ស្វាយរៀង ៖ យុវជនយុវតីដែលជាសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងទូទាំងខេត្តនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះនៅមន្ទីរពេទ្យខេត្តបាននាំគ្នាស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យខេត្ត ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋដែលគ្រោះថ្នាក់ផ្សេងៗ ហើយខ្វះឈាម។ យុវជន យុវតីនៅខេត្តស្វាយរៀងនាំគ្នាស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដ៏មានអត្ថន័យដ៏ជ្រាលជ្រៅបំផុត។
លោក ទុំ សារ៉ាវុត អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានឲ្យដឹងថា តាមគម្រោង យុវជន យុវតី ទូទាំងខេត្តស្ម័គ្រចិត្តមកបរិច្ចាគឈាមនាពេលនេះប្រមាណជាង១០០នាក់ប៉ុន្តែដោយធនាគារឈាមគ្មានឃ្លាំងស្តុកទុក យើងទទួលឈាមតាមជាក់ស្ដែងប៉ុណ្ណោះ ក្រៅពីនោះខាងមន្ទីរពេទ្យធ្វើតេស្ដឈាមឲ្យដឹងប្រភេទឈាម ហើយកត់ឈ្មោះទុកពេលណាខាងមន្ទីរពេទ្យត្រូវការឈាមលោកមានរថយន្តទៅទទួលឈាមដល់មូលដ្ឋានតែម្ដង។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ពន្យល់ដល់យុវជនយុវតីដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមនោះថា ការធ្វើអំណោយឈាមចំនួន៣០០ម.លមិនមានផលប៉ះពាល់ដល់សុខភាពដល់ប្អូនៗជា យុវជន យុវតី នោះទេ ព្រោះឈាមប្រៀបដូចជា កាត់សក់ និងក្រចកដៃដែលយើងកាត់ត្រូវដុះមកថ្មីជាធម្មតាគឺខ្លួនយើងអ្នកបង្កើតដោយខ្លួនឯង។ ក្នុងខ្លួនមនុស្សយើងក៏មានប្រព័ន្ធខួរឆ្អឹងខ្នងជាអ្នកបង្កើតគ្រាប់ឈាមក្រហមជំនួសវិញ។ ចំពោះគ្រាប់ឈាមក្រហម បើមិនធ្វើអំណោយឈាមក៏វាងាប់ត្រឹមតែអាយុ១២០ថ្ងៃប៉ុណ្ណោះ ហើយវាបង្កើតថ្មីវិញជាអចិន្ត្រៃយ៍។
លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្តមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ពិសេស លោក ឌី វិជ្ជា ជាប្រធានបានដឹកនាំយុវជន យុវតី ធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះជាលើកទី៧ ហើយដែលខាងមន្ទីរពេទ្យបានទទួលឈាមពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។
លោកប្រធានបានសន្យាថា ឈាមដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានទាំងនេះយកទៅជួយសង្គ្រោះប្រជាពលរដ្ឋឲ្យចំគោលដៅប្រកបដោយតម្លាភាពខ្ពស់៕
យុវជន យុវតីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យខេត្ត
0 Comments