កំពង់ស្ពឺ ៖ អាជ្ញាធរស្រុកថ្ពង និងប្រជាពលរដ្ឋបានរៀបចំពិធីប្រណាំងទូក ដើម្បីអបអរបុណ្យអុំទូកអកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប រយៈពេលចំនួន២ថ្ងៃនៅទំនប់វារីអគ្គិសនី អន្លង់ជ្រៃ ដែលមានទូកចូលរួមប្រកួតសរុបចំនួន១៦ទូក ទូទាំងស្រុកថ្ពង។ ការរៀបចំបុណ្យអុំទូកនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងទំនប់អន្លង់ជ្រៃ ភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានការចូលរួមប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលស្រុកថ្ពង និងប្រជាពលរដ្ឋយ៉ាងច្រើន។
លោក គាវ លាងគា អភិបាលស្រុកថ្ពងស្តីទីបាននិយាយថា ការប្រណាំងទូកឆ្នាំនេះត្រូវបានរាជរដ្ឋាភិបាលប្រកាសផ្អាកប្រារឰពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ដោយទឹកទន្លេតិច និងខេត្តមួយចំនួនបានជួបបញ្ហាគ្រោះរាំងស្ងួត បណ្ដាលឲ្យប្រជាពលរដ្ឋកំពុងខ្វះខាតទឹកធ្វើឲ្យប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវរដូវវស្សា ដែលត្រូវការឲ្យមានការជួយសង្គ្រោះបូមជាចាំបាច់ ប៉ុន្តែរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យនៅតាមបណ្ដាខេត្ត និងស្រុកនានាអាចរៀបចំពិធីបុណ្យអុំនេះបានជាធម្មតា ដើម្បីរក្សាទំនៀមទម្លាប់ ប្រពៃណី និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ដោយឡែកស្រុកថ្ពងឆ្នាំនេះ ស្រុកថ្ពងក៏ដូចជា រាល់ឆ្នាំ អាជ្ញាធរស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រះចៅអធិការវត្ត និងប្រជាពលរដ្ឋបានរៀបចំឲ្យមាននូវពិធីប្រណាំងទូក ដើម្បីរក្សានូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ជាតិ។
ការប្រណាំងទូកនៅទំនប់អន្លង់ជ្រៃក្នុងឆ្នាំនេះមានរយៈពេលចំនួន០២ថ្ងៃ ពេញ គឺចាប់ពីព្រឹកថ្ងៃទី ១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីចំរាញ់យកទូកដែលទទួលបានជ័យលាភីល្អចំនួន៣ទូកទៅចូលរួមប្រកួតដណ្ដើមជ័យលាភី ថ្នាក់ខេត្តបន្តទៀតដែលប្រព្រឹត្តនៅថ្ងៃទី ២៤ ,២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ។ ការរៀបចំពិធីនេះឡើងបានដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយយ៉ាងល្អប្រសើរ និងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយជាពិសេសផ្ទៃទឹកទំនប់ដ៏ធំល្វឹងល្វើយនេះបានបង្កលក្ខណៈងាយស្រួលទាំងទីតាំង និងបរិយាកាសល្អ សម្រាប់រៀបចំពិធីនេះឡើង។
សូមបញ្ជាក់ថា ក្នុងការរៀបចំពិធីអុំទូកនេះមានទូកចូលរួមសរុបចំនួន១៦ទូកមកពីតាមអង្គភាពជុំវិញស្រុក ឃុំ និងវត្តមួយចំនួន ហើយក៏មានប្រជាពលរដ្ឋចូលរួមមកកម្សាន្ត និងទស្សនាយ៉ាងច្រើនកុះករ ។ ដោយឡែកខេត្តកំពង់ស្ពឺនឹងមានការរៀបចំពិធីអុំទូកដ៏ធំមិនធ្លាប់មានពីមុខមកដែរ ដែលត្រូវប្រព្រឹត្តនៅថ្ងៃទី២៤,២៥ និង ២៦ ខែវិច្ឆិកានេះ ហើយមានការតាំងពិព័រណ៍ពាណិជ្ជកម្ម ការប្រគុំតន្ត្រី និងល្បែងកម្សាន្តផ្សេងជាច្រើនទៀត៕
អាជ្ញាធរស្រុកថ្ពងរៀបចំពិធីអុំទូកចំនួន២ថ្ងៃ នៅទំបន់វារីអគ្គិសនីអន្លង់ជ្រៃ
0 Comments