បាត់ដំបង ៖ មន្ត្រីនគរបាលមួយរូប នៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ដែលបានចូលនិវត្តន៍ ព្រមទាំងមានជំងឺប្រចាំកាយផងនោះ ត្រូវបានលោកអធិការ លោកអធិការរង ព្រមទាំងមន្ត្រីនគរបាលនៅទូទាំងស្រុកចូលរួមសហការគ្នាជាថវិកា រួមទាំងគ្រឿងឧបភោគបរិភោគយកទៅផ្តល់ជូន ស្របពេលដែលមន្ត្រីនគរបាលរូបនោះកំពុងតែប្រឈមនឹងការខ្វះខាត ឯជំងឺក៏កំពុងតែយាយីលើរាងកាយផងដែរ។
លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឬស្សីបានឲ្យកម្ពុជាថ្មីដឹងថា ដោយមើលឃើញនូវការលំបាកវេទនារបស់មន្ត្រីនគរបាលមួយរូបដែលបានចូលនិវត្តន៍ទៅហើយ ថែមទាំងមានជំងឺប្រចាំកាយផងនោះ ទើបលោកបានធ្វើការអំពាវនាវដល់បណ្ដានគរបាលទាំងអស់នៅទូទាំងស្រុក ដែលមានសន្ដានចិត្តជួយដល់មន្ត្រីនគរបាលមួយរូបដែលមានឈ្មោះ ឆន ឌិន អាយុជាង៦០ឆ្នាំ។
ក្នុងការដឹកនាំកម្លាំងចំនួន២១រូប ដើម្បីចុះសួរសុខទុក្ខ និងការនាំយកអំណោយទៅចែកជូនដល់មន្ត្រីនគរបាលដែលបានចូលនិវត្តន៍ គឺបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង២និង១៥នាទីរសៀល ត្រង់ចំណុចភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយក្នុងនោះរួមមាន លោកវរសេនីយ៍ត្រី ឌឿន សម្បត្តិ អធិការរងទទួលការងារសណ្ដាប់ធ្នាប់ និងលោកស្រីអធិការរង លោក ចន្ថង ព្រមទាំងមន្ត្រីនគរបាលក្រោមឱវាទជាច្រើនរូប ។
លោក ឌឿន សម្បត្តិ បានលើកឡើងថា អំណោយទាំងអស់នោះរួមមាន ថវិកាចំនួន២០ម៉ឺនរៀល អង្ករ១០០គីឡូក្រាម មី៦កេះ ទឹកក្រូច២កេះ ទឹកត្រឡាច១កេះ ទឹកបរិសុទ្ធវីតាល់១កេះ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប៊ីចេង១ថង់ ស្ករសមួយគីឡូក្រាម និងខ្ទឹមស១គីឡូក្រាម ដែលអំណោយទាំងនេះគឺបានមកពីការចូលរួមសហការគ្នារបស់កម្លាំងនគរបាលនៅទូទាំងស្រុកមោងឬស្សី។
នៅពេលនោះដែរ ទាំងមន្ត្រីនគរបាលដែលបានចូលនិវត្តន៍ ក៏ដូចជាក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់មន្ត្រីនគរបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ និងគិតគូរដល់សុខភាពរបស់ក្រុមគ្រួសារគាត់ ក្នុងពេលដែលជួបនឹងការខ្វះខាត និងជំងឺដែលកំពុងតែយាយីមកលើរាងកាយនាពេលនេះ៕
មន្ត្រីនគរបាលចូលនិវត្តន៍ទទួលអំណោយពីអធិការស្រុកមោងឬស្សី
0 Comments