អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា២រូប គឺផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធ និងម៉នសាម៉េត ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ ក្នុងកម្មវិធីប្រដាល់ខារ៉ាបាវ នាយប់ថ្ងៃអាទិត្យទី២២វិច្ឆិកានេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
ផល សោភ័ណ្ឌ គេនឹងត្រូវជួបអ្នកប្រដាល់ថៃឈ្មោះShaming Death ក្នុងទម្ងន់៦៣,៥០០គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះ មិនធ្លាប់មកប្រកួតជាមួយអ្នកប្រដាល់ខ្មែរទេកន្លងមក ។
Shaming Death អ្នកប្រដាល់ថៃរូបនេះ ជាអ្នកប្រដាល់មិនធម្មតានោះឡើយ។ នេះបើតាមអ្នកផ្គូផ្គងប្រចាំសង្វៀនបាយ័នស្ទឹងមានជ័យ និយាយឲ្យដឹង។ អ្នកប្រដាល់ថៃ Shaming Death មានប្រវត្តិប្រកួតនិងបទពិសោធន៍លើរេញច្រើនគួរសមដែរ។
ផល សោភ័ណ្ឌ ជាលើកទី១៤ របស់គេហើយ ដែលជួបប្រកួតជាមួយថៃនេះ។ កាលពីថ្ងៃទី០៧វិច្ឆិកាកន្លងមកនេះ សោភ័ណ្ឌបានផ្តួលអ្នកប្រដាល់ថៃឈ្មោះ Phlav Fai អោយសន្លប់ក្នុងទឹកទី២ បន្ទាប់ពីអ្នកប្រដាល់ថៃនោះ ត្រូវមួយកែងបត់ឆ្វេងរបស់សោភ័ណ្ឌចំគុម្ពថ្គាមនោះ ។ សម្រាប់លើកនេះ ពុំដឹងថាសោភ័ណ្ឌអាចជួបសំណាងបែបនេះទៀត ឬក៏អត់នោះទេ ? ។
ផល សោភ័ណ្ឌ គេមានប្រវត្តិប្រកួតចំនួន ៩៤លើក ឈ្នះ៨៣លើក និងចាញ់១១លើក មិនដែលស្មើ ហើយធ្លាប់ផ្តួលគូប្រកួតអោយសន្លប់លើរេញចំនួន២៣លើក។ ចាំមើល រវាងផល សោភ័ណ្ឌ និង អ្នកប្រដាល់ថៃ Shaming Death តើនរណាជាអ្នកឈ្នះនោះ ?។
ចំពោះ អ្នកប្រដាល់ម៉ន សាម៉េត ម្ចាស់ខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់៥៧ គីឡូក្រាម ក្លិបការិយាល័យទី៥ កងទ័ពជើងគោក នឹងត្រូវស្វាគមន៍អ្នកប្រដាល់ថៃឈ្មោះChhork Mong kon ដោយប្រកួតក្នុងទម្ងន់៥៩គីឡូក្រាម ។
ជាលើកទី៦ សម្រាប់ម៉ន សាម៉េតហើយ ដែលបានជួបប្រកួតជាមួយថៃនេះ ។ សាម៉េតជួបថៃAnuwat Rifoneyលើកទី១នោះ (១៩មេសា២០១៤) គេវាយចាញ់ដោយពិន្ទុ លើកទី២គេវាយចាញ់ថៃKleng Kit ក្នុងទឹកទី៣ លើកទី៣វាយឈ្នះKung Sayamដោយពិន្ទុ លើកទី៤វាយស្មើជាមួយRung Sen Chhai និងលើកទី៥ សាម៉េតវាយចាញ់Super Samដោយពិន្ទុ។ ដូច្នេះលើកនេះ មិនដឹងថាសាម៉េតអាចយកឈ្នះChhork Mongkon ឬក៏អត់នោះទេ? ។ សាម៉េត មានប្រវត្តិប្រកួត១២៣លើក ក្នុងនោះវាយឈ្នះ៩១លើក ចាញ់២៧លើក និងស្មើ០៤លើក។
Chhork Mongkonអ្នកប្រដាល់ថៃនេះ មិនធ្លាប់មកប្រកួតនៅសង្វៀនភ្នំពេញទេកន្លងមក ។ អ្នកប្រដាល់ថៃរូបនេះ ប្រកួតខ្លាំងគួរសមដែរមិនជាអន់នោះឡើយ ប៉ុន្តែយ៉ាងណាChhork Mongkon មិនជាលើសាម៉េតប៉ុន្មានទេ គឺអាចស៊ីសងគ្នាបាន។
ចាំមើល រវាងChhork Mongkon និង ម៉ន សាម៉េត តើនរណាជាអ្នកឈ្នះនៅក្នុងការជួបប្រកួតគ្នានេះ ? ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ផង់ សាមាឡេ អ្នកប្រដាល់ស្រករក្រោយនៃក្លិបនាគរាជមានជ័យ ត្រូវគេផ្គូអោយជួបប្រកួតជាមួយឡាញ់ ផល្លា អ្នកប្រដាល់ក្លិបអេ ភូថងកីឡា ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម ។
ឡាញ់ ផល្លា ក៏ជាអ្នកប្រដាល់ស្រករក្រោយដែរ ។ ផល្លា ប្រកួតចុងក្រោយនេះ វាយ ឈ្នះអាន សុផល អ្នកប្រដាល់ក្លិបសុភានូមានជ័យក្នុងទឹកទី១ ។ឯ ការប្រកួតចុងក្រោយរបស់ផង់ សាមាឡេវិញ គឺវាយចាញ់ចាន់ រ៉ាដេត អ្នកប្រដាល់ក្លិបនិរោធមានជ័យក្នុងទឹកទី៣។ ផង់ សាមាឡេ តាមការរំពឹងទុកនោះ ទំនងជាមិនអាចប្រកួតឈ្នះឡាញ់ ផល្លា នោះ ឡើយ ៕
ផល សោភ័ណ្ឌ និងម៉ន សាម៉េតជួបថៃនៅសង្វៀនស្ទឹងមានជ័យ
0 Comments