Ad Code

ចិន​ ​បង្ក្រាប​បណ្ដាញ​ធនាគារ​រកស៊ី​លួចលាក់​ខុសច្បាប់​ ដែល​កាន់កាប់​ប្រាក់ ៦៤ពាន់​លាន​ដុល្លារ

ប្រទេស​ចិន​ ​បាន​និយាយថា ​ខ្លួន​បាន​បង្ក្រាប​បណ្ដាញ​ធនាគារ​រកស៊ី​លួចលាក់​ខុសច្បាប់​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​របស់ខ្លួន ដែល​បាន​កាន់កាប់​ប្រាក់​ចំនួន ៤១០ពាន់​លាន​យ័ន​ (៦៤ ពាន់​លាន​ដុល្លារ​) ​នៅក្នុង​ការជួញដូរ​រូបិយប័ណ្ណ​បរទេស​ខុសច្បាប់​។ ​ការ​បំបែក​ការរកស៊ី​ខុសច្បាប់​នេះ ​ដែល​ត្រូវបាន​រាយការណ៍ កាលពី​ថ្ងៃ​សុក្រ​ ដោយ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នោះ​​បានកើត​ឡើង​ ខណៈដែល​ក្រុង​ប៉េកាំង​ ​បាន​ខិតខំ​ទប់​ការហូរ​ចេញ​មូលធន​ខុសច្បាប់ និង​ការប្រយុទ្ធ​នឹង​អំពើពុករលួយ​។



​យោងទៅតាម​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ​ធនាគារ​បាន​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស ​ដោយ​ប្រើប្រាស់​គណនី​របស់​មនុស្ស​ដែល​មិន​រស់នៅ​ជា​អចិន្ដ្រៃយ៍ ​(non-resident) ​ដោយ​ធ្វើ​សកម្មភាព​ក្នុងពេល​មានការ​ចន្លោះប្រហោង​ក្នុងការ​ត្រួតពិនិត្យ​តាមផ្លូវ​ច្បាប់​ និង​ពង្វាង​ដាន​ក្នុងពេលដែល​អាជ្ញាធរ​មាន​ការ​ធ្វេសប្រហែស។ ​កាសែត​ People’s Daily បាន​និយាយថា​ មនុស្ស​ជាង ៣៧០នាក់​​ត្រូវបាន​ចាប់ឃុំខ្លួន ​និង​ដាក់ទោស​នៅក្នុង​ករណីនេះ​។​ កាសែត​នេះ​បាន​បន្ដថា ​មនុស្ស​មួយចំនួន​ត្រូវ​ប្រឈម​នឹង​ការប្ដឹង​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​។



​កាសែត​ People’s Daily បាន​រាយការណ៍​ទៀតថា​ ប្រទេស​ចិន ​បានចាប់ផ្ដើម​ឆ្មក់​ឆែកឆេរ​ធនាគារ​ធ្វើ​អាជីវកម្ម​លួចលាក់​ខុសច្បាប់ នៅក្នុង​ខែមេសា​។ ​ចាប់តាំងពី​ពេលនោះ​មក​ ពួកគេ​បាន​បញ្ចេញ​ឲ្យ​ដឹងថា ​ពួកគេ​បាន​រកឃើញ​ជាង​១៧០ ករណី​​នៃ​សកម្មភាព​លាងលុយកខ្វក់ ​និង​ការផ្ទេរ​មូលនិធិ​ខុសច្បាប់ ដែលមាន​ទឹកប្រាក់​សរុប​ជាង ៨០០ពាន់​លាន​យ័ន​​ស្មើនឹង​ ១២៥.៣៤ ពាន់​លាន​ដុល្លារ​។ ​ប៉ូលិស​បាន​បិទ​ធនាគារ​ចំនួន ៣៧ ។



​ចិន​ មានការ​ត្រួតពិនិត្យ​រូបិយប័ណ្ណ​យ៉ាង​តឹងរ៉ឹង ដោយបាន​កម្រិត​ឲ្យ​បុគ្គល​ទាំងឡាយ​ប្ដូរប្រាក់​បាន​ចំនួន ៥០,០០០​ដុល្លារ ​ក្នុង​មួយឆ្នាំ​ ប៉ុន្ដែ​ប្រាក់​ទាំងនេះ​ត្រូវបាន​ធនាគារ​ផ្ទេរ​គេចវេះ​ដោយ​ខុសច្បាប់។ ​មន្ដ្រី​ចិន​ ​បាន​និយាយថា​ បញ្ហា​ធនាគារ​ជួញដូរ​រូបិយ​ប័ណ្ណ​លួចលាក់​ខុសច្បាប់ ​កំពុងតែ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​យ៉ាង​តឹងតែង​កាន់តែខ្លាំង​ឡើង​។​ ​ពួកគេ​ព្រួយបារម្ភ​ថា​ បណ្ដាញ​ធ្វើ​ប្រតិ​ប​ត្ដិ​ការ​លួច​លាក់​បែបនេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​មន្ដ្រី​ពុករលួយ​​ក្រុម​ឧក្រិដ្ឋជន​ ​និង​ភេរវជន ​នៅក្នុង​ការលាង​លុយកខ្វក់ ហើយ​មន្ដ្រី​ទាំង​នោះបាន​បន្ថែមថា​ ការហូរ​ចេញ​មិន​ផ្លូវការ​នូវ​រូបិយប័ណ្ណ​ដ៏​ច្រើន​សម្បើម​នេះ​បានធ្វើ​ឲ្យ​អន្ដរាយ​ដល់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ចិន​។



​ជនសង្ស័យ​ប្រហែល ១០០នាក់​​ពី​ក្រុម​ឧក្រិដ្ឋជន ដែល​គេ​សង្ស័យ​ចំនួន ៨ ក្រុម​​ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​អំឡុង​ការស៊ើបអង្កេត ដែល​បានចាប់ផ្ដើម​កាលពី​ឆ្នាំកន្លងមក​។ ​យោងទៅតាមប៉ូលិសបាន​ឲ្យ​ដឹង​ថា ក្រុម​ឧក្រិដ្ឋ​ជន​ទាំងនេះ​ ត្រូវបាន​ដឹកនាំ​ដោយ​មេដឹកនាំ​ឧក្រិដ្ឋកម្ម ដែល​បានធ្វើ​ប្រតិ​ប​ត្ដិ​ការ​ក្រុមហ៊ុន Shell ជាង ១០ នៅ​ហុងកុង​។ ​ក្រុមហ៊ុន​ទាំងនេះ​ត្រូវបាន​គេ​រាយការណ៍​ថា ​មាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការជួញដូរ​រូបិយប័ណ្ណ​បរទេស ​និង​ការលាង​លុយកខ្វក់​។



​ ​មេដឹកនាំ​ឧក្រិដ្ឋជន​ម្នាក់​ ​បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​ថា ​អតិថិជន​ជាច្រើន​ចង់​ចៀសវាង​ការត្រួតពិនិត្យ​ដ៏​តឹងរ៉ឹង​របស់​ចិន​ ទៅលើ​ការជួញដូរ​រូបិយប័ណ្ណ​បរទេស ​ម៉្លោះហើយ​ក្រុម​ឧក្រិដ្ឋជន​អាច​រកបាន​ ៥០,០០០ យ័ន (៧,៨៣៤​ដុល្លារ​) នៅ​​ក្នុង​មួយថ្ងៃ​​ដោយសារ​បញ្ហា​នេះ​៕


VOA, RT




ចិន​ ​បង្ក្រាប​បណ្ដាញ​ធនាគារ​រកស៊ី​លួចលាក់​ខុសច្បាប់​ ដែល​កាន់កាប់​ប្រាក់ ៦៤ពាន់​លាន​ដុល្លារ

Post a Comment

0 Comments

Close Menu