កំពង់ឆ្នាំង ៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដោយសាររថយន្តហាប់ម័រ១គ្រឿងបើកលឿនពេកបត់ស្តាំបួងចង្កូតមិនទាន់ជ្រុលទៅបុករថយន្តក្រុងដឹកអ្នកដំណើរឈប់ស្ងៀមពេញទំហឹងបណ្ដាលឲ្យរថយន្តទាំង២ខ្ទេចមុខធ្ងន់ដូចគ្នា។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥ វេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥មុខមន្ទីរពេទ្យភ្នែកស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តក្រុងដឹកអ្នកដំណើរចំនួន៤២នាក់ពីភ្នំពេញទៅប៉ោយប៉ែតរបស់ក្រុមហ៊ុនថោង ស៊ីង ពាក់ស្លាកលេខ 2Q – 9390 បើកបរដោយឈ្មោះ សៀក កុសល អាយុ២៦ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ បានឈប់កៀនចិញ្ចើមផ្លូវជាតិខាងស្តាំមុខមន្ទីរពេទ្យខេត្ត ដើម្បីឲ្យអ្នកដំណើរចុះទិញភេសជ្ជៈហូប និងបត់ដៃបត់ជើង។ ខណៈនោះមានរថយន្តហាប់ម័រ១គ្រឿង ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ 3D – 0993 បើកបរដោយជនមិនស្គាល់ឈ្មោះបានបើកបរយ៉ាងលឿនចេញពីលិចមកកើត ហើយបត់ស្តាំមុខមន្ទីរសុខាភិបាលខេត្តទៅត្បូងឡើងមកលើផ្លូវជាតិលេខ៥វិញដោយបួងចង្កូតមិនទាន់ក៏បានបុកក្បាលរថយន្តក្រុងពេញទំហឹងលាន់ដូចរន្ទះទាំងកណ្ដាលអាធ្រាត្រ រួចហើយក៏វិលក្បាលមកលិចវិញទើបអស់ល្បឿន។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះបានបង្កឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាលគឺជនរងគ្រោះ២នាក់ជាអ្នកជិះលើរថយន្តក្រុងកំពុងឈរមុខរថយន្តមាន១.ឈ្មោះ ហេង សារឿន អាយុ៥៣ឆ្នាំ ភេទប្រុស រស់នៅបូរីកីឡាក្រុងភ្នំពេញ របួសធ្ងន់ និង២.ស្ត្រីម្នាក់ទៀតរបួសស្រាលមិនស្គាល់ឈ្មោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តដែលនៅក្បែរគ្នាជិតកន្លែងកើតហេតុ។ ចំណែកបុរសម្នាក់ទៀតជិះនៅលើរថយន្តហាប់ម័រផ្នែកខាងមុខក៏បានរងរបួសធ្ងន់ផងដែរ ត្រូវបានអ្នកបើកបររថយន្តហាប់ម័រនាំមកក្នុងមន្ទីរពេទ្យខេត្តតែមួយភ្លែតគ្រូពេទ្យមិនទាន់ព្យាបាលរបួសឲ្យផងក៏បាត់ខ្លួនទៅវិញ ទំនងជាគេខ្លាចសមត្ថកិច្ចឃាត់ខ្លួន ព្រោះគ្រូពេទ្យខេត្តបានឃើញអ្នកបើកបររថយន្តហាប់ម័រប្រកែកជាមួយមន្ត្រីកងរាជអាវុធហត្ថម្នាក់ រួចក៏បាននាំគ្នាគេចខ្លួនបាត់ទៅ។
រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជួលរថយន្តស្ទូច អូសយកមករក្សាទុកក្នុងស្នងការដ្ឋាននគរបាលខេត្ត និងបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ករណីគ្រោះថ្នាក់នេះត្រូវបានគេសន្និដ្ឋានថា បណ្ដាលមកពីរថយន្តហាប់ម័របើកបរហួសល្បឿនកំណត់បួងចង្កូតមិនទាន់នៅផ្លូវបត់ ទើបបុករថយន្តក្រុងឈប់ស្ងៀមបង្កគ្រោះថ្នាក់បែបនេះ៕
រថយន្ត ហាប់ម័រ បុករថយន្ត ក្រុង ឈប់ស្ងៀមពេញទំហឹងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួស
0 Comments