Ad Code

ដំណើរ​ដើមទង​នៃ​ការកំណត់​ឈ្មោះ ​«​ភ្នំ​ដោះ​ក្រមុំ​»

មណ្ឌលគិរី​ ៖ «​ភ្នំ​ដោះ​ក្រមុំ​» គឺជា​បូជនីយដ្ឋាន​ទេសចរណ៍​តែមួយគត់​នៅក្នុង​ខេត្តមណ្ឌលគិរី​សម្រាប់​ជនជាតិភាគតិច​ និង​ខ្មែរ​ធ្វើការ​គោរ​ពបូជា​ទៅតាម​ជំនឿ​ទំនៀម​ទម្លាប់​របស់​ពួកគេ​។ នៅ​ភ្នំ​ដោះ​ក្រមុំ​ប្រជាជន​ភាគច្រើន​មាន​ជំនឿ​ថា ​ព្រលឹង​វិញ្ញាណ​ស័ក្តិសិទ្ធិ​នៅ​ថែរក្សា​ទី​ដ៏​មនោ​រម្យ​នេះ ហើយ​ទាំង​ភ្ញៀវ​ទេសចរ​ និង​អ្នកស្រុក​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​ដោះ​ក្រមុំ ​ដើម្បី​បន់ស្រន់​សុំ​សេចក្ដីសុខ​ចម្រើន​។ ​


ពី​ជើងភ្នំ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ដោះ​ក្រមុំ​ដែល​មាន​ផ្ទៃ​ទេសភាព​ពណ៌​ខៀវស្រងាត់​នោះ​គឺ​លោកអ្នក​អាច​ធ្វើ​ដំណើរ​ ឬ​បើកបរ​រថយន្ត​ឡើង​តាមផ្លូវ​ទើបនឹង​ធ្វើ​ថ្មី​ទៅដល់​អាស្រម​លោកតា​ស្រុះ ​ឯលើ​កំពូលភ្នំ​តែ​ម្តង​។ បន្ទាប់ពី​លោកអ្នក​ធ្វើការ​បែរបន់​ហើយ​នោះ​ គេ​ក៏​អាច​គយគន់​ទេសភាព​ពីលើ​កំពូលភ្នំ​បាន​យ៉ា​ង​រីករាយ​ថែមទៀត​ផង​។​



បូជនីយដ្ឋាន​ទេសចរណ៍​ភ្នំ​ដោះ​ក្រមុំ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ ឃុំ​សុខដុម ស្រុក​សែន​មនោ​រម្យ មានចម្ងាយ​ផ្លូវ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តមណ្ឌលគិរី ​និង​មាន​ផ្ទៃដី​១០០​ហិកតា​ ហើយក៏​មាន​ប្រជាជន​រស់នៅ​តំបន់​នេះ​ប្រមាណ​២០៩២​គ្រួសារ ​ដោយ​ចាប់​យក​របរការ​ធ្វើ​កសិកម្ម ​ដើម្បី​ចិញ្ចឹ​ម​ជីវិត​។​



​ដំណើរ​ដើមទង​នៃ​ការកំណត់​ឈ្មោះ​បូជនីយដ្ឋាន​ទេសចរណ៍​នេះ​គឺ​យោងទៅតាម​ព្រេង​និទាន​មួយ​ដែល​បាន​តំណាល​ថា​ មាន​បុរស​ម្នាក់​ឈ្មោះ​ស្រុះ​ រស់នៅ​ភូមិ​អូរ​ទ្រូ​ តែងតែ​ធ្វើដំណើរ​ញឹកញាប់​ទៅ​លេង​បងប្អូន​នៅ​ភូមិ​ត្រពាំង​អំពិល​ ហើយ​បាន​ចាប់ចិត្ត​បេតី​នឹង​នារី​ម្នាក់​ឈ្មោះ ​ផ្លំ ​និង​ទាក់ទង​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​គ្នា​។ កំលោះ​ស្រុះ​ក៏បាន​សុំ​ឪពុកម្ដាយ​ចូល​ស្តី​នាង​ ផ្លំ ហើយ​ឪពុកម្ដាយ​ នាង​ ផ្លំ​ ក៏​យ​ល់​ព្រម​តែ​ពុំ​ទាន់​កំណត់​ពេលវេលា​ ព្រោះ​មង្គលការ​កំណត់​ទៅ​បាន​លុះត្រាតែ​កូនកំលោះ​អា​ចរក​បណ្ដា​ការ​សម្រាប់​​ជូន​ទៅ​ខាង​កូនក្រមុំ​សព្វគ្រប់​សិន ​ដូចជា ​ក្របី គោ ជ្រូក មាន់​ទា ស្រា​ពាង ព្រម​ទាំង​គ្រឿងអលង្ការ​ជាដើម។ ស្រប​ពេល​គ្រួសារ​ស្រុះ​រក​ជំនូន​បាន​ហើយក៏​ជួន​ត្រូវ​ចំ​ពេល​ប្រមូល​ផល​ស្រូវ ដូច្នេះ​ពិធី​រៀបការ​ត្រូវ​ពន្យារពេល​សិន​ដោយ​គេ​ត្រូវ​រៀបចំ​ពិធី​សែន​ព្រលឹង​ស្រូវ​ជាមុន ពីព្រោះ​គេ​មាន​ជំនឿ​ថា ​ការ​ប្រមូល​ស្រូវ​មក​ដាក់​ជង្រុក​ហើយ​មិន​ទាន់​បាន​សែន​គឺ​មិនអាច​យក​ទៅ​បុក​បរិភោ​គ ​ឬក៏​ប្រើប្រាស់​សម្រាប់​ពិធី​មង្គលការ​បាន​ឡើយ​ នាំ​ឲ្យ​មាន​គ្រោះ​ចង្រៃ​ដល់​គូស្រករ​ថ្មី​។​

​ ​

ថ្ងៃ​នោះ​គ្រួសារ​ នាង ​ផ្លំ ​រៀបចំ​សែន​ព្រលឹង​ស្រូវ ពេលនោះ​ឪពុកម្ដាយ ​នាង ​ផ្លំ ​ឆ្ងល់​យ៉ាង​ខ្លាំង​ព្រោះ​នាង ​ផ្លំ​ បាន​ទៅ​ដងទឹក​យូ​រពេក​មិនឃើញ​ត្រឡប់មកវិញ ហើយ​មនុស្ស​គ្រប់គ្នា​ក៏​ចេញ​ដើររក​គ្រប់​ទិស​ទី ​និង​ទៅ​រក​ដល់​កន្លែង​ដងទឹក​ឃើញ​តែ​ឃ្លោក​សម្រាប់​ដងទឹក​តែ​មិនឃើញ​ នាង ​ផ្លំ ដំណឹង​នេះ​ធ្វើ​ឲ្យ​ស្រុះ​ព្រួយចិត្ត​យ៉ាង​ខ្លាំង ​ដោយ​គេ​នៅតែ​បន្ត​ព្យាយាម​ដើររក​នាង​ផ្លំ​ជានិច្ច​។ លុះ​ថ្ងៃមួយ​ស្រុះ​ត្រូវ​ទៅ​កាប់​ឫស្សី​នៅ​ក្បែរ​ភ្នំ​ពីរ​គឺ​ភ្នំ​មួយ​មានព្រលឹង​ លោកយាយ​ ជី​ហូវ ​ថែរក្សា​ និង​ភ្នំ​មួយទៀត​មាន​ព្រ​លឹង​ លោក​យាយ ជី​ហ្គ​រ ​ថែរក្សា នៅពេល​ឃើញ​ស្រុះ​ជញ្ជូន​ឫស្សី​មក​ដាក់​នៅ​ក្បែរ​អណ្ដូង​ទឹក​លោក​យាយ​ទាំងពីរ​ក៏​ប្រាប់ ​នាង ​ផ្លំ​ ឲ្យ​មក​ជួប​គូ​ដណ្ដឹង ខណៈនោះ​ស្រុះ​ភ្ញាក់​យ៉ាង​ខ្លាំង​នឹង​វត្តមាន​នាង​ផ្លំ​។


នាង​ផ្លំ​ក៏បាន​រៀបរាប់​សេចក្តី​នឹករលឹក​របស់​ខ្លួន​ចំពោះ​ស្រុះ​រួម​ទាំង​ដំណើរ​ជីវិត​នាង​ក្នុង​ពេល​បាត់​ខ្លួន ដោយ​នាង​បញ្ជាក់​ថា​ លោកយាយ​ទាំងពីរ​បាន​ឃាត់​នាង​ឲ្យ​នៅ​ជួយ​ថែរក្សា​ទឹកដី​ម្តុំ​នេះ រួច​ ផ្លំ​ ក៏​បបួ​ល​ស្រុះ​ឲ្យ​មក​រស់នៅ​ជាមួយ​នាង​ ដើម្បី​កសាង​សុភមង្គល​ជាមួយគ្នា​ ហើយ​ស្រុះ​ក៏​មិនបាន​បដិសេធ​នឹង​សំណើ​របស់ ​នាង ​ផ្លំ ​ជា​គូ​ដណ្ដឹង​នោះ​ឡើយ​។​

​ ​

អ្នកភូមិ​ក៏​ចាប់ផ្តើម​ភ្ញាក់ផ្អើល​នឹង​ការ​បាត់​ខ្លួន​ស្រុះ​ជា​បន្ត ដូច្នេះ​គេ​ក៏​នាំគ្នា​ធ្វើ​ពិធីសែនព្រេន​សូមកុំ​ឲ្យ​មាន​បាត់​មនុស្ស​ក្នុងភូមិ​បន្ត​ទៀត​។ ចូល​ដល់​រដូវ​កាប់ចម្ការ​ឪពុក​ស្រុះ​បាន​ទៅ​ធ្វើ​ចម្ការ ​ឯ​ភ្នំ​ជី​ហូ​វ ​និង​ភ្នំ​ជី​ហ្គ​រហើយ​ក៏បាន​ជួប ​ស្រុះ​ និង​នាង​ផ្លំ ​រួច​អ្នក​ទាំងពីរ​ក៏បាន​រៀបរាប់​ប្រាប់​ឪពុក​ថា​ គេ​ទាំងពីរ​គឺជា​អ្នក​ជួយ​មើលថែ​ភូមិ​ស្រុក​ម្តុំ​នេះ​ សូម​ពុក​ម៉ែ​បងប្អូន​កុំ​ពិបាកចិត្ត​អី បើ​មានទុក្ខ​សូម​ធ្វើ​ពិធី​សែន​ដល់​ម្ចាស់​ទឹក​ម្ចាស់ដី ​និង​បារមី​ភ្នំ​នេះ​ទៅ​នឹង​បាន​សេចក្ដីសុខ​ហើយ​។ ម្យ៉ាងវិញទៀត​លោកយាយ​ទាំងពីរ​បាន​ផ្ដាំ​ថា ​សូម​ឲ្យ​ហៅ​ភ្នំ​នេះ​ថា​«​ភ្នំ​ស្រុះ​ផ្លំ​»​វិញ​។ ​លុះ​ក្រោយ​មក​ទៀត​គេ​ក៏បាន​ហៅ​ភ្នំ​នោះ​ថា​ «​ភ្នំ​ដោះ​ក្រមុំ​»​ គឺ​ហៅ​តាម​មន្ត្រីរាជការ​ម្នាក់​ដែល​បាន​ចុះទៅ​បំពេញបេសកកម្ម​រៀបចំ​ដែនដី​តំបន់​ជុំវិញ​ភ្នំ​នោះ​នៅ​អំឡុង​ទសវត្ស​១៩៥០ ដើម្បី​បង្កើត​ខេត្ត​ថ្មី​មួយទៀត​គឺ​ខេត្តមណ្ឌលគិរី​។​

​ ​

ចំពោះ​ការកំណត់​យកឈ្មោះ​ក្រោយ​ហៅថា​«​ភ្នំ​ដោះ​ក្រមុំ​»​នេះ​គឺ​គេ​នាំគ្នា​ហៅ​ទៅតាម​រូបភាព​របស់​ភ្នំ​ដែល​មាន​រាងដូចជា​សុដន់​នារី​ក្រមុំ​ដែល​កំពុង​ដេក​ផ្ងារ បន្ទាប់មក​ក៏បាន​ជ្រួតជ្រាប​ទៅដល់​បងប្អូន​ខ្មែរ​ និង​ព្នង​មាន​ជំនឿ​យ៉ាង​ខ្លាំង​ទៅលើ​បារមី​ភ្នំ​នេះ ​រួច​គេ​ក៏បាន​នាំគ្នា​សង់​ខ្ទម​មាន​ដាក់​ដុំ​ថ្ម​ជា​និមិត្តរូប​ផង​។ ក្រោយមក​នៅ​ថ្ងៃទី​៣០ ​ខែមិថុនា ​ឆ្នាំ​២០០៤​គេ​ក៏បាន​ធ្វើ​រូប​បដិមា​ថ្មកែវ​តំណាង​ឲ្យ​លោកតា​ស្រុះ ​ភ្នំ​ដោះ​ក្រមុំ​ និង​ធ្វើ​អាស្រម​ជាថ្មី​នៅ​លើ​កំពូលភ្នំ​សម្រាប់​គោរព​បូជា​។ ចាប់តាំងពី​ពេលនោះ​មក​ភ្នំ​ដោះ​ក្រមុំ​ក៏បាន​ក្លាយទៅជា​ទី​ដ៏​មនោ​រម្យ​នៃ​ធម្មជាតិ ​និង​មាន​មនុស្សម្នា ​ភ្ញៀវ​ទេសចរ​ ឡើង​ទៅ​លេង​ស្រូប​យក​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ ព្រមទាំង​ជា​ការ​គោរព​ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ​បារមី​លោកតា​ស្រុះ​នៅ​បូជនីយដ្ឋាន​ទេសចរណ៍​នេះ​ផង​ដែរ​៕​


21-11-2015j


​ ​


​ ​

​ ​





ដំណើរ​ដើមទង​នៃ​ការកំណត់​ឈ្មោះ ​«​ភ្នំ​ដោះ​ក្រមុំ​»

Post a Comment

0 Comments

Close Menu