ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានចុះធ្វើការត្រួតពិនិត្យជនបរទេស ដែលកំពុងលួចស្នាក់នៅដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ឃាត់បានជាតិនីហ្សេរីយ៉ា ៤៥នាក់ នាំទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះល្វែង ដែលមាន យីហោ ការងារគ្រឹះស្ថានដំណឹងល្អអន្តរជាតិ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលឃាត់ បានបុរសជនជាតិនីហ្សេរីយ៉ាចំនួន ៤៥នាក់។
លោកឧត្តមសេនីយ៍ប្រាប់បន្តឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ាទាំង ៤៥នាក់ នេះ បានសំងំលួចលាក់ស្នាក់នៅដោយខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអ្នកខ្លះទិដ្ឋាការហួសសុពលភាព និងមួយចំនួនទៀត មានការកោសលប់ត្រាចេញចូល។ ដោយឡែកការឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ទាង៤៥ នាក់ នេះ គឺកម្លាំងរបស់លោកធ្វើការតាមដាន ស្រាវជ្រាវអស់រយៈពេលពីរសប្តាហ៍ ទើបក្តាប់មុខសញ្ញាបានជាក់លាក់ ឈានដល់ការឃាត់ ខ្លួន នាំទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ចាត់ការតាមនីតិវិធី។លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រាប់បញ្ជាក់ឲ្យដឹងថា សម្រាប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥នេះ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនបរទេស សរុបចំនួន ២៣៣ នាក់ (ស្រី ចំនួន ២៣ នាក់) ក្នុងនោះជនជាតិវៀតណាម ចំនួន១៥ នាក់ (ស្រី ចំនួន ៤ នាក់) ឃាត់មកពីខេត្ត សៀមរាប ពីបទ លួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ជនជាតិនីហ្សេរីយ៉ា ចំនួន ៤៥ នាក់ (ប្រុស) ឃាត់នៅសង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ពីបទល្មើស លួចស្នាក់នៅលើសទិដ្ឋាការ លិខិតឆ្លងដែនក្លែងក្លាយ កោសលប់ ក្លែងត្រាចេញចូលប្រទេស។ ជនជាតិពីលីពីន ចំនួន ៥ នាក់ (ប្រុស) ឃាត់ខ្លួនពីខេត្តស្វាយរៀង ពីបទ គ្មានលិខិតឆ្លងដែន និងធ្វើអោយខូចច្បាប់សាធារណៈ និងសង្គម ។ ជនជាតិចិនចំនួន ១៦៨ នាក់ (ស្រីចំនួន ១៩ នាក់) ឃាត់ខ្លួនពីខេត្ត ព្រះសីហនុ បទល្មើស VOIPជំរិតទារប្រាក់តាម Internet។
សូមបញ្ជាក់ឲ្យដឹងថា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នេះផងដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញចេញជនបរទេស ចំនួន ១០នាក់ ក្នុងនោះ ជនជាតិវៀតណាម ចំនួន ៨ នាក់ (ស្រី ២នាក់) តាមច្រកទ្វារអន្តរជាតិក្អមសំណរ។ ជនជាតិ កូរ៉េ ១ នាក់ (ប្រុស) និងជនជាតិពីលីពីន ចំនួន ១ នាក់ (ប្រុស) តាមច្រកទ្វារអាកាសអន្តរជាតិ ភ្នំពេញ។ ជនបរទេសទាំងនេះជាប់ចោទពីបទ លួចស្នាក់នៅដោយខុសច្បាប់លើសទិដ្ឋាការ និងគ្មានលិខិតឆ្លងដែនត្រឹមត្រូវ ឃាត់បានពីខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប៕
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា៤៥នាក់ លួចស្នាក់នៅក្នុងប្រទេសកម្ពុជាហួសទិដ្ឋាការកំណត់
0 Comments