បាត់ដំបង ៖ មានប្រជាពលរដ្ឋជាច្រើន ក៏ដូចជាក្រុមប្រជានេសាទ បាននាំគ្នាចោមរោមមើលពេញខាងលើស្ពានវត្តគរ ដោយសារតែគេបានប្រទះឃើញមានមនុស្សម្នាក់ បានអណ្ដែតទឹកនៅជាប់នឹងសម្រាស់គុម្ពឫស្សី ក្បែរគល់សសរកណ្ដាលនៃស្ពានវត្តគរ ដោយម្នាក់ៗគិតថា ប្រាកដជាមានសពអណ្តែតទឹកទៀតហើយ ព្រោះមួយរយៈនេះមានសពមនុស្សចំនួនពីរនាក់ហើយដែលត្រូវបានគេប្រទះឃើញអណ្តែតក្នុងស្ទឹងសង្កែ។
ការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចក្រោមស្ពានវត្តគរ ស្ថិតក្នុងភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសារតែមានមនុស្សប្រុសម្នាក់បានអណ្តែតផ្ងារពោះ ជាប់នឹងគុម្ពឫស្សី ដែលនៅចំសសរកណ្តាលនៃស្ពានវត្តគរ ហើយមនុស្សនោះក៏មិនមានកម្រើកខ្លួនអ្វីទាល់តែសោះ ដោយម្នាក់ៗបានសន្និដ្ឋានថាពិតជាមានករណីអ្វីមួយកើតឡើងទៀតហើយ។
ក្រោយពីទទួលបានព័ត៌មានភ្លាម នៅវេលាម៉ោង៨ព្រឹកថ្ងៃដដែល កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលអូរដំបង១ បានចាត់កម្លាំងចុះទៅចំណុចកើតហេតុ ដើម្បីពិនិត្យជាក់ស្តែង ដោយចង់ដឹងថា តើពិតជាមានសពមនុស្សស្លាប់មែនដែរឬទេ ប៉ុន្តែក្នុងរយៈពេលរាប់ម៉ោងដែលមនុស្សនេះមិនកម្រើកខ្លួនសោះនោះ ក៏ស្រាប់តែបានក្រឡាប់ខ្លួនហើយហែលទឹកទៅកៀនជ្រាំងត្រើយខាងលិច ឡើងទៅលើថ្នល់ធ្វើរំភើយ ខណៈដែលសមត្ថកិច្ចចុះទៅដល់ធ្វើឲ្យសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋមានការហួសចិត្តនិយាយមិនរួចទៅនឹងទង្វើរបស់មនុស្សឆ្កួតម្នាក់នេះ ដែលមើលទៅលើរាងកាយស្ទើរតែស្លេកស្លាំងទៅហើយ ដោយសារតែការត្រាំទឹកយូរពេក៕
ភ្ញាក់ផ្អើលថា មានមនុស្សស្លាប់ ជាប់គុម្ពឫស្សីក្រោមសសរស្ពានវត្តគរ
0 Comments