុងការលុបបំបាត់ភាពគ្មានសញ្ជាតិនៅឆ្នាំ ២០២៤៕
AFP
អង្គការសហប្រជាជាតិ បានព្រមានពីបញ្ហាកុមារគ្មានសញ្ជាតិ ចាប់កំណើតរៀងរាល់ ១០ នាទី
0 Comments