ភ្នំពេញ ៖ តារាកំប្លែងល្បីឈ្មោះ នាយ ពាក់ មី ថ្មីៗនេះបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងទស្សនិកជនមួយចំនួនថា ចាប់តាំងពីល្បីឈ្មោះមក គឺហាក់មានចរិតឫកពាឆ្មើងឆ្មៃ ពិសេសរាល់ពេលលេងកំប្លែងនៅលើឆាកទូរទស្សន៍ម្តងៗ តារាកំប្លែងរូបនេះដូចមានអំនួតខ្លាំង ដោយការប្រើប្រាស់ពាក្យសម្ដីកាន់តែមានភាពឆ្គាំឆ្គង និយាយខ្វះសីលធម៌មិនសមជាអ្នកសិល្បៈនាំឲ្យក្លាយជាគំរូមិនល្អសម្រាប់ក្មេងៗជំនាន់ក្រោយ។ ប៉ុន្តែបន្ទាប់ពីមានការរិះគន់បែបនេះ នាយក៏បានចេញមុខសុំទោស និងបកស្រាយផងដែរ។
ផ្តល់សម្ភាសន៍ជាមួយកម្ពុជាថ្មីនាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥តារាកំប្លែងនាយ ពាក់ មី បាននិយាយប្រាប់តាមទូរស័ព្ទថា ចំពោះការរិះគន់ទាំងនេះ លោកនឹងយកទៅពិចារណាដើម្បីកែលំអ បើសិនជាមានមហាជនច្រើនសម្ដែងការមិនពេញចិត្តរាល់ទង្វើ ឬសកម្មភាពរបស់នាយលេងកំប្លែង ដែលពួកគាត់គិតថា ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មហាជនមួយចំនួននោះ។
នាយ ពាក់ មី បាននិយាយថា រាល់ការរិះគន់ទាំងនេះ ខ្ញុំនឹងទទួលទុកដើម្បីពិចារណាកែលំអនូវចំណុចមួយចំនួនដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ពុកម៉ែបងប្អូន។ ម្យ៉ាងទៀតខ្ញុំក៏ចង់និយាយប្រាប់ទៅវិញថា អ្វីដែលខ្ញុំធ្វើឡើងនេះ គឺក្នុងគោលបំណងតែមួយគត់ចង់ឲ្យបងប្អូនទស្សនិកជនសើចសប្បាយតែប៉ុណ្ណោះ គ្មានចេតនាអ្វីផ្សេងដើម្បីជាន់ពន្លិចវប្បធម៌ប្រពៃណី ឬនាំឲ្យក្មេងៗខូចយកតម្រាបតាមខ្ញុំឡើយ។
តារាកំប្លែង និងជាអ្នកចម្រៀងប្រចាំផលិតកម្មថោន នាយ ពាក់ មី បានបន្តថា ចំពោះរូបនាយផ្ទាល់ទទួលស្គាល់ថា សម្រាប់ការកំប្លែងពេលខ្លះពិតជាប្រើសម្តីមានភាពជ្រុលជ្រួសបន្តិចមែន ដូចជាការប្រើពាក្យ ៖ អញ ឯង អានេះ អានោះ។ ប៉ុន្តែនាយ នឹងព្យាយាមក្នុងការកាត់បន្ថយសម្រាប់ការប្រើប្រាស់ពាក្យសម្ដីមួយចំនួនទៀត ដែលមហាជនគិតថា មិនសមរម្យ នាំឲ្យក្លាយជាគំរូមិនល្អចំពោះក្មេងៗនោះ។
តារាកំប្លែងមានប្រវត្តិចេញពីកម្មករសំណង់ នាយ ពាក់ មី បានបន្ថែមថា នាយនឹងធ្វើការកែតម្រូវចំណុចរិះគន់ខាងលើ តែលោកគិតថាក៏មិនអាចតម្រូវតាមចិត្តមនុស្សទាំងអស់គ្នាបានទេព្រោះដោយសារតែមានមនុស្សមួយចំនួនតូចផ្សេងទៀតអង្គុយចាំតែចាប់ និងមើលឃើញពីកំហុសឆ្គងដែលកើតឡើងដោយអចេតនាបន្តិចបន្តួច។
ដូច្នេះ លោកក៏ស្នើសុំចិត្តមហាជនកុំឲ្យយកកំហុសបន្តិចបន្តួចទាំងនេះមករិះគន់ធ្វើជាបញ្ហាព្រោះអ្នកសិល្បៈដែលជាតារាកំប្លែងដូចលោកនេះធ្វើអ្វីមួយតែងតែចង់ឲ្យមហាជនបានសើចសប្បាយប៉ុណ្ណោះ។
តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍CTN នាយ ពាក់ មី គ្រាន់តែបានឮឈ្មោះភ្លាម ទស្សនិកជនក្មេងចាស់ ប្រុស-ស្រី បានស្គាល់គ្រប់គ្នា។ ក្រោយពីជោគជ័យក្នុងអាជីពសិល្បៈជាតារាកំប្លែងជាង៣ឆ្នាំមកនេះ ឃើញថាកេរ្តិ៍ឈ្មោះល្បី ក៏ដូចជាប្រជាប្រិយភាព និងកាគាំទ្ររបស់នាយ ពាក់ មី ហាក់កាន់មានសន្ទុះលេចធ្លោខ្លាំងនៅលើទីផ្សារសិល្បៈកំប្លែងក្នុងស្រុកនិងក្រៅស្រុក៕
នាយ ពាក់ មី ចេញមុខបកស្រាយចំពោះការរិះគន់ថាលេងកំប្លែងឈ្លើយ
0 Comments