Ad Code

ពលរដ្ឋ​២​ភូមិ​បាន​យក​លូ​បិទផ្លូវ​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ដឹក​ដីខ្សាច់​បើក​ឆ្លងកាត់

សៀមរាប ៖ ពលរដ្ឋ​ក្នុងភូមិ​តានី ឃុំ​រុន​តា​ឯក និង​ភូមិ​ស្នា​សង្គ្រាម​ឃុំ​បា​ល័​ង្គ​បាន​នាំ​គ្នា​យក​លូ​ចំនួន​៤​កំណាត់​មក​ដាក់​បិទផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ឡាន​ដឹក​ខ្សាច់​និង​អាជ្ញាធរ​អប្សរា​ដោះស្រាយ​បញ្ហា​មួយចំនួន​ឲ្យ​ពួកគាត់។


ហេតុ​ការណ៍​បិទ​ផ្លូវ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​ក្នុងភូមិ​តានី​ឃុំ​រុន​តា​ឯក​ស្រុក​បន្ទាយស្រី​ដោយមាន​ក្រុម​អ្នកភូមិ​អាជ្ញាធរ​មូលដ្ឋាន​និង​ម្ចាស់​ក្រុមហ៊ុន​បូម​ខ្សាច់​បាន​កំណត់​ជួបជុំគ្នា​ដើម្បី​ដោះស្រាយ​ដែល​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​៦៧​ក្នុង​ឃុំ​រុន​តា​ឯក ឆ្ពោះទៅ​កាន់​ផ្លូវ​ម៉ា​ឡេ​ត្រង់ចំណុច​ភ្នំ​តា​ពុត ហើយ​ផ្លូវ​សេដ្ឋកិច្ច​មួយ​សម្រាប់​ពលរដ្ឋ​ទាំង​២​ឃុំ​ខាងលើ​នេះ។


ទោះបីជា​យ៉ាងនេះ​ក្តី​ការ​ជួបគ្នា​អស់​រយៈពេល​ជាច្រើន​ម៉ោង​ដោយ​លោកស្រី​អេង​សុខ​ហ្កិ​ច​ម្ចាស់​ក្រុមហ៊ុន​បូម​ខ្សាច់​បាន​យល់ព្រម​ទទួលយក​លក្ខខ័ណ្ឌ​៨​ចំណុច​ដែល​ក្រុម​អ្នកភូមិ​ទាមទារ​ក៏​ផ្លូវ​មួយ​ខ្សែ​នេះ​នៅតែ​មិនទាន់​បើក​ឲ្យ​ចរាចរ​ណ៍​ចំពោះ​ឡាន​ធុន​ធំ​នៅឡើយ​ទេ​។ មូលហេតុ​ដោយ​ក្រុម​អ្នកភូមិ​តម្រូវ​ឲ្យ​ខាង​អាជ្ញាធរ​អប្សរា​ដោះស្រាយ​ករណី​យក​គ្រឿងចក្រ​ទៅ​កាយ​ផ្តាច់​ផ្លូវ​ចូល​ទៅ​ស្រែ​និង​កាយ​ផ្តាច់​ទំនប់ទឹក​សម្រាប់​ធ្វើ​ស្រែ​របស់​ពួកគាត់​។ ពលរដ្ឋ​ម្នាក់​ឈ្មោះ​ហ៊ាន ហូ​ន​បាន​ឲ្យ​ដឹង​ថា ពួកគាត់​មក​បិទផ្លូវ​នេះ​គឺ​ដោយសារ​មានការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ និង​មានការ​ព្រួយ​ពី​សុវត្ថិភាព​កូនៗ​របស់​គាត់ ដែល​ធ្វើដំណើរ​ទៅ​រៀន​និង​ជាពិសេស​ព្រួយបារម្ភ​ពី​សុខភាព បន្ទាប់ពី​ទទួល​រង​នូវ​ធូលី​ហុយ​ដី​ជាប្រចាំ​។


ពលរដ្ឋ​ដដែល​បន្ត​ថា ពួក​គាត់​ស្នើ​ឲ្យ​អាជ្ញាធរ ជួយ​រក​ដំណោះស្រាយ​ទាំង​៨​ចំណុច​នោះ​ផង។ លោក​គុយ​វ៉ៃ​មេឃុំរុន​តា​ឯក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៤​នេះ​ថា នៅ​ថ្ងៃ​ដដែល​ពុំ​មាន​ខាង​អាជ្ញាធរ​អប្សរា ចូលរួម​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ​តែ​លោក​មេឃុំ​អះអាង​ថា លោក​ព្យាយាម​ទំនាក់ទំនង​ទៅខាង​អប្សរា ទោះជា​គ្មាន​លទ្ធផល។


លោក​ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា​បាន​មាន​ប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​០៤​នេះ​ថា ការងារ​របស់​ភូមិ​តានី គឺ​មិន​មាន​អ្វី​ប៉ះពាល់​ដល់​ភូមិ​ធម្មជាតិ​ដែល​គ្រប់​គ្រង​ដោយ​អាជ្ញាធរ​អប្សរា នោះទេ។


លោក​បន្ត​ថា ការ​ដឹក​ដី​របស់​ក្រុមហ៊ុន​ឯកជន​គឺជា​រឿង​របស់​អាជ្ញាធរ​មូលដ្ឋាន​វា​មិនមែន​ជា​តួនាទី​របស់​អាជ្ញាធរ​អប្សរា​នោះ​ទេ​។ លោក​បញ្ជាក់​ថា ការងារ​របស់ អាជ្ញាធរ​អប្សរា​គឺ​មានតែ​ជួយ​ជួសជុល​និង​អភិរក្ស​នៅ​តាម​ផ្លូវ​នៅ​តំបន់​នោះ​ថែមទៀត។


យ៉ាងនេះ​ក្តី​រហូត​មក​ទល់​ពេលនេះ​នៅ​មិន​មាន​ចំណាត់ការ​ណាមួយ​ជូន​ពលរដ្ឋ​នៅឡើយ ហើយ​ពលរដ្ឋ​ក៏​នៅតែ​បន្ត​បិទផ្លូវ​លំ​នេះ​ដដែល​៕


T-11-04-15-rrr-fullT-11-04-15-rr-fullT-11-04-15-r-full



ពលរដ្ឋ​២​ភូមិ​បាន​យក​លូ​បិទផ្លូវ​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ដឹក​ដីខ្សាច់​បើក​ឆ្លងកាត់

Post a Comment

0 Comments

Close Menu