ប្រធានជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឲ្យដឹងកាលពីថ្ងៃអង្គារថា ធនធានរួមបញ្ចូលគ្នានៃទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិគឺកាកបាទក្រហម និងអង្គការមនុស្សធម៌គឺលែងមានគ្រប់គ្រាន់ទៀតហើយ ដើម្បីការពារមនុស្ស៦០លាននាក់ដែលបានផ្លាស់ទីលំនៅដោយសង្គ្រាម និងការធ្វើទុក្ខបុកម្នេញនៅជុំវិញពិភពលោក។
លោក Antonio Guterres បានប្រាប់គណៈកម្មាធិការសិទ្ធិមនុស្សនៃមហាសន្និបាតថា រដ្ឋាភិបាល ប្រជាពលរដ្ឋឯកជន សាជីវកម្ម និងគ្រឹះស្ថាននានាបានផ្តល់ថវិកាចំនួន៣.៣ពាន់លានដុល្លារដល់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនកាលពីឆ្នាំមុន ប៉ុន្តែថវិកាមនុស្សធម៌នេះគឺមិនគ្រប់គ្រាន់ទេ។
លោក Guterres បាននិយាយថា ការមកដល់ជាទ្រង់ទ្រាយធំរបស់ជនជាតិស៊ីរី អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងអេរីទ្រានៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេក្នុងឆ្នាំនេះគឺជាការខ្វះខាតមូលនិធិមនុស្សធម៌។
លោក Guterres បានឲ្យដឹងថា បច្ចុប្បន្ននេះ៧០ភាគរយនៃជនភៀសខ្លួនស៊ីរីនៅក្នុងប្រទេសលីបង់គឺកំពុងរស់នៅក្នុងភាពក្រីក្រ ហើយ៨៦ភាគរយនៅក្នុងតំបន់ទីក្រុងនៃប្រទេសហ្សកដានីគឺកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្ររបស់ប្រទេសនេះ។
លោកបាននិយាយថា អង្គការ UNHCR កំពុងតែព្យាយាមផ្តល់ប្រាក់ និងសម្ភារៈទីជំរកដល់ការកើនឡើងនៃចំនួនគ្រួសារដែលងាយរងគ្រោះខ្លាំង។ ហើយកាលពីដើមឆ្នាំនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោកត្រូវបង្ខំចិត្តកាត់បន្ថយជំនួយរបស់ខ្លួនប្រមាណ៣០ភាគរយដែលបានធ្វើឲ្យជនភៀសខ្លួនជាច្រើនមានអារម្មណ៍ថា សហគមន៍អន្តរជាតិកំពុងចាប់ផ្តើមបោះបង់ចោលពួកគេ។
ខណៈពេលដែលវិបត្តិជនភៀសខ្លួន និងជនចំណាកស្រុកនៅក្នុងតំបន់អឺរ៉ុបបានកើនឡើងខ្ពស់លោក Guterres បាននិយាយថា មានការប្រកាសជាថ្មីនៃការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ជនភៀសខ្លួននៅក្នុងប្រទេសជិតខាង។
លោកបានបន្តថា ការអំពាវនាវចំនួន៣៤របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់នូវជំនួយមនុស្សធម៌ដល់មនុស្ស៨២លាននាក់ដែលត្រូវការនៅជុំវិញពិភពលោកគឺទទួលបានតែ៤៦ភាគរយប៉ុណ្ណោះហើយ UNHCR រំពឹងថា នឹងទទួលបានតិចជាងពាក់កណ្ដាលនៃប្រាក់ដែលខ្លួនត្រូវការនៅក្នុងឆ្នាំនេះ។
លោក Guterres បាននិយាយថា មនុស្សប្រមាណ ៧៥០ ០០០ នាក់បានមកដល់នៅលើច្រាំងសមុទ្ររបស់អឺរ៉ុបចាប់តាំងពីខែមករាមក ខណៈមនុស្សជាង ៣៤០០ នាក់បានលង់ទឹកស្លាប់ ហើយចំនួនអ្នកស្លាប់កំពុងកើនឡើងយ៉ាងឆាប់រហ័សជាមួយអាកាសធាតុកាន់តែអាក្រក់។ លោកបាននិយាយថា គ្រាន់តែនៅសប្ដាហ៍មុនប៉ុណ្ណោះ មានការលិចនាវាចំនួន១៣លើកនៅឯឆ្នេរសមុទ្រនៃប្រទេសក្រិកហើយមនុស្សជាង១៥០នាក់បានស្លាប់ ឬកំពុងបាត់ខ្លួនដោយរួមទាំងកុមារជាច្រើននាក់ផងដែរ។
លោក Guterres បានបញ្ជាក់ថា សហភាពអឺរ៉ុបមានសមត្ថភាពក្នុងការគ្រប់គ្រងវិបត្តិនេះប៉ុន្តែការអនុវត្តន៍សេចក្ដីសម្រេចរបស់ខ្លួនក្នុងការផ្លាស់ប្ដូរទីតាំងនៃអ្នកសុំសិទ្ធិជ្រកកោនប្រមាណ ១៦០ ០០០ នាក់គឺមានភាពយឺតយ៉ាវពេក ហើយមណ្ឌលទទួលស្វាគមន៍ ការចុះឈ្មោះ និងការតាមដានចំពោះមនុស្សរាប់សិបពាន់នាក់គឺជាការចាំបាច់ជាបន្ទាន់៕
AP
អង្គការសហប្រជាជាតិ ៖ ការខ្វះខាតមូលនិធិបង្កឲ្យមានការហូរចូលនៅអឺរ៉ុប
0 Comments