បន្ទាយមានជ័យ ៖ ទំនាស់នៅពេលផឹកស្រាស្រវឹងជនសង្ស័យ២នាក់បាននាំគ្នារត់ទៅយកកាំបិតពីផ្ទះកាប់ទៅលើគូទំនាស់យ៉ាងសាហាវបណ្ដាលឲ្យជនរងគ្រោះស្ទើរតែចង់ដាច់ដៃម្ខាង ត្រូវបានកម្លាំងនគរបាលមូលដ្ឋានចុះធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ចាប់ខ្លួននៅព្រឹកថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនបង្កទាំង២នាក់មាន ឈ្មោះ ១ សូ ភក្ដី អាយុ១៨ឆ្នាំ រស់នៅភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល និងម្នាក់ទៀត ឈ្មោះ ស ចាន់ដេត អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត រីឯជនរងគ្រោះមានឈ្មោះ កៅ រឿន អាយុ២៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច រងរបួសត្រង់កដៃខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ។
នគរបាលមូលដ្ឋានបាននិយាយបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ និងជនបង្កបាននាំគ្នាផឹកស៊ី នៅមុខផ្ទះឈ្មោះ រ៉េត សម្បត្ដិ ហើយពេលកំពុងផឹកស៊ីនោះក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរហូតធ្វើឲ្យឈ្មោះ ស ភក្ដី រត់ទៅផ្ទះយកកាំបិតមកកាប់ជនរងគ្រោះពេលរត់ទៅដល់ផ្ទះជន សង្ស័យរូបនេះ បានជួបជាមួយបងជីដូនមួយរបស់ខ្លួន ឈ្មោះ ស ចាន់ដេត ព្រមទាំងបក្ខពួកពីរនាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណបាននាំគ្នាមកកាន់កន្លែងកើតហេតុ ហើយកាប់ប្រហារទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសត្រង់ដៃឆ្វេងតែម្ដង ក្រោយពីកើតហេតុរួចប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍ដល់កម្លាំងនគរបាលមូលដ្ឋានឲ្យចុះទៅជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស ចាន់ដេត រួចហើយបន្ដទៅឃាត់ខ្លួនជនដៃដល់ម្នាក់ទៀតឈ្មោះ ស ភក្ដី យកមកអធិការដើម្បីសាកសួរ។
នៅមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនទាំង២នាក់ពិតជាបានកាប់ទៅលើគូសត្រូវ ដើម្បីបញ្ចេញកំហឹងពិតប្រាកដមែន ព្រោះវាបានមើលងាយខ្លួនខ្លាំងពេក ដោយមានចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់នោះ រួចមកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
ទំនាស់នៅពេលផឹកស្រា យកកាំបិតមកកាប់បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ
0 Comments