ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះក្នុងបន្ទប់សណ្ឋាគារហូលីវូធបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងយប់ ខណៈដែលជាងផ្សារដែកមានការធ្វេសប្រហែសបានធ្វើការជួសជុលដំបូលអាគារ ហើយធ្លាក់កំទេចភ្លើងប៉ះលើគំនរឈើបង្កជាអណ្ដាតភ្លើងឆាបឆេះ ទាំងសមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋនាំគ្នាជួយហៅរថយន្តពន្លត់អគ្គិភ័យចេញមកអន្តរាគមន៍ និងនាំគ្នាយកបំពង់មកបាញ់ពន្លត់ម្នាក់មួយដៃម្នាក់មួយជើងទើបរលត់។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២១និង១៥នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ៤៧ នៅចំណុចសណ្ឋាគារ និងខារ៉ាអូខេ ហូលីវូធ ជាប់នឹងរបងមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យ(179)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានផ្សែងហុយចេញពីបន្ទប់លេខ៣១២ និងអមដោយអណ្ដាតភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករ និងសន្តិសុខយកបំពង់ពន្លត់អគ្គិភ័យ យកទឹកជះពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញមកជួយអន្តរាគមន៍។
ប្រភពដដែលបានបន្តថា រថយន្តពន្លត់អគ្គិភ័យរបស់អគ្គស្នងការនគរបាលជាតិចំនួនបីគ្រឿងបានទៅដល់កន្លែងកើតហេតុតែមិនបានធ្វើការបាញ់ពន្លត់នោះទេ ព្រោះក្រុមកម្មករ និងសន្តិសុខបានយកទឹក និងបំពង់ពន្លត់ បាញ់ពន្លត់អស់ចំនួន០៩បំពង់ទើបរលត់ទៅវិញតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើពុំបង្កឲ្យមានការឆ្លងរាលដាលលំនៅឋានក៏ដូចជា ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះទេ ហើយម្យ៉ាងវិញទៀតក៏គ្មានគ្រោះថ្នាក់ដល់អ្នកណាឡើយគឺដោយសារមានការជួយអន្តរាគមន៍ទាន់ពេលវេលាពីក្រុមកម្មករ និងសន្តិសុខបានទាន់ពេល។
សមត្ថកិច្ចបញ្ជាក់ទៀតថា មូលហេតុដែលបណ្ដាលឲ្យឆេះនោះគឺក្រុមជាងផ្សារដែកបានសម្រុកផ្សារលើដំបូលអាគារទាំងយប់ទើបធ្លាក់កម្ទេចភ្លើងប៉ះគំនរឈើនៅខាងក្រោមបង្កជាអណ្ដាតភ្លើងដូច្នេះតែម្តងនោះ សំណាងហើយដែលជួយអន្តរាគមន៍ពន្លត់ទាន់ពេលនោះ បើពន្លត់មិនទាន់ពេលវិញប្រហែលជាខូចខាតអស់ច្រើនជាមិនខានឡើយ៕
ឆេះបន្ទប់ខារ៉ាអូខេហូលីវូធទាំងយប់ ផ្អើលឡានទឹកមកជួយអន្តរាគមន៍
0 Comments