Ad Code

អគ្គិភ័យនៅ​ក្លិប​កម្សាន្ត​ក្រុង Bucharest ក្លាយ​ទៅ​ជារឿង​នយោ​បាយ

មាន​មនុស្ស​ដល់​ទៅ​ជាង​២០០០០នាក់​ឯណោះ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង​ Bucharest កាល​ពី​ថ្ងៃ​អង្គារ​ ទាម​ទារ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​រូម៉ានី​ចុះ​ចេញ​(លាលែង)​ពី​តំណែង​ដោយ​សារ​តែ​អគ្គិ​ភ័យ​ឆាប​ឆេះ​ក្លិប​រាត្រី​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៣២​នាក់​នោះ។


ក្រុម​បាតុករ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​លាន​ Victory Square នៃ​ក្រុង​ Bucharest ដោយ​អំពាវ​នាវ​ដល់​នាយក​រដ្ឋ​មន្ត្រី​លោក Victor Ponta ចុះ​ចេញ​ពី​តំណែង​ ក៏​ដូច​ជា​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​លោក Gabriel Oprea ផង​ដែរ។


ក្រុម​ហែ​ក្បួន​បាតុកម្ម​ស្រែក​ថា “Ponta resign”(លោក​ប៉ុងតា ចុះ​ចេញ​ពី​តំណែង​ទៅ) និង​ស្រែក​ថា “ក្រុម​ឃាត​ក”(Killers)​ ហើយ​មាន​មួយ​ចំនួន​ទៀត​ថែម​ទាំង​គ្រវី​ទង់​ជាតិ​ ដោយ​មាន​និមិត្ត​រូប​នៃ​បដិវត្តន៍​កាល​ពី​២៥​ឆ្នាំ​មុន ដែល​បាន​ផ្តួល​រំលំ​ជន​ផ្តាច់​ការ​ Nicolace Ceausescu ទៀត​ផង។


ប្រធានាធិបតី​ Klaus Iohannis ដែល​ទើប​តែ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​វីរជន​២​នាក់​ នៅ​ក្នុង​អគ្គិ​ភ័យ​នោះ ​និង​បាន​ស្នើ​ឲ្យ​មាន​ការ​កែ​ទម្រង់​ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​សោកនាដ​កម្ម​ដូច​នេះ​កើត​មាន​ឡើង​ម្តង​ទៀត​នោះ​ បាន​លើក​សរសើរ​ចំពោះ​ការ​ជួប​ជុំ​ប្រមូល​ផ្តុំ​នេះ។


ទន្ទឹម​ពេល​ជា​មួយ​គ្នានេះ​​ផង​ដែរ លោក Ponta ដែល​មាន​អាយុ​៤៣​ឆ្នាំ​ ស្ថិត​នៅ​ក្រោម​សម្ពាធ​ឲ្យ​បោះ​បង់​ចោល​តំណែង បន្ទាប់​ពី​រូប​លោក​រង​ការ​វិនិច្ឆ័យ​កាល​ពី​ខែ​កញ្ញា​ដោយ​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ពី​ការ​លួច​បន្លំ​ការ​គេច​មិន​បង់​ពន្ធ​ព្រម​ទាំង​ការ​លាង​លុយ​កខ្វក់​ថែមទៀត​ផង។


នេះ​គឺ​សម្រាប់​គណ​បក្ស​សង្គម​ប្រជា​ធិបតេយ្យ​ ហើយ​ដែល​ប្រមុខ​រដ្ឋាភិ​បាល​នៃ​ប្រទេស​រូម៉ានី​ ស្ថិត​នៅ​ក្នុង​ពេល​បើក​សវនា​ការ​នៅ​ឯ​តុលា​ការ​ទៅ​ហើយ​ ដែល​នៅ​តែ​កាន់​តំណែង​ជា​ដដែល​នោះ។ ការ​ចោទ​ប្រកាន់​ គឺ​ធាក់​ថយ​ទៅ​ឆ្នាំ​២០០៧-២០១១ ​ពេល​ដែល​លោក Ponta នៅជា​មេធាវី​មួយ​រូប​នៅ​ឡើយ។ លោក​បាន​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ នៅ​ឆ្នាំ​២០១២៕


AFP



អគ្គិភ័យនៅ​ក្លិប​កម្សាន្ត​ក្រុង Bucharest ក្លាយ​ទៅ​ជារឿង​នយោ​បាយ

Post a Comment

0 Comments

Close Menu