បាត់ដំបង ៖ ផ្លូវក្រាលកៅស៊ូមួយខ្សែដែលមានប្រវែងប្រហែល២គីឡូម៉ែត្រ ចាប់ពីក្បាលស្ពានថ្មចាស់ រហូតដល់ក្បាលស្ពានវត្តគរ ស្ថិតក្នុងទឹកដីស្រុកសង្កែ និងក្រុងបាត់ដំបង កំពុងរងការគំរាមកំហែងពីការបាក់ស្រុតធ្លាក់ចូលទៅក្នុងដងស្ទឹងសង្កែ បន្ទាប់ពីផ្លូវនេះទើបនឹងស្ថាបនារួច ដោយក្រាលកៅស៊ូមិនទាន់បានមួយខែពេញផងនោះ។
គួររំលឹកដែរថា កាលពីអំឡុងចុងខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ លោក ចាន់ សំបូរ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទទួលបន្ទុកការងារស្ពាន ថ្នល់ បានប្រាប់កម្ពុជាថ្មីថា មន្ទីរគេដឹងហើយអំពីបញ្ហាផ្លូវមួយខ្សែដែលកំពុងរងនូវការបាក់ស្រុតនោះ ហើយមន្ទីរនឹងត្រៀមលក្ខណៈចុះទៅធ្វើការជួសជុលហើយ។
រហូតមកទល់នឹងពេលនេះ គេសង្កេតឃើញថា ទីតាំងដែលកំពុងរងការខូចខាតមានរហូតដល់៣កន្លែង ដែលជាការព្រួយបារម្ភយ៉ាងខ្លាំងបំផុតពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ ព្រោះគេមិនទាន់ឃើញខាងមន្ទីរសាធារណការ ដែលជាមន្ទីរជំនាញចុះទៅសិក្សា និងរៀបចំគម្រោងទប់ស្កាត់លើបញ្ហានេះឡើយ ឯការបាក់ស្រុតកាន់តែមានសន្ទុះខ្លាំងឡើងៗ ស្ទើរតែដាច់ផ្លូវទៅហើយ។
ដោយឡែក លោក តោ ហុន ចៅសង្កាត់ព្រែកព្រះស្តេចបានលើកឡើងថា ការស្ថាបនាផ្លូវខេត្តមួយខ្សែនេះ គឺជាការស្ថាបនាតាមបែបបន្ទាន់ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដូច្នេះមន្ទីរសាធារណការមិនបានសិក្សាលើការជួសជុលសិននោះទេ គឺធ្វើយ៉ាងណាក្រាលកៅស៊ូឲ្យបានទៅតាមតម្រូវការ។
លោកចៅសង្កាត់បានបន្តថា លុះនៅពេលដែលមានបញ្ហាបែបនេះ ទើបខាងមន្ទីរសាធារណការចាប់ផ្ដើមរៀបគម្រោងជួសជុលជាលើកទី២ ដោយមានការបដិភាគពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរផងក្នុងការរៃអង្គាសថវិកាដើម្បីបុកគ្រឹះជាជញ្ជាំងទប់ឆ្នេរស្ទឹងដែលកំពុងបាក់ស្រុតនេះ ប៉ុន្តែគម្រោងនេះអាចធ្វើការទប់ស្កាត់បានតែមួយកន្លែងដែលតូចជាងគេតែប៉ុណ្ណោះ ដោយឡែក២កន្លែងទៀតដែលមានសភាពបាក់ធ្ងន់ធ្ងរនោះ គឺមិនអាចរកថវិកាទៅទប់ស្កាត់បានទេ មានតែការស្នើសុំទៅខេត្តដើម្បីឲ្យជួយដោះស្រាយតែប៉ុណ្ណោះ ព្រោះវាអាចចំណាយថវិកាច្រើនលើសលប់។
លោកក៏សូមចូលរួមនូវការសោកស្ដាយដែរ ដោយសារតែផ្លូវនេះត្រូវបានស្ថាបនាមិនទាន់បានមួយខែផង ក៏ត្រូវទទួលរងនូវការបាក់ស្រុតបែបនេះ ព្រោះផ្លូវមួយខ្សែនេះវាស្ថិតនៅកៀកនឹងមាត់ស្ទឹងសង្កែពេក ទើបបណ្តាលឲ្យមានបញ្ហាបែបនេះ ដូច្នេះមានតែការរង់ចាំមើលថ្នាក់ខេត្តតែប៉ុណ្ណោះ ក្រែងអាចរកដៃគូណា ឬអង្គការណាដែលអាចជួយបាន ហើយលោកនឹងចាត់វិធានការបោះបង្គោល ឬក៏ដាក់លូបញ្ឈរដោយមានបិទចំណាំងផ្លាត ជៀសវាងនូវគ្រោះថ្នាក់ណាមួយដែលអាចកើតមានឡើងជាយថាហេតុ៕
មន្ទីរសាធារណការ ហាក់ដូចជាព្រងើយនឹងរឿងផ្លូវដែលបាក់ស្រុត
0 Comments