Ad Code

ស្វាយរៀង​អែ​ហ្វ​ស៊ី និង​ក្រសួងការពារជាតិ ធ្វើដំណើរ​ប្រកួត​នៅ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ច័ន្ទ​ខាងមុខ

ក្រុមបាល់ទាត់​ស្វាយរៀង​អែ​ហ្វ​ស៊ី និង​ក្រុម​ក្រសួងការពារជាតិ ដែល​ជា​សមាជិក​ក្នុង​លី​ក​កំពូល​កម្ពុជា (Metfon Cambodian League 2015) នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម ថ្ងៃ​ច័ន្ទ ទី ២៣ ខែ វិច្ឆិកា ដើម​សប្ដាហ៍​ក្រោយ ដើម្បី​ត្រៀម​ប្រកួត​ពានរង្វាន់​អន្តរជាតិ​មួយ​ទីនោះ ក្នុងអំឡុង​សម្រាក​ត្រៀម​ទទួល​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៦​មកដល់។


មុន​ចេញដំណើរ​នេះ​ ក្រុម​ទាំង​២ បាន​ប្រកួត​មិត្តភាព​ជាមួយគ្នា​ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី១៩​ខែ វិច្ឆិកា ឆ្នាំ ២០១៥ កន្លង​ទៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្ដា​ត​ចាស់​)  ហើយ​ជា​លទ្ធផល​ស្វាយរៀង​អែ​ហ្វ​ស៊ី បាន​យកឈ្នះ​ក្រសួងការពារជាតិ ដោយ​លទ្ធផល ៣ ទល់ ២។


យោង​តាម​ថ្នាក់ដឹកនាំ​ក្រុម​ទាំង​២ ​បាន​ឲ្យ​ដឹង​ថា ក្រុម​នឹង​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ទីក្រុង​ហូជីមិញ នៅ​វេលា​ម៉ោង ៧ ព្រឹក ខណៈ​ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី នឹង​ដឹង​នាំ​ដោយ​លោក សំ វ៉ាន់​ដេ​ត ហើយ​ក្រុម​ក្រសួងការពារជាតិ ដឹកនាំ​ដោយ​លោក ទេព ឡុង​រចនា​។


កីឡាករ​សំខាន់ៗ​ដូចជា ឈិន ឈឿន​, ច្រឹង ពលរដ្ឋ​, កែ វណ្ណៈ​, ខែ​ក ខេមរិន្ទ​, ពុំ ដា​រាំង​, រឿ​ម ចាន់​រឿន​, ទូច រ៉ូ​ម៉ា​, អ៊ុំ សេរី​រ័ត្ន របស់​ក្លិប​ក្រសួងការពារជាតិ កីឡាករ ហួយ ផល្លី​ន​, ផាន់​នី អ៊ី​រដ្ឋា​, នេន សុធា​រ័ត្ន​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ណុប តុលា​, សំអឿន ពិដោរ​, សឿ​យ វិសាល របស់​ក្លិប​ស្វាយរៀង សុទ្ធតែ​អវត្តមាន​ក្នុង​ការ​ប្រកួត​នេះ ព្រោះ​ជា​ធ្វើដំណើរ​ទៅ​ប្រកួត​ក្នុង​ពាន​អាស៊ាន​-​ចិន 015 Yunnan-ASEAN International Football Open Tournament នៅ​ប្រទេស​ចិន ជាមួយ​ក្រុម ជម្រើសជាតិ។


ពានរង្វាន់​ដែល​ក្លិប​ទាំង​២​គ្រោង​ចូលរួម​នោះ​គឺ​បង្កើត​ឡើង​ដើម្បី​រំលឹក​ខួប​កងទ័ព និង​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម ដែល​រៀបចំឡើង​នៅ​ទីក្រុង​ហូជីមិញ ដោយមាន​ការប្រកួត​បា​ល់​ទាត់ ផង​និង​បាល់ទះ​ផង​។ សម្រាប់​បាល់ទាត់​មាន​ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី ជាមួយ​ក្រសួងការពារជាតិ ខណៈ​បាល់ទះ​មាន​ក្រុម​បាល់ទះ​នៃ​ក្រសួងមហាផ្ទៃ និង​ក្រុម​ក្រសួងការពារជាតិ ចូលរួម​ផងដែរ។


សម្រាប់​វិញ្ញាសា​បាល់ទាត់​មាន​ក្រុម​ចូលរួម​ចំនួន​៤ រួមមាន​ក្រុម មកពី បាល់ទាត់​ភូមិភាគ​៧ សហព័ន្ធ​ចំការកៅស៊ូ​វៀតណាម បូក​ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី និង​ក្រុម​ក្រសួងការពារជាតិ របស់​កម្ពុជា​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​ថ្នាក់ដឹកនាំ​ក្លិប​ទាំង​២។


ការប្រកួត​ត្រូវធ្វើ​នៅ​ថ្ងៃទី​៥​ខែ ធ្នូ ខាងមុខ​នោះ​ទេ ប៉ុន្តែ​ដោយ​កម្មវិធី​ជាន់គ្នា​ពានរង្វាន់​នេះ​បាន​លើ​មក​ធ្វើ​នៅ​ថ្ងៃទី ២៥​ខែ វិច្ឆិកា ឆ្នាំ ២០១៥ វិញ ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំងអស់​ធ្វើដំណើរ​ទៅដល់​នៅ​ថ្ងៃទី ២៣ វិច្ឆិកា ហើយ​នៅ​ថ្ងៃទី ២៤ វិច្ឆិកា ប្រជុំ​ក្រុម​។ នេះ​ជា​ដំណើរការ​ចេញទៅ​ប្រកួត​កម្ដៅ​សាច់ដុំ​របស់​ក្រុម​ក្នុង​លី​ក​កំពូល​កម្ពុជា អំឡុង​ពេល​សម្រាក​ចន្លោះ​រដូវ​កាល​២០១៥ និង​ដើមរដូវ​កាល​២០១៦ មកដល់​នៅ​ដើមឆ្នាំ​ក្រោយ។


សូម​រំលឹក​ថា សម្រាប់​ក្លិប​ស្វាយរៀង​អែ​ហ្វ​ស៊ី បាន​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ ៦ ក្នុងចំណោម ១២ ក្រុម​ក្រោយ​ប្រកួត ២២ លើក​ឈ្នះ ១០ ស្មើ ៥ និង​ចាញ់ ៧ លើក​មាន ៣៥ ពិន្ទុ ខណៈ​ក្រុម​ក្រសួងការពារជាតិ ឈរ​ចំណាត់ថ្នាក់​លេខ​៥ មាន​៣៨​ពិន្ទុ ក្រោយ​ប្រកួត​២២ លើក​ឈ្នះ​បាន ១២ ស្មើ ២ និង​ចាញ់ ៨ លើក៕


T-11-21-15-b-full



ស្វាយរៀង​អែ​ហ្វ​ស៊ី និង​ក្រសួងការពារជាតិ ធ្វើដំណើរ​ប្រកួត​នៅ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ច័ន្ទ​ខាងមុខ

Post a Comment

0 Comments

Close Menu