បាត់ដំបង ៖ មានការរអ៊ូរទាំយ៉ាងខ្លាំងពីសំណាក់ប្រជាកសិករដែលបានដឹកនាំកសិផលយកទៅលក់ឲ្យក្រុមហ៊ុនធំ ដោយបានគិតថា ក្រែងលោបានកម្រៃជាងទីតាំងឯកជនតូចតាច តែទីបំផុតត្រូវចំណាយពេលរាប់ថ្ងៃក្នុងការដេករង់ចាំដល់លេខរៀងដែលត្រូវគេហៅជូនអាចធ្វើឲ្យស្រូវធ្លាក់គុណភាពក៏ថាបាន ដោយសារតែស្រូវសើម ហើយត្រូវច្រកក្នុងការុងជាប់រហូត។
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ កម្ពុជាថ្មីបានទទួលដំណឹងថា នៅក្នុងទីតាំងរោងម៉ាស៊ីនដ៏ធំមួយរបស់ក្រុមហ៊ុនចិន ដែលមានយីហោ ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង គឺមានការកកស្ទះនូវមធ្យោបាយដឹកស្រូវរបស់ប្រជាកសិករជាច្រើន ដែលបាននាំគ្នាដឹកស្រូវយកមកលក់ឲ្យក្រុមហ៊ុននេះ ដោយមានខ្លះរង់ចាំរហូតដល់៣ថ្ងៃឯណោះ ទម្រាំគេហៅឲ្យយកស្រូវទៅថ្លឹងសឹងតែស្រូវរបស់ពួកគាត់ខូចអស់ទៅហើយ។
បើតាមការលួចបង្ហើបពីអ្នកដែលមានមុខរបរជាអ្នកទិញស្រូវដែរនោះបានប្រាប់កម្ពុជាថ្មីថា ភាគច្រើនគំនិតរបស់ក្រុមហ៊ុនធំៗ គឺគេបានធ្វើការអំពាវនាវឲ្យប្រជាកសិករនាំយកកសិផលមកលក់ឲ្យគេក្នុងតម្លៃខ្ពស់ លុះនៅពេលដែលប្រជាកសិករបាននាំស្រូវយកមក គឺត្រូវក្រុមហ៊ុនប្រើវិធីសាស្ត្រជាច្រើនក្នុងការទាញឲ្យតម្លៃស្រូវនោះចុះថោកមកវិញ ដូចជាថ្លឹងមិនទាន់ ត្រូវដេករង់ចាំសិន ស្រូវដឹកមកច្រើនពេក ស្រូវសើមខ្លាំងពេក ស្រូវមានគុណភាពអន់ជាដើម។ល។ បញ្ហានេះហើយដែលធ្វើឲ្យប្រជាកសិករដាច់ខាតត្រូវតែលក់ បើទោះបីជាខុសត្រូវបន្តិចបន្តួចយ៉ាងណាក៏ដោយ គឺពួកគាត់មិនសុខចិត្តដឹកស្រូវទាំងនោះត្រឡប់ទៅផ្ទះវិញជាដាច់ខាត ប៉ុន្តែបើរោងម៉ាស៊ីនតូចតាច ពេលដឹកទៅដល់ បើស្រូវនោះមានគុណភាពល្អ គឺគេនឹងចាត់ចែងថ្លឹងភ្លាម ដោយមិនទុកយូរឡើយ។
ទន្ទឹមនឹងនេះដែរ ក៏មានប្រជាពលរដ្ឋជាច្រើនមានការធុញទ្រាន់យ៉ាងខ្លាំងអំពីការនាំស្រូវយកមកលក់ឲ្យក្រុមហ៊ុននេះ ព្រោះត្រូវខាតបង់ទាំងពេលវេលា ក៏ដូចជាខាតបង់នូវថវិកាផងដែរ ព្រោះបានថោកហើយ ត្រូវចំណាយពេលដេកចាំថែមទៀត ហើយបើពួកគាត់មានស្រូវច្រើននោះក៏មិនថាអីដែរ តែពេលនេះអ្នកខ្លះមាន១តោន ឬ២តោនយកមកលក់ គឺត្រូវខាតបង់ពេលវេលាច្រើនណាស់ ។
នៅល្ងាចថ្ងៃដដែល តំណាងក្រុមហ៊ុនមួយរូបបានលើកឡើងបញ្ជាក់ថា ធាតុពិត គឺស្រូវមានការកកស្ទះមែន ព្រោះវាដល់រដូវហើយ ដូច្នេះអ្នកណាក៏សម្រុកដឹកមកដែរ ដែលធ្វើឲ្យមានការថ្លឹងមិនទាន់ ទើបមានការយឺតយ៉ាវ ដោយដំបូងនេះក្រុមហ៊ុនទិញយកតែស្រូវ២ប្រភេទតែប៉ុណ្ណោះ គឺផ្ការំដួល និងផ្កាម្លិះ ព្រោះអង្ករ២ប្រភេទនេះត្រូវការនាំចេញទៅក្រៅប្រទេស ដោយឡែកស្រូវប្រភេទផ្សេងៗទៀត ក៏ទិញដែរ តែទិញនៅពេលក្រោយ ដូចជានាងខុន ផ្កាស្លា និងផ្កាខ្ញី កន្លះខែទៀតទើបដល់រដូវប្រមូលផល ចំណែកកំពីងពួយនៅមួយខែទៀតទើបដល់។
ទោះបីជាមានការបកស្រាយពីតំណាងក្រុមហ៊ុនបែបណាក៏ដោយ ក៏ប្រភពជាច្រើនបាននិយាយថា វាគេចមិនផុតទេរាល់បញ្ហានេះ ព្រោះជាក់ស្ដែងបើអ្នកដែលនាំស្រូវមកលក់នោះស្គាល់គ្នា គឺមិនបាច់ចាំតាមលេខរៀងនោះឡើយ ហើយបើកសិករមានស្រូវតែបន្តិចបន្តួចគឺកាន់តែយូរថែមទៀត ដូច្នេះតម្លៃស្រូវកាន់តែចុះថោក គឺគួរណាស់តែក្រសួងពាក់ព័ន្ធដកកម្លាំងតាមដាន និងពិនិត្យមើលឲ្យបានម៉ត់ចត់បន្តិចអំពីបញ្ហានេះ ព្រោះកសិផលបានមកពីកសិករ ដូច្នេះគួរណាស់តែយកចិត្តទុកដាក់ខ្លះដល់ពួកគាត់ ធ្វើយ៉ាងណាកុំឲ្យអ្នកមានលុយជាន់កសិករខ្លាំងពេក៕
ការថ្ងួចថ្ងូររបស់កសិករក្នុងការនាំស្រូវទៅលក់ឲ្យក្រុមហ៊ុនធំៗ ត្រូវចំណាយពេលដេកចាំរាប់ថ្ងៃ
0 Comments