ប្រទេសចិន និងបារាំងបានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងអន្តរជាតិដើម្បីដោះស្រាយការផ្លាស់ប្ដូរអាកាសធាតុដែលនឹងត្រូវបានចរចានៅទីក្រុងប៉ារីសគួរតែរួមបញ្ចូលការត្រួតពិនិត្យលើការអនុលោមតាមច្បាប់នៅក្នុងអ្វីដែលលោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បានហៅថា ជាជំហាន “ប្រវត្តិសាស្ត្រ” មួយ។
សន្និសីទទីក្រុងប៉ារីសនឹងត្រូវបានចូលរួមដោយមេដឹកនាំពិភពលោកយ៉ាងហោចណាស់ ៨០ នាក់ដោយរួមមានទាំងលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ផងដែរ។
វានឹងស្វែងរកការបង្រួបបង្រួមប្រជាជាតិទាំងអស់នៅលើពិភពលោកនេះនៅក្នុងកិច្ចព្រមព្រៀងតែមួយនៅលើការដោះស្រាយការផ្លាស់ប្ដូរអាកាសធាតុដោយមានគោលដៅកាត់បន្ថយការឡើងកម្ដៅផែនដីឲ្យនៅ២អង្សាសេ។
ប្រទេសចិន និងប្រទេសបារាំងបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា ដំណើរការរបស់ហត្ថលេខីនីមួយៗគ្នាគួរតែត្រូវបានត្រួតពិនិត្យជារៀងរាល់ប្រាំឆ្នាំម្តងដើម្បី “ពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមក និងការលើកកម្ពស់ការអនុវត្តឲ្យមានប្រសិទ្ធភាព” ។
សេចក្ដីថ្លែងការណ៍នេះបាននិយាយថា “កិច្ចព្រមព្រៀងទីក្រុងប៉ារីសគួរផ្ញើសញ្ញាច្បាស់មួយសម្រាប់ពិភពលោក ដើម្បីចូលរួមនៅក្នុងការផ្លាស់ប្ដូរឆ្ពោះទៅរកពណ៌បៃតង ការអភិវឌ្ឍកាបូនទាបដែលប្រកបដោយនិរន្តរភាព និងការស៊ូទ្រាំក្នុងការប្រឈមមុខទៅនឹងការផ្លាស់ប្ដូរអាកាសធាតុ”។
ប្រទេសចិនគឺជាអ្នកបំពុលដ៏ធំបំផុតរបស់ពិភពលោកហើយនឹងក្លាយជាតួអង្គដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍នេះដែលចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា។ ចិននឹងប្រឈមមុខទៅនឹងជម្លោះលើបញ្ហាថា តើប្រទេសអភិវឌ្ឍ ឬប្រទេសកំពុងអភិវឌ្ឍគួរតែទទួលបន្ថែមទៀតនៃបន្ទុកសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័ននេះដែរ ឬក៏យ៉ាងណា។
លោក ហូឡង់ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នេះថា “ជំហានដ៏សំខាន់” ឆ្ពោះទៅរកកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសគឺជាការចាំបាច់មិនអាចខ្វះបានសម្រាប់ការទទួលបានភាពជោគជ័យមួយ។
ចំណែកលោក ស៊ី បាននិយាយថា ប្រទេសចិនកំពុងធ្វើ “កិច្ចខិតខំប្រឹងប្រែងជានិច្ច” នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្ដូរអាកាសធាតុ ហើយនឹងអនុវត្តលើការធ្វើការងារ ដើម្បីធានាថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចនៅទីក្រុងប៉ារីស។
រដ្ឋាភិបាលក្រុងប៉េកាំងដែលត្រូវបានស្ដីបន្ទោសចំពោះការបរាជ័យលើកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០០៩ នៅទីក្រុង កូប៉េនហាហ្គេន បានសន្យាកាលពីឆ្នាំមុនថា ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតនឹងធ្លាក់ចុះនៅឆ្នាំ២០៣០។
ទីប្រឹក្សាគោលនយោបាយអាកាសធាតុរបស់អង្គការ Greenpeace នៃប្រទេសចិនលោក Li Shuo បានឲ្យដឹងថា “គោលជំហររបស់ប្រទេសចិនគឺខុសគ្នាដាច់កាលពីប្រាំមួយឆ្នាំមុន”។ លោកបានបន្ថែមថា “មេដឹកនាំប្រទេសចិនចាំបាច់ត្រូវតែគិតឲ្យបានច្បាស់អំពីអ្វីបន្ថែមទៀតដែលត្រូវយកទៅកាន់តុពិភាក្សា”៕
AFP
បារាំង និងចិនយល់ព្រមលើការត្រួតពិនិត្យការផ្លាស់ប្ដូរអាកាសធាតុ
0 Comments