អ្នកប្រដាល់ ឯម សុធី ក្លិបឫទ្ធីពោធិសែនជ័យត្រូវគេផ្គូផ្គងឲ្យជួបប្រកួតជាមួយ សុខ ធី អ្នកប្រដាល់ក្លិបសៅយ៉ាន់នាគា នៅលើសង្វៀនបាយ័នបឹងស្នោនាល្ងាចថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
ពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក។ ពួកគេទាំងពីរនឹងប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាម។ អ្នកប្រដាល់ពីរនាក់នេះសុទ្ធតែធ្លាប់ឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់បរទេសដូចគ្នា។ បើនិយាយពីបច្ចេកទេស និងល្បិចកលប្រកួតពួកគេទាំងពីរមានដូចគ្នា។
សុខ ធី ជាអ្នកប្រដាល់វ័យក្មេងស្រករក្រោយ ជាកូនសិស្សរបស់អតីតអ្នកប្រដាល់ជើងខ្លាំងសាន សៅយ៉ាន់។ អ្នកប្រដាល់វ័យក្មេង សុខ ធី នេះ គេធ្លាប់មកប្រកួតនៅភ្នំពេញតែម្តងប៉ុណ្ណោះ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៥ ដោយវាយឈ្នះអ្នកប្រដាល់ថៃKhum Lek ដោយពិន្ទុ។
បើតាមអ្នកដឹកនាំកីឡាករថៃមកប្រកួតនៅភ្នំពេញ លោក ថៃ អ៊ូ បាននិយាយឲ្យដឹងថា សុខ ធី នេះ គេភាគច្រើនប្រកួតតែនៅជាយដែន និងនៅក្នុងប្រទេសថៃតែប៉ុណ្ណោះ គេពុំសូវដែលឡើងមកប្រកួតនៅភ្នំពេញឡើយ។ នេះជាលើកទី២ របស់ សុខ ធី ហើយ ដែលមកប្រកួតនៅភ្នំពេញនេះ។
សុខ ធី នៅក្មេង តែមានស្នៀតប្រដាល់ល្អ វាយខ្លាំង កម្លាំងកាយសម្បទារឹងមាំ ហើយគេអាចវាយបានគ្រប់ស្ថានភាពប្រកួតទាំងអស់។ ទោះបីជាយ៉ាងណា សុខ ធី ក៏មិនប្រាកដថា អាចឈ្នះ ឯម សុធី ដែរ ព្រោះ សុធី គេក៏ខ្លាំងមិនចាញ់ សុខ ធី នោះដែរ។
ឯម សុធី ជាអ្នកប្រដាល់ជើងខ្លាំង ស្រករក្រោយដែរ។ សុធី ការប្រកួតចុងក្រោយនេះបានផ្ដួល ចៅ ចេកខ្ចី អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងឲ្យសន្លប់ក្នុងទឹកទី៣ កាលពីថ្ងៃទី១៨ ខែតុលាកន្លងមកនេះ។ ចាំមើល ការជួបរវាង ឯម សុធី និង សុខ ធី នេះ តើ នរណាជាអ្នកឈ្នះនោះ?។
ភុំ ផល្លែន អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ក៏នឹងជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់គឺ ភុំ ផល្លែន។ ភុំ ផល្លែន នេះ គេក៏ដូចជាសុខ ធី ដែរ គឺពុំសូវឡើងមកប្រកួតនៅភ្នំពេញទេ។
គេនៅចាំបានថា នេះជាលើកទី២របស់ ផល្លែន ដែលឡើងប្រកួតលើសង្វៀនភ្នំពេញនេះ។ កាលពីមកលើកទី១ ផល្លែន បានផ្ដួល ម៉ន ចាន់ដារ៉ា អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក នៅក្នុងទឹកទី៣។ ហើយ ផល្លែន ក៏ធ្លាប់វាយចាញ់ រិទ្ធ អារុណ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិដោយពិន្ទុម្តងដែរ នៅសង្វៀនសៀមរាប កាលពីដើមខែកញ្ញាកន្លងមកនេះ។
ភុំ ផល្លែន តាមពិតជាគេជាប្អូនបង្កើតរបស់អតីតអ្នកប្រដាល់ជើងខ្លាំង ពៅ ផល្លី។ ផល្លែន គេមានស្នៀតប្រដាល់ល្អគួបផ្សំនឹងមានកាយសម្បទាល្អរឹងមាំផងនោះ ធ្វើឲ្យគេលេចធ្លោក្នុងពិភពប្រដាល់បច្ចុប្បន្ននេះ។
យ៉ាងណាទាំង ភុំ ផល្លែន ទាំង ធា នុរាជ ពួកគេទាំងពីរសុទ្ធតែមានមហិច្ឆតាចង់ឈ្នះដូចគ្នា សម្រាប់ការជួបប្រកួតគ្នាលើកដំបូងនេះ។ ដូច្នេះចាំមើល តើធា នុរាជ អាចយកឈ្នះ ភុំ ផល្លែន បានឬអត់ ? ។
ការប្រកួតចុងក្រោយរបស់ ធា នុរាជ គឺវាយស្មើពិន្ទុជាមួយ ម៉ៅ ដាំដូច អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ ។ ឯការប្រកួតចុងក្រោយរបស់ ភុំ ផល្លែន វិញ គេប្រកួតឈ្នះម៉ន ចាន់ដារ៉ា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងទឹកទី៣។
អាន សុផល អ្នកប្រដាល់ក្លិបសុភានូមានជ័យត្រូវគេផ្គូផ្គងឲ្យជួបប្រកួតជាមួយ ឯម ខ្លឹមសរ អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យ។ ពួកគេទាំងពីរនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ អ្នកទាំងពីរនាក់នេះ ពុំធ្លាប់ដែលប៉ះគ្នាទេពីមុនមក។
ឯម ខ្លឹមសរ គេជាអ្នកប្រដាល់ស្រករក្រោយ ប៉ុន្តែយ៉ាងនេះក្តី អាន សុផល មិនដឹងថា អាចទប់ជាមួយខ្លឹមសរ បានឬមិនបាននោះទេ ? ព្រោះ ខ្លឹមសរគេវាយបុកខ្លាំង នៅពេលប្រកួតនោះ។
តែយ៉ាងណា អាន សុផល គេក៏ជាអ្នកប្រដាល់អន់ដែរ។ អាន សុផល កាលពីប្រកួតលើកចុងក្រោយ(១៥វិច្ឆិកា២០១៥) គេត្រូវអ្នកប្រដាល់ជើងថ្មីឡាញ់ ផល្លាក្លិប អេភូថងកីឡា ទាត់ផ្កាប់ចានត្រូវកញ្ចឹង ក បណ្ដាលឲ្យសន្លប់ក្នុងទឹកទី១។
អាន សុផល ឡើងប្រកួតមិនសូវជាជួបសំណាងល្អនោះឡើយ។ ដូច្នេះចាំមើល តើ អាន សុផល អាចផ្ដួលយកឈ្នះ ឯម ខ្លឹមសរ បានឬអត់?។ ខ្លឹមសរ ប្រកួតចុងក្រោយនេះ គេបានផ្ដួល សាង សី អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា អោយសន្លប់ក្នុងទឹកទី២។
វុត្ថា ប៊ុនហ៊ុយ អ្នកប្រដាល់ក្លិបអង្គរធគុនខ្មែរនឹងជួបប្រកួតជាមួយ ហួន សុខនីម អ្នកប្រដាល់ក្លិបមហិទ្ធរិទ្ធតាដំបងដែក។ ពួកគេពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០ គីឡូក្រាម។
អ្នកប្រដាល់ វុត្ថា ប៊ុនហ៊ុយ ទំនងជាមិនអាចឈ្នះ ហួន សុខនីម នោះឡើយ សម្រាប់ជំនួបដំបូងនេះ ?៕
ឯម សុធី ជួប សុខ ធី ឯ ភុំ ផល្លែន ជួប ធា នុរាជ នៅសង្វៀនបឹងស្នោ
0 Comments