ព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់អាជ្ញាធរខេត្តព្រះសីហនុនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ ដឹកនាំដោយ លោក សុខ ផន អភិបាលរងខេត្តបានចុះធ្វើការរុះរើសំណង់ខ្ទមអនាធិបតេយ្យដែលលូចធ្វើការសាងសង់ និងបោះបង្គោលវាទីរំលោភបំពានយកដីតំបន់ឆ្នេរធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនួនដែលបង្កឲ្យភាពស្មុកស្មាញប៉ះពាល់បរិស្ថាន អនាម័យឆ្នេរ និងសោភណភាព។
លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍បញ្ជាក់ប្រាប់ឲ្យដឹងថា នេះគ្រាន់តែជាកិច្ចចាប់ផ្តើមរបស់អាជ្ញាធរខេត្តប៉ុណ្ណេះ ក្នុងគោលដៅធ្វើយ៉ាងណាបោះសម្អាតឲ្យអស់នៅសំណង់ដែលទើបនឹងកើតមានថ្មីៗនៅលើតំបន់ឆ្នេរតំបន់ចុងអូរឈើទាល អតីតក្រុមហ៊ុន (អារីស្តុន) ។ ហើយអាជ្ញាធរខេត្ត និងបន្តធ្វើការុះរើនៅសំណង់ផ្សេងៗដទៃទៀតដែលកំពុងកើតមានរហូតទាល់តែអស់ គឺមិនអនុញ្ញាតឲ្យមាននៅលើដីឆ្នេរតំបន់ (អតីតក្រុមហ៊ុនអរីស្តុន) នេះតទៅទៀតនោះឡើយ ដើម្បីរៀបចំអភិវឌ្ឍន៍កែលំអឲ្យមានសោភណភាពឡើងវិញ បម្រើផលប្រយោជន៍ជាសាធរណៈលើវិស័យ ទេសចរណ៍តំបន់ឆ្នេរ។
គួររំលឹកផងដែរថា តំបន់ឆ្នេរចុងអូរឈើទាលអតីត ក្រុមហ៊ុនអារិស្តុននេះ ក្រោយពីបានប្រគាល់សិទ្ធិទៅឲ្យក្រុមហ៊ុន (សុខាអូរតែល) របស់ឧកញ៉ា សុខ គង់ មក ដីឆ្នេរតំបន់នេះត្រូវគេធ្វើរបងហ៊ុមព័ទ្ធបិទជិតមិនអនុញ្ញាតឲ្យនរណាម្នាក់ ក៏ដូចជាភ្ញៀវទេសចរណ៍ចេញចូលលេងកម្សាន្តនោះឡើយ។ ប៉ុន្តែក្រោយមកក៏មានចលនាប្រជាពលរដ្ឋមួយក្រុមបាននាំគ្នាសម្រុកចូលទៅដីឆ្នេរតំបន់នេះ រូចហើយ នាំគ្នាធ្វើការពុះច្រៀកដីឆ្នេរអង្កន់ជាឡូត៍ចែកគ្នាកាន់កាប់ដោយខុសច្បាប់ និងធ្វើការសាងសង់រោង ប្រក់តង់យ៉ាងអនាធិបតេយ្យបំផុតរហូតមកដល់បច្ចុប្បន្ន។ ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍បំផុតនោះ គឺថ្មីៗនេះក្រោយពីររាជរដ្ឋាភិបាលប្រកាសធ្វើដកហូតដីឆ្នេរពីក្រុមហ៊ុនមួយចំនួនមកទុកជាសម្បត្តិរដ្ឋវិញ ក៏ស្រាប់មានចលនាថ្មីមួយទៀតបានកើតឡើងពីក្រុមជនអនាធិបតេយ្យបាននាំគ្នាទៅ ចាប់ដីតំបន់ឆ្នេរ អតីតអារីស្តុន ផុសផុលបង្កឲ្យភាពស្មុកស្មាញដល់អាជ្ញាធរខេត្តយ៉ាងពេញបន្ទុក៕
អាជ្ញាធរខេត្តព្រះសីហនុចាប់ផ្តើមរៀបចំសណ្ដាប់ធ្នាប់ តាមឆ្នេរសមុទ្រតំបន់ចុងអូរឈើទាល
0 Comments